CBI ៖ សហគ្រាស​អង់គ្លេស​រំពឹង​ថា​នឹងមាន​កំណើន​ផលិតកម្ម​នៅ​ចុងឆ្នាំ​2016

ប្រទេស​អង់គ្លេស ៖ ក្រុមហ៊ុន​អង់គ្លេស​គិត​ទុក​មុន​ថា ការ​នាំ​ចេញ​នឹង​មាន​កំណើន​នៅ​ចុងឆ្នាំ​២០១៦​នេះ បើ​ទោះជា​មានការ​អន់​ថយ​ក្នុង​រយៈពេល​៣​ខែ​រហូត​ដល់​ខែកញ្ញា​ក្តី ។ វា​ជា​មុខសញ្ញា​បង្ហាញ​ថា ប្រទេស​នេះ​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា បន្ទាប់​ពី​បាន​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

សហព័ន្ធ​ឧស្សាហកម្ម​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ស​ន្ទ​ស្សន៍​នៃ​ការ​ចង្អុលបង្ហាញ​ពី​ការ​លូតលាស់​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​មក​ស្មើនឹង​+៣ ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៦ ដែល​ធ្លាក់​ពី​+៨ ក្នុង​ត្រីមាស​ទី​២ ។

រង្វាស់​ខាងលើ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើនឡើង​នៃ​ផលិតកម្ម ព្រោះតែ​មានការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​អង់គ្លេស បន្ទាប់​ពី​ការ​បោះ​ឆ្នោត Brexit ។ ប៉ុន្តែ​ផ្នែក​សេវាកម្ម​បែរជា​គ្មាន​ការ​កើនឡើង​សោះ និង​បាន​ធ្លាក់​ចុះ​បន្តិចទៀត​ផង ។

ផ្ទុយ​ទៅ​វិញ ការ​ព្យាករ​សម្រាប់​ឆមាស​បន្ទាប់​បាន​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥​មក ជាមួយនឹង​ការ​គិត​ទុក​មុន​ថា នឹង​មាន​កំណើន​ក្នុង​គ្រប់​ផ្នែក​ទាំងអស់ ។

Newton-Smith ប្រធាន​អ្នក​សេដ្ឋកិច្ច​របស់ CBI និយាយ​ថា ៖ « សហគ្រាស​មាន​ជំនឿ​ចិត្ត​ថា ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ នឹង​មានការ​កើនឡើង​នៃ​សកម្មភាព » ។
គួរ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស ហាក់បីដូចជា​ប្រឆាំង​នឹង​ការ​ព្យាករ​ថា វា​នឹង​ធ្លាក់​ចុះ​ភ្លាម​ៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត Brexit ក្នុង​ខែមិថុនា ។

ប៉ុន្តែ​យ៉ាងណា​ក្តី CBI និយាយ​ថា ភាព​មិន​ប្រាកដប្រជា​លើ​រឿង​ទំនាក់ទំនង​នៅ​ថ្ងៃ​អនាគត​របស់​អង់គ្លេស​ជាមួយ​សហភាព​អឺរ៉ុប នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​លើ​គំនិត​សុទិដ្ឋិនិយម និង​គម្រោង​វិនិយោគ ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម និង​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច ។

លោក Newton-Smith បន្ត​ថា ផ្នែក​អាជីវកម្ម​ចង់​ដឹង​ឲ្យ​ច្បាស់លាស់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ ពួក​គេ​ក៏​ចង់​ឲ្យ​លោក Philip Hammond រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ប្រើប្រាស់​សេចក្តី​ប្រកាស​ពី​ថវិកា​ដំបូង​របស់​លោក ក្នុង​ថ្ងៃ​ទី​២៣ វិច្ឆិកា​ខាង​មុខ ដើម្បី​ប្រកាស​ពី​គោលនយោបាយ​ជំរុញ​ការ​វិនិយោគ​ទទួល​បានការ​លូតលាស់ និង​វិបុលភាព​សេដ្ឋកិច្ច ។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃអាទិត្យ ក៏​មានការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​គិត​ទុក​ថា ប្រាក់​ចំណូល​នឹង​កើនឡើង​ប្រមាណ​១,៥% ក្នុងឆ្នាំនេះ ។

ទោះជា​យ៉ាងណា Capital Economics SME Growth Tracker ដែល​ទទួល​ភារកិច្ច​ពី​សហគ្រាស​ពិគ្រោះ​យោបល់ Enterprise Nation និង Amazon UK បង្ហាញ​ថា ៤៣%​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​គិត​ថា សេដ្ឋកិច្ច​នឹង​អន់​ថយ​ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ ប៉ុន្តែ​២៤%​ទៀត​គិត​ថា នឹង​មានការ​រីក​ចម្រើន ៕