ឈើប្រណីតចេញ​ទៅវៀតណាម​ដូចហែកឋិន​តាមច្រករបៀងយូលិត ​បាឡាង​និងច្រកបាវ៉េ

ខេត្តមណ្ឌលគិរី ៖​ ទីតាំងស្តុកឈើមួយកន្លែងតាមបណ្តោយផ្លូវឆ្ពោះទៅព្រំដែនកម្ពុជា​-វៀតណាម​ ត្រូវបានសមត្ថកិច្ចចុះចាប់​បង្ក្រាប​ទាំងយប់ កាលពីថ្ងៃទី០៣​ ​តុលា ២០១៦​ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម​ ស្រុកកែវសីមា ​ចំណុចជិតបន្ទាយកងអនុសេនាធំលេខ២ ចំណុះ​វរៈសេនាតូចការពារព្រំដែនលេខ១០៣ ។

ឈើប្រណីតប្រភេទបេងប្រមាណជិត៣០០កំណាត់ ​ដែលបម្រុងនឹងដឹកជញ្ជូនឆ្លងដែនទៅ​ប្រទេសវៀតណាមតាមច្រកយូលិត ដែលគ្រប់គ្រង​ដោយប៉ុស្តិ៍ការពារព្រំដែនឡាប៉ាខេ ​ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២១​ ត្រូវកម្លាំងអាវុធហត្ថ​លើ​ផ្ទៃប្រទេសចុះបង្ក្រាបភ្លាមៗ ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងនោះ ​ព្រោះទីតាំងមួយនេះ​ ត្រូវគេស្តុកឈើ​អស់ជាច្រើនខែមកហើយ ​តែមិនដែលមានការចាប់បង្ក្រាបនោះទេ​ ទោះជាគេដឹងថា​ កន្លែងនោះ​នៅជិតបង្កើយនឹងផ្នែករដ្ឋបាល​ព្រៃឈើកែវសីមាគ្រប់គ្រងដោយ ​លោក ជុយ សុឃាង ​ជានាយផ្នែកក៍ដោយ ។

សេចក្តីរាយការណ៏ក៏បានឲ្យដឹងទៀតថា​ ក្រៅពីឈើប្រណីតរាប់រយកំណាត់ ​នៅមានរថយន្តពីរគ្រឿងផងដែរ ​ដែលត្រូវសមត្ថកិច្ច​បង្ក្រាបបាននាពេលនោះ ​ដែលមួយគ្រឿងម៉ាកកាមរីឆ្លាម ​និងមួយគ្រឿងទៀតជាប្រភេទរថយន្តកែច្នៃ ។

ប្រភពទុកចិត្តបាននិយាយថា ​ការរត់ពន្ឋឈើគ្រប់ប្រភេទនៅទឹកដីខេត្តមណ្ឌលគិរី ​ត្រូវគេមើលឃើញថា​ មានសកម្មភាពដូចទឹក​បាក់ទំនប់ ពោលគឺមួយថ្ងៃៗ​ មានការដឹកឈើឆ្លងដែនស្ទើរគ្រប់ច្រក ​ជាពិសេសស្រុកកែវសីមា​ និងស្រុកអូររាំង ​មិនតិចជាង១០​ម៉ែត្រគូបទៅ២០ម៉ែត្រគូប​នោះទេក្នុងមួយថ្ងៃៗ ។

ប្រភពបន្តថាច្រករបៀងសំខាន់ៗ​ក្នុងស្រុកកែវសីមា ​ដែលត្រូវបានក្រុមឈ្មួញនាំឈើឆ្លងដែន​ យ៉ាងរំភើយគ្មានការរំខានពី​មន្ត្រី​ឈរជើងនៅតាមព្រំដែន ​និងមន្ត្រីជំនាញពាក់ព័ន្ឋនានានោះ​ មានដូចជា ច្រកយូលិត ​ច្រករបៀងបាឡាង ​និងច្រករបៀងបាវ៉េ...​ជាដើម​ ។

ចំណែកប្រភពពីក្រុមអ្នករកស៊ីដឹកឈើបានខ្សឹបថា​ មុននឹងពួកគេអាចដឹកឈើឆ្លងដែនទៅវៀតណាមបាន ​គឺពួកគេបានបង់លុយ​ជាច្រើនស្ថាប័នទៅតាមជំនាញជាពិសេសប៉ូលិស​និងទាហានការពារព្រំដែនតែម្តង ​។ ដោយក្នុងមួយរថយន្តកែច្នៃក្រុម​ឈ្មួញ​បាន​បង់លុយទៅប៉ូលិស ​និងទាហានព្រំដែនមិនតិចជាង៥០០ដុល្លាទៅ១០០០ដុល្លារនោះទេ​ក្នុងមួយរថយន្ត។

ពាក់ព័ន្ឋព័ត៌មានខាងលើ​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២១​ លោកឡេង សុភ័ណ្ឌ ​និង លោកយិន ចាន់ទី មេបញ្ជាការវរសេនាតូចការពារគោកលេខ១០៣ ​អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីករណី​នាំឈើចេញតាមតំបន់​ដែល​អស់​លោក​គ្រប់គ្រងបានឡើយ ​ព្រោះតែមិនអាចទំនាក់ទំនងតាមរយៈប្រព័ន្ឋទូរស័ព្ទបាន ​នៅថ្ងៃទី០៤ តុលា ២០១៦ ។

ក្រុមអ្នកតាមដានបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរីបាននិយាយថា ​ចាប់តាំងពីលោក ទូច ដាណារ៉ា​ ឡើងកាន់តំណែងជាស្នង​ការរង​ទទួលបន្ទុកកិច្ចការព្រំដែនជំនួសលោក ​តូច យ៉ុន កាលពីពីរឆ្នាំមុនមក​ បទល្មើសរត់ពន្ឋឈើឆ្លងដែន ​បានកើតមានយ៉ាង​ពេញបន្ទុក ។​ ជាក់ស្តែងឈើរាប់ពាន់កំណាត់ ​ក៏ទើបរកឃើញកាលពីអំឡុងខែកញ្ញា​ ២០១៦ ​នេះ នៅតាមបណ្តោយអូរព្រំដែន​នាស្រុកកោះញែក​ ហើយកាលពីដើមឆ្នាំ២០១៦​ ឈើប្រណីតប្រមាណជាង៤០០កំណាត់​ ក៏ត្រូវជំនាញព្រៃឈើរកឃើញនៅជិត​អូរព្រំដែនក្នុងពេជ្រាដា ។ ​ចំណែកកាលពីខែមិថុនា​ និងខែកក្តដា ឆ្នាំ២០១៦ដូចគ្នា ​ឈើប្រណីតជិតមួយពាន់ម៉ែត្រគូប ក៏ត្រូវបាន​ជំនាញមេព្រៃបង្ក្រាបបាននៅតាមផ្លូវឆ្ពោះ​ទៅច្រករបៀងការពារព្រំដែន​ក្នុងស្រុកកែវសីមាផងដែរ ។

ចំណែកក្រុមអ្នកការពារបរិស្ថាន និងប្រជាសហគមន៏ការពារព្រៃឈើបានលើកឡើងថា​ កត្តាដែលជំរុញឲ្យវិស័យព្រៃឈើនៅ​ខេត្តមណ្ឌលគិរីធ្លាក់ចុះគួរឲ្យព្រួយបារម្ភបែបនេះ​ ព្រោះតែមានការឃុបឃិតគ្នាជាប្រព័ន្ឋ ​តាំងពីអាជ្ញាធរ​ មន្ត្រីជំនាញ​ មន្ត្រីពាក់ព័ន្ឋ និងមន្ត្រីដែលប្រចាំការតាមច្រករបៀងព្រំដែន ​បើកដៃឲ្យក្រុមអ្នករកស៊ីអាចបង្កើតព្យុះភ្លៀងស្រេចតែនឹងចិត្ត ​មិនត្រឹមតែប៉ុណ្ណោះ​ឈ្មួញរកស៊ីមួយចំនួនធំ​ គឺសុទ្ឋសឹងតែជាមន្ត្រីមានអំណាចនៅក្នុងខេត្តនោះថែមទៀត ។

ការចាប់បង្ក្រាបទីតាំងស្តុកឈើខាងលើ​ពីសំណាក់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសនាពេលនេះ ​បានធ្វើឲ្យប្រជាពលរដ្ឋនឹកឃើញ​អំឡុង​ពេលយុទ្ឋនាការ​ដ៏កក្រើករបស់គណៈកម្មធិការចម្រុះថ្នាក់ជាតិ ​ទប់ស្តាត់ ​និងបង្ក្រាបបទល្មើសព្រៃឈើ ​ដែលកាលពីដើម​ឆ្នាំ២០១៦​ រឹបអូសបានឈើគ្រប់ប្រភេទរាប់ម៉ឺនម៉ែត្រគូប ​មានតាំងពីឈើប្រភេទខ្នាតយក្សជាដើម​ ដែលត្រូវក្រុមឈ្មួញមាន​ងារ​ជាឧកញ៉ា​ ប្រើល្បិចកន្ទេលធំបន្លំដេក ​ប្រើកូនចៅរាប់ពាន់នាក់ចូលទៅកាប់បំផ្លាញព្រៃឈើ​ជាសម្បត្តិជាតិយ៉ាងគឃ្លើនបំផុត ប៉ុន្តែ​រហូតមកទល់ពេលនេះទៅហើយ ​នៅមិនទាន់មានឈ្មោះអស់លោកថៅកែណាម្នាក់​ ត្រូវបានបង្ហាញឲ្យប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែលកំពុងទន្ទឹមរង់ចាំអ៊ុតមើលថា ​ច្បាប់ដាក់ទោសអ្នកបំផ្លាញព្រៃឈើជាតិ​យ៉ាងណានោះនៅឡើយទេ។

តើឈើរាប់សែន​ម៉ែត្រគូបដែលគេកាប់ផ្តួលគរដូចភ្នំ ​ពិតជាសមត្ថកិច្ចមិនអាចស្វែងរកម្ចាស់​ឃើញពិតមែន​ ឬក៍យ៉ាងណា ព្រោះ​រូបភាព​​មានពិតជាក់ស្តែងរាប់ស្ទើរមិនអស់ ? ​៕