ក្រឡាន​ឆ្ងាញ់​ ល្បី​នៅ​ខេត្ត​ក្រចេះ អ្នក​ឆ្លង​កាត់​កម្រ​រំលង

នរណាៗ​ក៏​លាន់​មាត់​ថា នៅ​ភូមិ​ថ្មគ្រែ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្តក្រចេះ មាន​ក្រឡាន​ឆ្ងាញ់ ហើយ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​កម្រ​​នឹង​បើក​រំលង គឺ​រមែង​ឈប់​ទិញ​ផ្ញើ​ឲ្យ​អ្នក​ផ្ទះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី នៅ សោភា វ័យ​៣៧ ឆ្នាំ អ្នក​លក់​ក្រឡាន​។

 

ក្រឡាន​ឆ្ងាញ់​ ល្បី​នៅ​ខេត្ត​ក្រចេះ អ្នក​ឆ្លង​កាត់​កម្រ​រំលង

 

អ្នក​លក់​ក្រឡាន​នៅ​​ភូមិ​ថ្មគ្រែ ឃុំ​ថ្មគ្រែ រូប​នេះ បាន​ប្រាប់​ Sabay ថា អ្នក​ធ្វើ​ដំណើរ​មក​លេង​ខេត្ត​ក្រចេះ​ ហើយ​ពេល​ត្រឡប់​ទៅ​ភ្នំ​ពេញ​វិញ គឺ​រមែង​ទិញ​ក្រឡាន​ផ្ញើ​ទៅ​អ្នក​ផ្ទះ​របស់​ពួកគេ ហើយ​​អ្នក​ទាំង​នោះ​តែងពោល​សរសើរ​ថា ក្រឡាន​ក្រចេះ​ឈ្ងុយឆ្ងាញ់ មិន​ដាច់​ពី​មាត់។ ស្រ្តី​កូន​១ សោភា និយាយ។​

 

នៅ​ពេល​ចោទ​សួរ​ថា តើ​ក្រឡាន​ក្រចេះ​មាន​អ្វី​ពិសេស​ដែល​អាច​ទាក់ទាញ​មនុស្ស​​គ្រប់​គ្នា​ទិញ​ក្រឡាន​យក​ទៅ​ញុំា? អ្នក​លក់​ក្រឡាន​រូប​នេះ បាន​ឆ្លើយ​ទាំង​អេះអុញថា “ខ្ញុំ​មិន​ដឹង​ដែរ​ តែ​ឃើញ​គេ​គ្រប់គ្នា ជាពិសេស​អ្នក​ក្រុង​ភ្នំ​ពេញ​ទិញ​យក​ទៅញុំា ប្រហែល​មក​ឈ្ងុយដូង និង​សណ្ដែក…ហើយ​សើចញឹមៗ…”។ ​​​​

 

ទោះ​បី​ជា​យ៉ាង​ណា​ អ្នកស្រី សោភា បាន​ទទូច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​គ្រប់​គ្នា​ពេល​បាន​មក​លេង​ខេត្ត​ក្រចេះ​កុំភ្លេច​មក​ភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​មក​ជួយ​ទិញ​ក្រឡាន​របស់​អ្នក​ភូមិ ដែល​ការ​ជួយ​ទិញ​នេះ គឺ​ស្មើ​នឹង​ជួយ​ជីវភាព​​អ្នក​ភូមិ​ផងដែរ៕

 

 

ដោយ៖ ប៊ិន ប៊ុណ្ណា