ភាព​តានតឹង​នយោបាយ កាន់តែ​ស្រាកស្រាន្ត​? និពន្ធដោយ : ម៉ៅ សុផា       October-04-2016, 3:27 pm         412

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ភាព​តានតឹង​នយោបាយ កាន់តែ​ស្រាកស្រាន្ត​?​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ចូលប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦​នេះ​។ ជំនួប​ក្នុង​រដ្ឋសភា រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង ទំនងជា​កំពុង​បន្ថយ​ភាព​តានតឹង​នៃ​បរិយាកាស​នយោបាយ​។​

​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អង្គុយ​មើលមុខ​គ្នា​កាន់តែ​ចំ​សារជាថ្មី​ម្តងទៀត នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​៤​តុលា​នេះ​។ ជា​ថ្នាក់ដឹកនាំ​នៅក្នុង​រដ្ឋសភា ប៉ុន្តែ​ពួកគេ​ក៏​ជា​សុទ្ធតែជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ធំ​ទាំងពីរ ទំនាស់​នឹង​គ្នា​ដែរ​។ ប៉ុន្តែ​ពេលនេះ ពួកគេ​បាន​អង្គុយ​ជុំគ្នា​ដើម្បី​សម្រេច​ដាក់​របៀបវារៈ​មួយចំនួន ដែល​ក្នុង​នៅ​ក៏មាន​សំណើ​ខ្លះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ចូលទៅក្នុង​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​ថ្មី​នៅ​ថ្ងៃទី​៧​តុលា​ខាងមុខ​។​

​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បញ្ចប់​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ឈាង វុន អ្នកនាំពាក្យ​តំណាង​ឲ្យ​គណបក្ស​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា រួមទាំង​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​តំណាង​ឲ្យ​សំឡេង​ភាគតិច​ក្នុង​រដ្ឋសភា បាន​ឈរ​ទន្ទឹមគ្នា​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន​។ អ្នក​ទាំងពីរ សុទ្ធ​តែមាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​លទ្ធផល​ជា​វិជ្ជមាន ដែល​កើតឡើង​ពី​ការជជែក​គ្នា​ក្នុង​រដ្ឋសភា​។

​លោក ឈាង វុន បាន​លើកឡើងថា បក្ស​កាន់អំណាច និង​បក្សប្រឆាំង សហការគ្នា​យ៉ាង​ល្អ ក្នុងការ​បំពេញភារកិច្ច​ក្នុង​រដ្ឋសភា​។  លោក​បញ្ជាក់​យ៉ាងខ្លី​ថា​៖«​យើង​ធ្វើការ​ជាមួយគ្នា​នៅ​ព្រឹក​នេះ រលូន​ល្អ​។ [………] រាល់​បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​កើតឡើង តែងតែមាន​ដំណោះស្រាយ​ជានិច្ច​»​។

​តំណាងរាស្ត្រ​ពី​បក្ស​កាន់អំណាច​រូបនេះ ចាត់ទុក​ការជួបគ្នា​ឡើងវិញ​រវាង​បក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ថា ជា​ជា​ភ​ព្វ​សំណាង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ យ៉ាងណា លោក ឈាង វុន មិន​ភ្លេច​លើក​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដោយ​លោក​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​សម្របសម្រួល​ឲ្យ​ស្ថានការណ៍​នយោបាយ មាន​លក្ខណៈ​ល្អប្រសើរ សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ 

​ចំណែកឯ លោក លោក យ៉ែម បុញ្ញឫទ្ធិ វិញ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ស្ថានការណ៍​នយោបាយ កំពុង​ឈានទៅរក​ភាពល្អប្រសើរ​ឡើងវិញ​។ ម្យ៉ាងទៀត លោក​ក៏​សង្ឃឹម​យ៉ាង​មាំ​ដែរ​ថា ការជជែក​គ្នា​រវាង​បក្ស​ធំៗ​ទាំងពីរ តាមរយៈ​យន្តការ​រដ្ឋសភា​នេះ នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​បាន​ច្រើន​។

​លោក យ៉ែម បុញ្ញឫទ្ធិ បាន​កត់សម្គាល់ថា​៖«​យើង​សង្កេតឃើញថា ស្ថានភាព​ស្ងប់ស្ងាត់ ហើយ​យើង​សង្ឃឹមថា ភាពស្ងប់ស្ងាត់​នេះ នឹង​នាំ​ឲ្យ​មាន​ការជជែក​និង​ដោះស្រាយ​បញ្ហា​ជាតិ​ជា​បន្តបន្ទាប់​ទៀត​។ ក្នុងនាម​ជា​តំណាងរាស្ត្រ យើង​នឹង​បំពេញការងារ ដែល​ប្រជាពលរដ្ឋ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​»​។

​យ៉ាងណាក៏ដោយ បក្ស​ទាំងពីរ​ខាងលើ សុទ្ធតែ​អះអាងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មិនបាន​ចរចា​ពី​បញ្ហានយោបាយ​ឡើយ ក្រៅពី​ការដេញដោល​គ្នា​ពី​សំណើ​របស់​បក្សប្រឆាំង រួមទាំង​របៀបវារៈ​មួយចំនួនទៀត​។ សំណើ​របស់​បក្សប្រឆាំង គឺ​ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ដូចជា​សុំ​ឲ្យ​កែប្រែ​មាត្រា​ខ្លះ នៃ​ច្បាប់​ស្តីពី ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា ព្រមទាំង​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​។​

​បើទោះបីជា​បក្ស​ទាំងពីរ លើកឡើង​បែបនេះ​ក៏ពិតមែន ប៉ុន្តែ​ស្ថានភាព​នយោបាយ បានប្រែក្លាយ​ពី​ភាព​អាប់អួរ មកជា​ស្រស់បស់​បន្តិច​ឡើងវិញ​។ ជាក់ស្តែង កាលពី​ប៉ុន្មាន​ថ្ងៃមុន   បាន​បើក​កិច្ចប្រជុំ​ម្តង​រួចទៅហើយ ដោយ​សម្រេច​បដិសេធ​សំណើ​របស់​ក្រសួងយុត្តិធម៌ ដែល​សុំ​ឲ្យ​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​ ទាក់ទង​នឹង​សំណុំរឿង​របស់​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​។

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ពិចារណា​ថា ចូលប្រជុំ​សភាពេញអង្គ នាពេលខាងមុខ ឬ​យ៉ាងណា​?