បោះពួយយ៉ាងលឿន ​ទៅ​បុកកម្មករស៊ិនទ្រី កំពុង​ប្រមូលសំរាម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្មករ​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី​ម្នាក់ ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់ដឹក​ចំណីសត្វ ​បុក​ស្លាប់​ភ្លាម​ៗនៅនឹងកន្លែង ខណៈ​កំពុង​ដើរ​ប្រមូល​សំរាម​តាម​ផ្ទះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ តុលា ២០១៦ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ខ្សែ​រថភ្លើង (​ភ្នំពេញ​-​កំពត​) លើ​ផ្លូវ​លេខ​១២៣K (​អូរ​ដឹ​ម​កប់​ស្រូវ​) ក្នុងភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យ៉េ​ង ង៉ែត អាយុ​២៣​ឆ្នាំ ជា​កម្មករ​ស៊ិ​ន​ទ្រី ចំណែកឯ​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ​ប៉ាក់ ពេជ្រ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វែង ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ បើករថយន្ត​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0809 បាន​ព្យាយាម​បើក តែ​ត្រូវ​ឃាត់​បាន​។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី ដែល​មានកម្ម​ករង​គ្រោះ​ បាន​ដើរ​យកសំ​រាម​តាម​ផ្ទះ ក្រោយពី​ភ្ជុំបិណ្ឌរួច ក្នុង​ដំណើរ​ពី​ជើង ​ទៅ​ត្បូង ។ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​បង្ក​ខាងលើ​ បោះពួយ​យ៉ាង​លឿន បាន​បុក​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង បណ្តាល​ស្លាប់​ភ្លាម​ៗតែម្តង ។ ក្រោយ​កើតហេតុ រថយន្ត​​នោះ​​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​រថយន្ត​ស៊ី​ន​ទ្រី​ ដេញ​តាម​ពីក្រោយ​រហូត​បាន​៣០០​ម៉ែត្រ ទើប​ចាប់​បាន ។