ក្រសួង​សុខាភិបាល​អាមេរិក​ព្រមាន​បុរស​អំពី​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​ហ្ស៊ីកា​ដល់​កំណើត​ទារក

ក្រសួងសុខាភិបាលអាមេរិក ព្រមានបុរសអំពីគ្រោះថ្នាក់នៃការឆ្លងជំងឺហ្ស៊ីកា (Zika) ដល់កំណើតរបស់ទារក។ មជ្ឈមណ្ឌលការពារ និងត្រួតពិនិត្យជំងឺនៃសហរដ្ឋអាមេរិក ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) បានរកឃើញថា បុរសដែលរស់នៅ ឬក៏ធ្វើដំណើរទៅតំបន់ដែលមានការរាតត្បាតនៃជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច ៦ខែសិន មុនព្យាយាមចង់បានកូនជាមួយដៃគូស្នេហា ឬភរិយា មិនថាតែបុរសនោះទទួលការព្យាបាលជំងឺហ្ស៊ីកា ឬក៏មានរោគសញ្ញាហ្ស៊ីកា ពីព្រោះជំងឺនេះភាគច្រើនពុំមានបង្ហាញពីរោគសញ្ញាអ្វីឡើយ។

សេចក្តីថ្លែងការណ៍របស់ ស៊ី.ឌី.ស៊ី បន្តថា មន្ត្រីសុខាភិបាលនៅទីក្រុងរ៉ូម បានអះអាងថា មេរោគហ្ស៊ីកា អាចនៅមានជីវិតក្នុងទឹកកាមបុរសរយៈពេល ៦ខែ បន្ទាប់ពីគេបានរកឃើញបុរសជនជាតិអ៊ីតាលី ម្នាក់ដែលបានឆ្លងជំងឺហ្ស៊ីកាពីប្រទេសហៃទី។ អាស្រ័យហេតុនេះ ដើម្បីកាត់បន្ថយការឆ្លងជំងឺហ្ស៊ីកាដល់ស្ត្រីដែលមានគភ៌ មជ្ឈមណ្ឌលការពារ និងត្រួតពិនិត្យជំងឺនៃសហរដ្ឋអាមេរិក ផ្តល់ដំបូន្មានដល់បុរស ត្រូវការពារសុវត្ថិភាពនៃការរួមភេទរយៈពេល ៦ខែ។

Loading...

មជ្ឈមណ្ឌលការពារ និងត្រួតពិនិត្យជំងឺនៃសហរដ្ឋអាមេរិក ប្រកាសអាសន្នដោយស្នើសុំឲ្យស្ត្រីជនជាតិអាមេរិក ដែលមានផ្ទៃពោះ ផ្អាកធ្វើដំណើរឆ្លងដែនដែលមិនចាំបាច់ទៅប្រទេសចំនួន១១ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែព្រួយបារម្ភពីការឆ្លងជំងឺហ្ស៊ីកា។ ប្រទេសទាំងនោះរួមមាន កម្ពុជា ថៃ វៀតណាម និងប្រទេសផ្សេងទៀត។

កាលពីថ្ងៃសុក្រ ទី៣០ កញ្ញា សប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ទារកចំនួនពីរនាក់ដែលម្តាយឆ្លងជំងឺហ្ស៊ីកា កើតមកមានក្បាលតូចខុសពីធម្មតា។ អង្គការសុខភាពពិភពលោក ជំរុញឲ្យប្រទេសដែលមានឆ្លង និងកើតជំងឺហ្ស៊ីកា ចាត់វិធានការដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយជំងឺហ្ស៊ីកា និងការឆ្លងដល់ទារកក្នុងផ្ទៃម្តាយ៕

ប្រភព៖ rfa