អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ ?

« គ្មាន​ភាព​លំបាក​សម្រាប់​ក្រុម​មនុស្ស​ដែល​ព្យាយាម »
ប្រយោគ​នេះ​ជា​ពាក្យ​ពេញ​និយម​ដែល​គេ​តែង​និយាយ​ក្នុង​ចំណោម​អ្នកធ្វើការ​ដើម្បី​ផ្តល់​កម្លាំងចិត្ត ឬ​សម្រាប់​លួងលោម​ខ្លួនឯង មិត្ត​រួមការ​ងារ និង​មនុស្ស​នៅ​ជុំវិញ ។
ពិត​ណាស់ ការ​ព្យាយាម​មិន​ធ្វើ​ឱ្យ​មនុស្ស​អត់​ស្លាប់​នោះ​ទេ

បច្ចុប្បន្ន ជា​សម័យ​បច្ចេកវិទ្យា និង​មានការ​ប្រកួតប្រជែង​ខាង​ធនធានមនុស្ស​គ្រប់ពេលវេលា​។ ប្រយោគ​នេះ​អាច​ប្រើ​បាន​គ្រប់​ស្ថានការណ៍​ក្នុង​សង្គម ត្រឹមត្រូវ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ ។ មនុស្ស​ភាគច្រើន​បាន​ព្យាយាម​ជាមួយនឹង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ខណៈ​ដែល​ពួក​គេ​រំពឹង​ថា នឹង​មាន​តួនាទី​ការងារ​ល្អ និង​ទទួល​បាន​ជោគជ័យ ។

ថ្ងៃនេះ យើង​មាន​គន្លឹះ​មួយ​ចំនួន​យក​មក​បង្ហាញ និង​ណែនាំ​អំពី​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ ។

១-​អភិវឌ្ឍន៍​ខ្លួន ៖
សិក្សា​ពី​គុណវិបត្តិ ការ​ធ្វេសប្រហែស និង​ចំណុចខ្លាំង​របស់​ខ្លួន​ជា​ប្រចាំ មិន​ថា​ជា​ឥរិយាបថ ឬ​សូ​ម្បី​តែ​វិធី​ក្នុង​ការ​បំពេញការងារ​ក្តី ។ ទ​ង្វើ​ណា​ដែល​ល្អ ត្រូវ​អនុវត្ត​បន្ត​ទៀត និង​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ល្អ​ឡើង ហើយ​ទ​ង្វើ​ណា​ជា​ចំណុចខ្សោយ ការ​ធ្វេសប្រហែស អ្នក​អាច​សិក្សា​រក​ចំណេះដឹង​ឱ្យ​ល្អ​ជាង​មុន ដែល​គួរ​អភិវឌ្ឍន៍​ជា​ប្រចាំ ។

២-​មាន​ជំនាញ​ច្រើន ៖
បច្ចុប្បន្ន គ្រប់​អង្គភាព ឬ​ក្រុមហ៊ុន​ទាំងអស់ គឺ​ត្រូវការ​បុគ្គលិក​ដែល​មាន​ជំនាញ​ច្រើន (Multi-Skills) ដើម្បី​ចូល​មក​អភិវឌ្ឍន៍​ក្រុមហ៊ុន និង​កែ​តម្រង់​ក្រុមហ៊ុន​ឱ្យ​ល្អ​ឡើង ។ ក្រៅពី​បុគ្គលិក​នោះ​មាន​សមត្ថភាព​ច្រើន​យ៉ាង​ហើយ ពួក​គេ​នឹង​មិន​បដិសេធ​នៅ​ពេល​គេ​ប្រគល់​ការងារ​ឱ្យធ្វើ​ឡើយ ព្រោះ​ជា​ពួក​គេ​អាច​អភិវឌ្ឍន៍​ខ្លួន និង​មិត្ត​រួមការ​ងារ​ជា​បន្តបន្ទាប់ ។ បុគ្គល​ទាំងនេះ​នឹង​មិន​បដិសេធ​ការ​រៀនសូត្រ​នូវ​អ្វី​ថ្មី​ៗ​នោះ​ទេ និង​តែង​ធ្វើខ្លួន​ដូច​ជា​កែវ​ដែល​មានទឹក​មិន​ពេញ ដោយ​ស្តាប់​មតិយោបល់ កែ​លម្អ​ផ្លាស់​ប្តូរ​គ្រប់ពេលវេលា ។

