តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ចូលប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​

ស្រប​ពេលដែល​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មាន​ជំនឿ​ចិត្ត​ថា​ដំណោះស្រាយ​នយោបាយ​នឹង​កើតឡើង​នាពេល​ឆាប់ៗ​ខាងមុខ​នោះ នៅថ្ងៃនេះ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​វាយតម្លៃថា​វា​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​គណបក្ស​ទាំងពីរ​ផ្តើម​ចរចា​នយោបាយ​ជាថ្មី​នាពេល​ខាងមុខនេះ​។​

​របៀប​វីរៈ​នៃ​កិច្ចប្រជុំ​ខាងលើនេះ​ត្រូវគេ​សង្កេតឃើញថា​មាន​៧​ចំណុច​សំខាន់ៗ ហើយ​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ប្រជុំ​នោះ​រួមមាន​លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក ហូរ វ៉ាន់ លោក ប៉ុល ហំ​ម និង​លោកស្រី កែ សុវណ្ណ​រតន៍​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ខាងលើនេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំពឹង​ដូចគ្នា​ថា នឹងមាន​ជំនួប​ពិភាក្សា​ផ្នែក​នយោបាយ​មួយ​នាពេលខាងមុខ បន្ទាប់ពី​សមាជិកសភា​របស់​គណបក្ស​ទាំងពីរ​បានធ្វើ​ការរួម​គ្នា​នៅ​រដ្ឋសភា​ឡើងវិញ​។​

​ចំណែក​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​ព្រលយ​សារ​នយោបាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ដែរ​ថា​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មិនមាន​ភ្លៀងរលឹម​ជោកជាំ​ដូច​ពីមុន​នោះទេ ទោះបី​មេឃ​មិនទាន់​ស្រឡះ​មាន​ពពក​បាំង​ខ្លះ​ក៏មាន​ថ្ងៃ​រះ​ផងដែរ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ក្រោយ​ភ្លៀង​មេឃ​នឹង​ស្រឡះ ខ្មែរ​នឹង​ឈ្នះ​ទាំងអស់គ្នា ។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​អ្នកនាំពាក្យ​របស់​គណបក្ស​ទាំងពីរ​បាន​អះអាង​ដូចគ្នា​នៅក្រោយ​កិច្ចប្រជុំ​នៅ​រដ្ឋសភា​ក្នុងថ្ងៃនេះ​ថា តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ​នឹងធ្វើ​ការងារ​នៅក្នុង​រដ្ឋសភា​ឲ្យ​បានល្អ​បំផុត ដើម្បី​ចូលរួម​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទៅមុខ ហើយក៏​រំពឹងថា​ការចូលរួម​សហការ​ធ្វើ​ការងារ​ជា​បន្តបន្ទាប់​នេះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពប្រសើរ​ឡើង​មុន​ការបោះឆ្នោត​ខាងមុខនេះ​៕

cnrp