សារធាតុអាហារ ៥យ៉ាងសំខាន់ៗ មិនអាចខ្វះបាន សម្រាប់ជំនួយសុខភាពទូទៅរបស់បុរស!

ការញ៉ាំអាហារ ដែលជួយឱ្យរាងកាយបានទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចគ្រប់គ្រងទម្ងន់ខ្លួបបានត្រឹមត្រូវ និងកាត់បន្ថយហានិភ័យនៃជំងឺនានា បានយ៉ាងល្អ។ ជាធម្មតាបុរសតែងកើតមានជំងឺបេះដូង មហារីកក្រពេញប្រូស្តាត ជំងឺដាច់សរសៃឈាមខួរក្បាល សម្ពាធឈាមឡើងខ្ពស់ និងជំងឺរលាក សន្លាក់ឆ្អឹងជាដើម។ ដូច្នេះដើម្បីឱ្យមានសុខភាពល្អប្រសើរ បុរសគ្រប់រូបគួរស្វែងរកអាហារូបត្ថម្ភ បន្ថែមជាចាំបាច់។

រឿងដំបូងដែលគួរធ្វើឱ្យក្លាយទៅជាទម្លាប់ល្អបំផុតនោះគឺ ការបរិភោគអាហារ ទាំង៥ក្រុម ក្នុងនោះរួមបាយ ត្រីសាច់ បន្លែ ផ្លែឈើ និងប្រេងរុក្ខជាតិ ប៉ុន្តែមិនបរិភោគ វាច្រើនជ្រុលនោះទេ។ លើសពីនេះទៅទៀត ដោយសារតែរាងកាយបុរសត្រូវការ ថាមពលដ៏ច្រើនលើសលប់ជាងមនុស្សស្រី ដូចនេះបុរសគួរទទួលទានសារធាតុ អាហារចាំបាច់៥យ៉ាងដូចតទៅនេះ៖

១.ជាតិកាល់ស្យូម៖ ជាសារធាតុរ៉ែសំខាន់សម្រាប់បុរសដែលត្រូវការរហូតដល់ទៅ ៨00 មីលីក្រាមក្នុងមួយថ្ងៃ។ ការកង្វះជាតិកាល់ស្យូមអាចធ្វើឱ្យរាងកាយមានការ ឈឺចាប់ លើសឈាម កើតជំងឺពុកឆ្អឹង និងធ្មេញទៀតផង។ បុរសដែលផឹកគ្រឿង ស្រវឹង ឬកាហ្វេជាទៀងទាត់រាងកាយមានជាតិកាល់ស្យូមតិចណាស់ដែល ជាហេតុធ្វើឱ្យមានសុខភាពទន់ខ្សោយ។ ដូច្នេះគួរស្វែងរកអាហារដែលមាន ជាតិកាល់ស្យូមទទួលទានដើម្បីសុខភាព។ ភាគច្រើនវាមាននៅក្នុង បន្លែស្លឹកពណ៌ បៃតង ល្ង ត្រី តៅហ៊ូ ទឹកសណ្តែក ផលិតផលទឹកដោះគោដូចជាទឹកដោះគោជូរ និងឈីសជាដើម។

២.ជាតិស័ង្កសី៖ អាចជួយក្នុងការកសាងអ័រម៉ូនភេទ testosterone របស់បុរសបានល្អ ដែលគួរតែត្រូវទទួលបាន១៥មីលីក្រាមក្នុងមួយថ្ងៃ។ ជាទូទៅក្នុងរាងកាយរបស់ មនុស្សពេញវ័យគឺមានជាតិស័ង្កសីប្រមាណ២-៣ក្រាម នៅក្នុងថ្លើម ក្រពេញប្រូស្តាត ស្បែក និងទឹកកាម។ ដូចនេះជាតិស័ង្កសីមានតិច ឬច្រើនគឺពឹងផ្អែកលើអាហារ ដែលយើងបរិភោគជារៀងរាល់ថ្ងៃ។ ហើយអាហារដែលមានជាតិស័ង្កសីច្រើនមាន ដូចជា ងាវសមុទ្រ (វាផ្ទុកស័ង្កសីច្រើនជាងអាហារដទៃទៀត ប៉ុន្តែវាក៏មាន កូឡេស្តេរ៉ុលខ្ពស់ផងដែរ)។ មិនគួរបរិភោគអយស្ទ័ររួមជាមួយអាហារដែលមាន កូឡេស្តេរ៉ុលខ្ពស់ដូចជា ស៊ុត និងអាហារផ្សេងទៀតដែលមានជាតិស័ង្កសីច្រើន រួមមានសាច់គោ មាន់ គ្រាប់ធញ្ញជាតិ ស្រូវសាលី សណ្តែកដី ល្ងនិងឈីស។

៣.ម៉ាញេស្យូម៖ ជួយរក្សាតុល្យភាពអ័រម៉ូនរបស់បុរស គួរទទួលទានឱ្យបាន៤២០ មីលីក្រាមក្នុងមួយថ្ងៃ ដែលអាចនាំឱ្យអង់ស៊ីមមានដំណើរការល្អ។ ក្រៅពីនេះវាមាន ប្រសិទ្ធិភាពជួយឱ្យសាច់ដុំបានសម្រាកគ្រប់គ្រាន់។ ហេតុនេះហើយបានជាបុរស ត្រូវបរិភោគអាហារដែលមានជាតិម៉ាញ៉េស្យូមឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ អ្នកផឹកស្រា និងការជក់បារី ជាញឹកញាប់នាំឱ្យមានការកង្វះសារធាតុនេះ។ អាហារដែលមានជាតិម៉ាញ៉េស្យូមមានជាច្រើននៅក្នុង ផលិតផលពីសណ្តែក តៅហ៊ូ ស្រូវសាលី ត្រី ដំឡូង សណ្តែកដី ទឹកដោះគោ និងបន្លែពណ៌បៃតង។

៤.សារធាតុឡៃកូពីន(Lycopene)៖ មានប្រយោជន៍ចំពោះសុខភាពនៅក្នុងការ កាត់បន្ថយហានិភ័យនៃជំងឺក្រពេញប្រូស្តាត ជំងឺមហារីកក្រពេញប្រូស្តាត និងជំងឺមហារីកសួត ដែលជាធម្មតាវាតែងតែកើតមានជាញឹកញាប់ទៅលើបុរស។ ហើយអាហារដែលមានសារធាតុ lycopene បានរកឃើញថា មាននៅក្នុងផ្លែឈើ និងបន្លែដែលមានពណ៌ក្រហមដូចជា ប៉េងប៉ោះ ក្រូចថ្លុង ផ្លែឪឡឹក ត្របែកពណ៌ ផ្កាឈូក ល្ហុង ទឹកជ្រលក់ប៉េងប៉ោះ និងអាហារចម្អិនជាពិសេសពីផ្លែប៉េងប៉ោះជាដើម។

៥. អាស៊ីតហ្វូលិក (Folic acid)៖ ជាសារធាតុសំខាន់សម្រាប់ខួរក្បាល ដែលបុរស ទូទៅគួរតែមាន៤00មីក្រូក្រាមក្នុងមួយថ្ងៃ។ វាអាចជួយមុខងារខួរក្បាលនៅក្នុងការ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ជួយកសាងកោសិកាឈាមក្រហមជាដើម។ អាហារដែលមានជាតិអាស៊ីតហ្វូលីកមានសម្បូរនៅក្នុងសារធាតុចិញ្ចឹមក្នុងក្រុមវីតាមីនB ដូចជាផ្លែក្រូច ផ្កាខាត់ណា ត្រសក់ស្រូវ ល្ពៅ ការ៉ុត និងថ្លើមសត្វនានា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សារធាតុអាហារ ៥យ៉ាងសំខាន់ៗ មិនអាចខ្វះបាន សម្រាប់ជំនួយសុខភាពទូទៅរបស់បុរស!

សារធាតុអាហារ ៥យ៉ាងសំខាន់ៗ មិនអាចខ្វះបាន សម្រាប់ជំនួយសុខភាពទូទៅរបស់បុរស!