មន្ត្រី​យោធា​ឈ្មោះ ធី​បាញ់ ជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

មន្ត្រី​យោធា​ឈ្មោះ ធី​បាញ់ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ភ្នំ​ខៀវ ភូមិ​អូរ​កណ្ដៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​មន្ត្រី​យោធា​ឈ្មោះ ធី​បាញ់ គឺជា​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បំផ្លាញ​ផ្លូវលំ​ក្នុង​មូលដ្ឋាន​ពួកគាត់​ឲ្យ​ខូច​អស់​ទៅហើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់ភ្នំ​ខៀវ បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​ក្រុម​ឈ្មួញ​បាន​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់រំលំ​និង​អារច្រៀក​ដើមឈើ​កម្រ​ម្យ៉ាង គឺ​ដើម​ទ្រៀក ហើយ​ពួកគេ​ប្រមូល​ទិញ​ដឹកជញ្ជូន​ចេញពី​ស្រុក​សំបូរ ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​។ ប្រជា​សហគមន៍​ភូមិ​អូរ​កណ្ដៀរ បានបញ្ជាក់​ថា​ដើម​ទ្រៀក គឺជា​ដើមឈើ​ម្យ៉ាង​ស្រដៀង​ដើម​ដូង ហើយ​ខ្ពស់សន្លឹម​ភាគច្រើន​ដុះ​នៅ​ជ្រលង​ដងអូរ ឬ​ជ្រោះ​ជ្រៅៗ​មាន​កម្ពស់​ពី​២៥​ទៅ​៣០​ម៉ែត្រ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​គ្រៀង បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ដើម​ទ្រៀក​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ភ្នំ​ខៀវ ភូមិ​អូរ​កណ្ដៀរ ឃុំ​អូរ​គ្រៀង​នោះទេ​។ ក្នុងចំណោម​ឈ្មួញ​ដែល​សកម្ម​ខាង​ប្រមូល​ទិញ​ដើម​ទ្រៀក​ខ្លាំងជាងគេ គឺ​មន្ត្រី​យោធា​ឈ្មោះ ធី​បាញ់ ដែលជា​ឈ្មួញ​ល្បីឈ្មោះ​ក្នុង​ខេត្តក្រចេះ ជា​យូរ​មកហើយ​។ ឈ្មួញ​ឈ្មោះ ធី​បាញ់ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​យក​រថយន្ត​កែច្នៃ​និង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ចូល​កាប់​អារច្រៀក​ដើម​ទ្រៀក​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ភ្នំ​ខៀវ ហើយ​ឈ្មួញ​រូបនេះ​ប្រមូល​ទិញ​ក្នុង​តម្លៃថោកៗ​។ រាល់​សកម្មភាព​របស់​មន្ត្រី​យោធា​ឈ្មោះ ធី​បាញ់ ដែល​ដឹកជញ្ជូន​ឈើ​ទ្រៀក​ពី​ស្រុក​សំបូរ ខេត្តក្រចេះ ទៅ​លក់​នៅ​ស្រុក​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មិន​ដែលមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

មន្ត្រី​អាជ្ញាធរ​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទ្រៀក​តាម​រថយន្ត​ធំៗ​របស់​ឈ្មួញ​ឈ្មោះ ធី​បាញ់ កំពុង​ធ្វើ​ឲ្យ​ផ្លូវលំ​១​ខ្សែ​ក្នុងភូមិ​អូរ​កណ្ដៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​។ ចំណែក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បើទោះបី​ឈ្មួញ​ឈ្មោះ ធី​បាញ់ ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវលំ​ក្នុង​ឃុំ​អូរ​គ្រៀង តាម​អំពើ​ចិត្ត​យ៉ាងណាក៏ដោយ​។ បញ្ហា​នេះ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ ធី​បាញ់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ ទន្ទឹមនឹងនេះ​ប្រសិនបើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ដើម​ទ្រៀក​ដែលជា​ប្រភេទ​ឈើ​កម្រ​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​រលាយ​ផុត​ពូជ​ជាមិនខាន​៕

car-thy-banh1-500x375 car-thy-banh-500x300 car-thybanh-500x300