នៅក្បែរ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តរតនគិរី មាន​ឈ្មួញ​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​តាម​អំពើ​ចិត្ត​

តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​នៅ​ចំណុច​ដី​ពុះ​ឡូត៍​លក់​ក្បែរ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តរតនគិរី​(​បន្ទាយ​យោធា​ខេត្ត​) ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មាន​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ដ៏​ធំ​មួយ​។ ប្រភព​បាន​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ឈើ​ប្រណី​តរបស់​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទាល់តែសោះ ហើយ​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​ចូលមក​ឃ្លាំង​នេះ​យ៉ាង​រលូន​តែម្តង​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ជាពិសេស​នៅ​ស្រុក​វ៉ឺ​ន​សៃ ស្រុក​កូន​មុំ ស្រុក​អណ្ដូង​មាស និង​ស្រុក​លំផាត់​ជាដើម​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​បឹង​កន្សែង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត គឺជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ជា​យូរ​មកហើយ មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​នោះទេ ដោយសារតែ​ឈ្មួញ​រូបនេះ​ចេះ​ចែករំលែក​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ផងដែរ ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​ច្រើន​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត នៅតែ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល ដោយសារតែ​សមត្ថកិច្ច​មានការ​យោគយល់​ដល់​ឈ្មួញ​រូបនេះ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត ប្រមូល​ទិញ​ឈើ​ពី​បណ្ដា​ស្រុក​នានា​ដូចជា ស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​កូន​មុំ យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ក្បែរ​បន្ទាយ​យោធា​ខេត្តរតនគិរី ក្នុង​សង្កាត់​បឹង​កន្សែង​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​គ្រប់​ចំនួន​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ជាច្រើន​គ្រឿង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ទៅ​ស្រុក​យួន​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី ជាពិសេស​សមត្ថកិច្ច​តាម​ប៉ុស្ដិ៍​លើផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ទៅ​ស្រុក​អូ​រយ៉ា​ដាវ តែង​ទទួល​លុយ​ពី​ឈ្មួញ​ឈ្មោះ ស្រី​ណែ​ត ទើប​បើកដៃ​ឲ្យ​ឈ្មួញ​រូបនេះ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

sssss202479_296778095_n-copy sensok0835_n