ភាគហ៊ុន​ឥណ្ឌូ​ណេ​ស៊ី​ខាតបង់​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ភាគហ៊ុន​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មានការ​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​សុក្រ ។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាស​ពី​ការ​ខាតបង់​ខ្លាំង​ជាងគេ​ប្រចាំ​ថ្ងៃ ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​មក​ហើយ បន្ទាប់​ពី​មានការ​ប្រកាស​ដំឡើង​ពន្ធ​បារី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​បារី ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌូ​ណេ​ស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​នឹង​ដំឡើង​ការ​យកពន្ធ​បារី​ជា​មធ្យម​១០,៥%​ក្នុង​ឆ្នាំ​ក្រោយ ហើយនឹង​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​ការ​ចែកចាយ​បារី​ខុសច្បាប់​ផង​ដែរ ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ការ​ព្រួយបារម្ភ​ទៅ​លើ​ធនាគារ Deutsche Bank បាន​បំភ័យ​វិនិយោគិន​លើ​ទីផ្សារ​ក្នុង​តំបន់ ជាមួយ​ភាគហ៊ុន​ហិរញ្ញវត្ថុ និង​ថាមពល​គ្មាន​ភាព​នឹងនរ ។

ភាគហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​បន្តិច ប៉ុន្តែ​កើនឡើង​០,៤៤% បើ​គិត​ក្នុង​ស​ប្តា​ហ៍​ទាំងមូល ។ Singapore Telecommunications Ltd និង Singapore Airlines Ltd គឺជា​ក្រុមហ៊ុន​ដែល​បាន​ខាតបង់​ច្រើន​ជាងគេ ។

ចំណែក​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​ផេ​សូ​របស់​ហ្វ៊ី​លី​ពី​ន បាន​ជំរុញ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​ក្នុង​ប្រទេស​នេះ​ប្រមាណ​១% ព្រោះតែ​មានការ​ខាតបង់​ផ្នែក​ទូរគមនាគមន៍ និង​វដ្ត​មិន​ទៀងទាត់​នៃ​អតិថិជន ។ ស​ន្ទ​ស្សន៍​ខាងលើ ក៏​បាន​ប្រកាស​ពី​ការ​ខាតបង់​អត្រា​ប្រចាំឆមាសខ្ពស់​ជាងគេ​ក្នុងឆ្នាំនេះ​ផង​ដែរ ។

តម្លៃ​ប្រាក់​ផេ​សូ​របស់​ហ្វ៊ី​លី​ពី​ន បាន​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​ក្នុង​រយៈពេល​១៦​ឆ្នាំ​កន្លង​មកនេះ ដោយ​មានការ​ព្រួយបារម្ភ​ថា គោលនយោបាយ​របស់​លោក​ប្រធានាធិបតី Duterte អាច​នឹង​បំភ័យ​វិនិយោគិន​បរទេស​ចេញពី​ប្រទេស ។

លោក Victor Felix អ្នកវិភាគ​នៃ AB Capital Securities ក្នុង​ក្រុង​ម៉ានីល និយាយ​ថា ៖ « វិនិយោគិន​មានការ​ព្រួយបារម្ភ​ពី​ការ​ថ្លែង​ក្នុង​ទំព័រ​មុខ​របស់​ប្រធានាធិបតី ។ ខ្ញុំ​ព្យាករណ៍​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ផេ​សូ នឹង​បន្ត​ទៀត » ។

ភាគហ៊ុន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធ្លាក់​ចុះ​១% ដែល​ជា​លទ្ធផល​នៃ​វដ្ដ​អតិថិជន និង​ហិរញ្ញវត្ថុ ។ ចំណែក​ប្រទេស​វៀតណាម​វិញ​បាន​ធ្លាក់​ចុះ​០,៤១% បន្ទាប់​ពី​កើនឡើង​៩​ថ្ងៃ​ជាប់​ៗ​គ្នា​មក ប៉ុន្តែ​បើ​គិត​ប្រចាំ​ស​ប្តា​ហ៍​វិញ គឺ​កើនឡើង​១,៧% ឯណោះ ៕