មេ​ប៉ុស្តិ៍​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការ

ខេត្តមណ្ឌលគិរី ៖ មេ​ប៉ុស្តិ៍​នគរបាល​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាប់​ពី​មេ​ប៉ុស្តិ៍​រូប​នោះ​ស្រវឹងស្រា​ប្រើ​ហិង្សា​លើ​ប្រពន្ធ និង​បាន​យក​កាំភ្លើង​អាកា​ស្វាយ​បង់បាញ់​គំរាម​៣​គ្រាប់​ទៀត ។

ហេតុការណ៍​បង្ក​ហិង្សា និង​បាញ់​គំរាម​តែ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មេ​ប៉ុស្តិ៍​រូប​នោះ​ឈ្មោះ រ៉ា បូ​រិ​ទ្ធ ហៅ ដួល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រីឯ​ប្រពន្ធ​ដែល​រង​នូវ​អំពើ​ហិង្សា និង​បាញ់​គំរាម ឈ្មោះ សំ​អឿ​ន ថា​វី​ផ្ល អាយុ​២៣​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះ​បាន​និយាយ​រិះគន់​ថា ក្នុង​នាមខ្លួន​ជា​មេ​ប៉ុស្តិ៍ ជា​អ្នក​អនុវត្ត​ច្បាប់ បែរជា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ ហើយ​យក​អាវុធ​មក​បាញ់​គំរាមកំហែង ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ទៀត​ផង ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ពួក​គាត់​សូម​សំណូមពរ និង​ស្នើ​ដល់​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី សូម​មាន​ចំណាត់ការ​លើ​មន្ត្រី​នគរបាល​រូប​នេះ កុំ​ឲ្យ​យក​កាំភ្លើង​មក​បាញ់បោះ​សេរី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដូច្នេះ​ទៀត ៕