៣-​អត់ធ្មត់ ៖
កម្លាំង​នៃ​ភាព​ជោគជ័យ​ក្នុង​ការងារ គឺ​ការ​អត់ធ្មត់​ជាមួយនឹង​ស្ថានការណ៍​ផ្សេង​ៗ​ក្នុង​ទីកន្លែង​ការងារ មិន​ថា​ការងារ​ដែល​គេ​ប្រគល់​ឱ្យធ្វើ ឬ​ឥរិយាបថ​ដែល​មិនមែន​ជា​ការ​ចង់បាន​របស់​អ្នកគ្រប់គ្រង ឬ​មិត្ត​រួមការ​ងារ ។ មនុស្ស​ភាគច្រើន​អត់ធ្មត់​មិន​បាន​ជាមួយនឹង​ពាក្យ​សម្តី​ប្រមាថមើលងាយ រហូត​ដល់​លាឈប់​ពី​ការងារ​ភ្លាម​ៗ ដោយ​មិនដឹង​ថា រឿង​នោះ​ជា​ថ្នាំ​ពិស​ដែល​បំផ្លាញ​ខ្លួនឯង និង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ទទួល​ការងារ​ថ្មី ព្រោះ​ប្រវត្តិ​ធ្វើការ​មិនល្អ ដែល​មិន​អាច​ប្រឈម​មុខ​ជាមួយនឹង​ភាព​តានតឹង ឬ​ស្ថានការណ៍​ដ៏​សែន​អាក្រក់​នៅ​កន្លែងធ្វើការ​បាន​។ ចូរ​មាន​ភាព​អត់ធ្មត់ និង​រំងាប់​អារម្មណ៍ នោះ​អ្នក​នឹង​អាច​ប្រឈម​មុខជា​មួយ​បញ្ហា​ផ្សេង​ៗ​ដោយ​ជោគជ័យ ។

៤-​ទាក់ទាញ ៖
បុគ្គលិក​ដែល​មាន​ភាព​ខ្នះខ្នែង ចូល​ចិត្ត​រៀន​ពី​អ្វី​ដែល​ថ្មី​ៗ ហ៊ាន​ធ្វើ និង​ក្រេប​យកចំណេះ​ដឹង​(​ពី​សៀវភៅ​, អ្នក​នៅ​ក្បែរ​ខាង​, អីុន​ធើ​រ​ណេ​ត​) ហើយ​មក​អនុវត្ត​ក្នុង​ការងារ និង​ទទួល​ជោគជ័យ​នោះ រមែងតែ​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកគ្រប់គ្រង ក្រុមការងារ ឱ្យ​មើលឃើញ​ពី​ភាព​ឈ្លាសវៃ​របស់​ខ្លួន ។

បុគ្គលិក​ដែល​មាន​ជំនាញ និង​ភាព​ទាក់ទាញ អាច​ធ្វើ​ការងារ​ជា​ក្រុម និង​ធ្វើការ​តែ​ម្នាក់ឯង​បាន​ដោយ​គ្មាន​បញ្ហា ហើយ​ភាគច្រើន​បុគ្គលិក​ប្រភេទ​នេះ​តែង​មានការ​ខ្នះខ្នែង​, មក​ធ្វើការ​មុន​ម៉ោង​ជា​និច្ច​ដើម្បី​មានឱកាស​ស្រាវជ្រាវ និង​បំពេញ​ចំណេះដឹង ដោយ​ព្យាយាម​ធ្វើ​ការងារ​ឱ្យ​រួចរាល់ ឬ​ទាន់​តាម​ការ​កំណត់ ។

ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​ខ្វះ​ការ​ខ្នះខ្នែង និង​ភាព​ទាក់ទាញ គឺ​មិន​ចង់ឱ្យ​ថ្ងៃ​ធ្វើការ​មក​ដល់ និង​រង់ចាំ​ដល់​ម៉ោង​ចេញ ឬ​រង់ចាំ​ដល់​ចុង​ស​ប្តា​ហ៍ ។ ពួក​គេ​ធ្វើ​ការងារ​យឺតយ៉ាវ ហើយ​មិន​ចាប់អារម្មណ៍​ស្តាប់​អ្វី​ឡើយ ។ បុគ្គល​នេះ ពិតជា​មិន​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​យ៉ាង​ពិតប្រាកដ ។

៥-​ស្រឡាញ់​ការងារ ៖
អ្នក​ដែល​ស្រឡាញ់​ការងារ​កំពុង​ធ្វើ និង​ពិចារណា​ជា​និច្ច​ថា ការងារ​នោះ​មានគុណ​តម្លៃ​ច្រើន​ប៉ុនណា និង​ផ្តល់​នូវ​អ្វីខ្លះ ។ អ្នក​អាច​ធ្វើ​ចិត្ត​ឱ្យ​ស្រឡាញ់​ការងារ ព្រោះ​ពាក្យ​ថា ស្រឡាញ់ ជា​គ្រឹះ​នៃ​ភាព​ជោគជ័យ​គ្រប់យ៉ាង និង​ធ្វើ​ឱ្យ​អ្នកមាន​ក្តី​សុខ​ជាមួយ​វា ។

