ប្រិយមិត្តនឹងបានជួប James & Bella ដោយផ្ទាល់ និងក្នុងខ្សែភាពយន្តថ្មីរបស់ពួកគេ ក្នុងពេលតែមួយ

ក្នុងពេលតែមួយ ទូរទស្សនិកជននឹងបានជួបជាមួយនឹងកំពូលតារាសម្តែង James Jirayu និង Bella Ranee ដោយផ្ទាល់នៅផ្សារទំនើបអ៊ីអន និងនៅក្នុងរឿងភាគថ្មីរបស់ពួកគេ ដែលប្រកបដោយ គុណភាពរូបភាព Full HD ភ្លឺច្បាស់ បូកផ្សំនូវបច្ចេកទេសបញ្ចូលសំឡេងយ៉ាងទំនើប នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។

James & Bella នឹងធ្វើដំណើរមកកាន់ទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ជួបជាមួយប្រិយមិត្តរបស់ខ្លួន ក្នុងកម្មវិធី ដែលរៀបចំដោយស្ថានីយទូរទស្សន៍ភីអិនអិន មានឈ្មោះថា «វេទិកាតារាថៃប្រចាំPNN ២០១៦» នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
ជាមួយគ្នានោះដែរ រឿងភាគដ៏ថ្មីសន្លាងរបស់អ្នកទាំងពីរ «ភរិយាបណ្តូលចិត្ត» ដែលជារឿងភាគថៃដ៏ល្បីប្រចាំឆ្នាំ២០១៦ ក៏នឹងត្រៀមចាក់បញ្ចាំងនៅថ្ងៃនោះផងដែរ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ភីអិនអិន បានឲ្យដឹងថា៖ «ដោយយើងពិនិត្យឃើញថា លោក James គឺជាតារាលំដាប់ជួរមុខប្រចាំប្រទេសថៃ ថែមទាំងជាដៃគូសម្តែង ដ៏សាកសមបំផុតជាមួយកញ្ញា Bella ទើបភីអិនអិន អញ្ជើញតារាទាំងពីរមកជួបប្រិយមិត្តកម្ពុជា ដែលគាំទ្រការសម្តែងរបស់ពួកគាត់»។

ប្រធានផ្នែកកម្មវិធីផ្សាយរូបនេះ បានបន្ថែមផងដែរថា៖ «ស្របពេលនេះដែរយើង ក៏នឹងចាក់បញ្ចាំង រឿងភរិយាបណ្តូលចិត្ត ដែលមានតារាទាំងពីរសម្តែងរួមគ្នា ដោយខ្លឹមសារនៃរឿងភរិយាបណ្តូលចិត្ត គឺមានលក្ខណៈយ៉ាងពិសេស ដោយបង្កប់នូវពាក្យដំបូន្មានល្អៗពីម្តាយទៅកាន់កូនប្រុស ដើម្បីជាគំនិតពិចារណាមួយ ក្នុងការជ្រើសរើសមនុស្សស្រីមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់មកធ្វើជាភរិយា ព្រមទាំងបង្ហាញឲ្យមនុស្សស្រីគ្រប់រូប ត្រូវចេះប្រើទឹកចិត្តស្មោះស និងភាពអំណត់អត់ធ្មត់ដើម្បីជាភរិយាល្អ និងនាំនូវសុភមង្គលដល់ក្រុមគ្រួសារ ភីអិនអិនសង្ឃឹមថាទស្សនិកជននឹងបានរីករាយកំសាន្តជាមួយខ្សែភាពយន្តដ៏ល្អនេះ»។

«ភរិយាបណ្តូលចិត្ត» នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៩យប់ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ តទៅ បន្ទាប់ពីរឿង ផ្កាកំភ្លឹងស៊ីជម្ពូ។
«ភរិយាបណ្តូលចិត្ត» ជារឿងភាគស្នេហា រវាងប្រុសស្រីមួយគូ ដែលសម្រេចចិត្តរៀបការជាមួយគ្នា ដោយមិនមានមនោសញ្ចេតនានឹងគ្នាឡើយ តែពួកគេធ្វើដោយសារតែជាការសន្យារវាងចាស់ៗ ទាំងសងខាង ស្របពេលដែលតួប្រុស បានបែកបាក់ស្នេហារបស់ខ្លួនជាមួយ នឹងមនុស្សស្រីម្នាក់មុន។
ដើម្បីបង្ហាញការដឹង គុណចំពោះឪពុកចិញ្ចឹម Rin Rapee សម្តែងដោយ Bella បានយល់ព្រមបន្លំខ្លួនធ្វើជាកូនបង្កើត ហើយរៀបការជាមួយ Saran សម្តែងដោយ James ទៅតាមសន្យារវាងឪពុកពួកគេកាលពីមុន។ ដោយសារគាត់ធ្លាប់រងការឈឺចាប់ រឿងស្នេហាកាលពីមុន Saran ក៏ក្លាយជាបុរសដែលគ្មានចិត្តមេត្តា។
ទោះបីគាត់បានដឹងថាគ្រួសារ ក្លែងក្លាយរបស់ Rin បោកគាត់ ក៏គាត់មិនប្រគល់ប្រពន្ធរបស់គាត់ ឲ្យទៅគ្រួសារគេវិញដែរ ព្រោះគាត់យល់ឃើញថានាងមានសម្រស់ស្រស់ស្អាត ហើយមានសណ្តានចិត្តល្អ។ ក្តីស្រលាញ់ក៏ចាប់ផ្តើមកើតមានបន្តិចម្តងៗ ប៉ុន្តែមិនយូរប៉ុន្មានសេ្នហារបស់ ពួកគេត្រូវបានពិសោធន៍ ដោយDuansawad អតីតគូស្នេហ៍ចាស់របស់គាត់ បានត្រឡប់មករកគាត់វិញ ស្របពេលដែល Rin មានអារម្មណ៍ថាខ្លួន បានធ្វើខុសដែលលាក់បាំងការពិតជាមួយSaranពីរឿង ដែលខ្លួនមិនមែនជាកូនបង្កើត។

James និងBella បានចាប់ដៃគូសម្តែងជាមួយគ្នា ចំនួនពីររឿងរួចមកហើយ។ ក្នុងចំណោមនោះរឿង ភរិយាបណ្តូលចិត្ត ត្រៀមនឹងចាក់បញ្ចាំងនៅ PNN នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៩យប់ ខាងមុខនេះ។

PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចសន្យាផ្ដាច់មុខមួយ កាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងការទទួលបានសិទ្ធិ ចាក់ផ្សាយខ្សែភាពយន្តភាគល្បីៗ និងថ្មីៗបំផុតរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ៕

ទស្សនាឈុតខ្លីរឿង ភរិយាបណ្តូលចិត្ត សូមចុច៖ https://www.facebook.com/PNNDramaFanClub/videos/680475712108822/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload