មេ​កន្ទុយលេខ​ដ៏​ធំ​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ឈ្មោះ លី សុខ​ងី​ម សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ឈ្មោះ លី សុខ​ងី​ម ដែលជា​ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​SN បឹង​កំសាន្ត គឺជា​មេ​ល្បែង​កន្ទុយលេខ​ដ៏​ធំ​ក្នុង​ក្រុង​បាន​លុង ហើយ​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ លី សុខ​ងី​ម អាងខ្នង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តរតនគិរី ទើប​ហ៊ាន​បើក​ល្បែង​កន្ទុយលេខ​ទ្រង់ទ្រាយ​ធំ​បំពាន​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ពលរដ្ឋ​ក្រុង​បាន​លុង អំពាវនាវ​ឲ្យ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ពិនិត្យមើល​ខ្លះ​ផង​ព្រោះ​ល្បែង​កន្ទុយលេខ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ លី សុខ​ងី​ម ដែលជា​ម្ចាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​SN បឹង​កំសាន្ត បាន​បើក​លេងល្បែង​កន្ទុយលេខ​ច្រើន​ឆ្នាំ​មកហើយ និង​ដាក់ពង្រាយ​កូនកញ្ច្រែង​ជាច្រើន​កន្លែង ប្រមូល​លុយ​ក្នុង​មួយថ្ងៃៗ​ជាច្រើន​លាន​រៀល​ពី​ក្រុម​អ្នកញៀន​ល្បែង​កន្ទុយលេខ​។ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ លី សុខ​ងី​ម ជាប្រចាំ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ក្នុង​ក្រុង​បាន​លុង ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ សូម្បីតែ​ក្នុងពេល​បុណ្យ​ភ្ជំបិណ្ឌ ក៏ដូចជា​បុណ្យចូលឆ្នាំ គឺ​ឈ្មោះ លី សុខ​ងី​ម បើក​ល្បែង​កន្ទុយលេខ​រហូត​អត់​មាន​ផ្អាក​ទេ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ​ឈ្មោះ លី សុខ​ងី​ម មិន​ត្រឹមតែ​បើក​ល្បែង​កន្ទុយលេខ​នៅ​ក្រុង​បាន​លុង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រាលដាល​ដល់​បណ្ដា​ស្រុក​មួយចំនួន​ដូចជា ស្រុក​អូរ​យ៉ា​ដាវ ស្រុក​លំផាត់​ជាដើម ហើយ​គេ​បើក​លេង​យ៉ាង​ជំហរ​តែម្តង​។ មន្ត្រីរាជការ​ក្នុង​ក្រុង​បាន​លុង ក៏មាន​ការសង្ស័យ​ដែរ​ថា​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ត្រូវរ៉ូវ​ជាមួយ​ឈ្មោះ លី សុខ​ងី​ម ទើប​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​បំផ្លាញ​សន្តិសុខ​សង្គម​តាម​អំពើ​ចិត្ត ព្រោះ​ផ្ដើមចេញពី​ល្បែង​កន្ទុយលេខ គឺ​បទល្មើស​ផ្សេងៗ​ទៀត​ដូចជា អំពើចោរកម្ម លួច​ប្លន់ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​រាលដាល​យ៉ាង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សព្វថ្ងៃនេះ​ល្បែង​កន្ទុយលេខ​ក្នុង​ក្រុង​បាន​លុង ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​លំផាត់ រាលដាល​កាន់តែខ្លាំង ហើយ​មាន​អ្នកភូមិ​ជាច្រើន​ដែល​ចាញ់​អស់​លុយកាក់ ទ្រព្យសម្បត្តិ​ផ្សេងៗ ហើយ​បទល្មើស​ក៏​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​៕

103-150x150

លោក ងួនគឿន ស្នងការនគរបាលខេត្តរតនគិរី