នៅ​ពេល​អ្នក​ស្រឡាញ់​ការងារ ឬ​ក៏​ស្រឡាញ់​ក្រុមហ៊ុន អ្នក​នឹង​មាន​ក្តី​សុខ​ជាមួយនឹង​ការងារ​នោះ បន្ទាប់​មក​នឹង​ធ្វើ​ឱ្យ​អ្នក​ព្យាយាម​រក​វិធី​ផ្សេង​ៗ​ដើម្បី​បំពេញ​នូវ​គុណ​តម្លៃ​របស់​ការងារ​គ្រប់ពេលវេលា ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ស្គាល់​នូវ​ការ​ធ្វើ​ផែនការ​ជីវិត និង​គោលដៅ​ជោគជ័យ​នៃ​ការងារ​របស់​អ្នក ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ស្រឡាញ់​ការងារ​ទេ ភាព​ធុញទ្រាន់ ការ​ចុះចាញ់​នឹង​កើតឡើង ហើយ​ចុង​ក្រោយ អ្នក​នឹង​គេច​ចេញពី​វា ហើយ​ស្វះ​ស្វែងរក​ការងារ​ថ្មី គឺ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ ព្រោះ​រវល់​តែ​ទៅ​ចាប់ផ្តើម​ការងារ​ថ្មី ។

៦-​ការ​ចាត់ការ​ដ៏​ប្រសើរ ៖
បុគ្គល​មាន​ជំនាញ​ក្នុង​ការ​ចាត់ការ​ដ៏​ប្រសើរ​នោះ នឹង​ជា​បុគ្គល​ទទួល​ជោគជ័យ​ទាំង​ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ការងារ ព្រោះ​គេ​ជា​មនុស្ស​ដែល​ស្គាល់​ពី​ការ​ធ្វើ​ផែនការ ធ្វើការ​ជា​ជំហាន និង​ស្គាល់​ពី​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់ ។

លើស​ពី​នេះ​ទៀត គេ​មាន​សមត្ថភាព​បង្វែរ​វិបត្តិ​ឱ្យ​ក្លាយជា​ឱកាស​បាន ព្រោះ​គ្រប់យ៉ាង​បាន​ធ្វើ​ផែនការ​ទុកជា​ជំហាន​ៗ​រួច​ហើយ លុះដល់​ពេល​ដែល​ត្រូវ​យក​មក​ប្រើ គឺ​វា​ងាយស្រួល គ្មាន​ភាព​ជ្រួលច្របល់ ដោយ​ប្រយ័ត្ន​ទាំង​ពេលវេលា និង​ទ្រព្យ​ធនធាន ។

អ្នក​អាច​ពិនិត្យ​មើល​ខ្លួនឯង​ថា នៅ​ពេល​អ្នក​នឹង​ធ្វើ​ការងារ​អ្វីមួយ តើ​អ្នក​ធ្វើ​វា​ដោយ​ងាយ ឬ​មាន​តែ​ភាព​ច្របូកច្របល់ មិនដឹង​ថា​នឹង​ចាប់ផ្តើម​យ៉ាងណា​ល្អ នោះ​បង្ហាញ​ថា ដល់​ពេល​ដែល​អ្នក​ត្រូវ​អភិវឌ្ឍន៍​ជំនាញ​របស់​អ្នក​ហើយ ។

បុគ្គល​ជោគជ័យ​ក្នុង​ការងារ ក្រៅពី​មានចំណេះ​ដឹង និង​គុណសម្បត្តិ​ហើយ គួរ​បន្ថែម​ជំនាញ​ផ្សេង​ៗ​ទៀត​ដើម្បី​កែ​តម្រង់​ខ្លួន ។ ជំនាញ​ទាំងនេះ​នឹង​កើតឡើង​ពី​ការ​សង្កេត រៀនសូត្រ ហើយ​យក​មក​អនុវត្ត ។ គន្លឹះ​ខាងលើ​នេះ​អាច​ជា​វិធី​មួយ​ដែល​អ្នក​អាច​យក​ទៅ​ប្រតិបត្តិ ផ្លាស់​ប្តូរ និង​អភិវឌ្ឍន៍​ខ្លួន​នៅ​កន្លែង​ការងារ ឬ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​សម្រេច​បាន​ជោគជ័យ ៕