អ្នកដឹង​នាំ​គ្នា​ទៅ​បង់សំណាញ់​រាវរក​គ្រប់​ៗ​គ្នា

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​រាវរក​បាន​ត្រី​ច្រើន​គ្រប់​ៗ​បន្ទាប់​ពី​រថយន្ត​ដឹក​ត្រី​ធុន​ធំ​១​គ្រឿង​បាន​ក្រឡាប់ចាក់​ត្រី​ចោល​ចូល​ប្រឡាយ​ទឹក​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២២ ស្ថិត​ក្នុងភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ ។

ប្រភព​ពី​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​បង់សំណាញ់​រាវរក​ត្រី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពួក​គាត់​ដឹង​ថា​រថយន្ត​ដឹក​ត្រី​ក្រឡាប់ ពួក​គាត់​ក៏​នាំ​គ្នា​យក​សំណាញ់ និង​ឧបករណ៍​ចាប់​ត្រី​មក​បង់ និង​រាវរក​តាំងពី​យប់​រហូត​ដល់​ព្រឹក​បាន​ត្រី​ជា​ច្រើន ។ ហើយ​អ្នកខ្លះ​ទៀត​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ព្រោះ​មិន​បានដឹង​តាំងពី​យប់​ដូច​គេ ទើប​ដឹង​ព្រឹក​ឡើង​ប៉ុន្តែ​ក៏​រីករាយ​ដែរ​ព្រោះ​បាន​ត្រី​ច្រើន​គួរសម​ដែរ ។

ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ត្រី​ធុន​ធំ​មក​ពី​ប្រទេស​វៀតណាម​ដែល​ក្រឡាប់​នេះ​បាន​ផ្ទុក​ប្រភេទ ត្រី​អណ្តែង ត្រី​រ៉ស់ និង​ត្រី​ឆ្ដោ​ប្រមាណ​ជាង​៣០​តោន តែ​ត្រូវ​ខាតបង់​អស់​ប្រមាណ​ជា​ជាង​ពាក់កណ្ដាល​ទៅ​ហើយ​ព្រោះ​ត្រី​បាន​រួច​ចូល​ទៅ​ក្នុង​ប្រឡាយ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​បង់សំណាញ់ និង​ចាប់​យក​គ្រប់​ៗ​គ្នា ។

លុះ​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា រថយន្ត​ដឹក​ត្រី​ដែល​ក្រឡាប់​ចូល​ប្រឡាយ​នេះ​ត្រូវ​បាន​រថយន្ត​ស្ទូច​ឡើងគោក ព្រមទាំង​ជួសជុល រួច​ប្រមូល​កេស​ត្រី​ដាក់​ចូល​រថយន្ត​យក​ទៅ​វិញ រីឯ​ប្រជាពលរដ្ឋ​នៅ​តែ​នាំ​ក្នា​បន្ត​បង់សំណាញ់​រាវរក​ត្រី​យ៉ាង​សប្បាយ​រីករាយ​ដដែល ៕