ភ្លៀងប៉ុន្មានថ្ងៃនេះ ទឹកជន់លិចដល់.ក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើនថ្ងៃ​​បន្តបន្ទាប់​មក ធ្វើ​ឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ចាប់ពី​ចំណុច​រង្វង់​មូល​ចោម​ចៅ ​​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដល់​ត្រង់​ចំណុច​ផ្សារ​ថ្នល់ទទឹង ស្ថិត​ក្នុង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល (ជិត២០Km) កំពុងត្រូវ​ទឹកភ្លៀង​ជន់​​លិច​​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក ។

ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​០៤ តុលា នេះ គេ​ឃើញ​ត្រង់​មុខ​សាលាក្តី​ខ្មែរក្រហម ក្នុងភូមិ​អង្គ កន្លែង​ខ្លះ​លិច​ដល់​ត្រឹម​ភ្លៅ​​ ហើយ​កន្លែង​​ខ្លះទៀត​លិច​តិច ដែល​ការ​លិច​នេះ មាន​ប្រវែង​​​ជាង​៥០០​ម៉ែត្រ​​ឯណោះ ។ រីឯ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ក៏​ជន់​លិច​ផង​ដែរ រហូត​ដល់​មានកម្លាំង​​នគរបាល​ចរាចរណ៍ ត្រូវ​​ចុះ​អន្តរាគមន៍​ប្រចាំ​ទីនោះដើម្បីសម្រួលចរាចរណ៍ទៅមក បើមិន​ដូច្នេះ​ទេ ​អ្នកដំណើរ​មិន​អាច​វិល​កង់​ទៅ​មក​បាននោះ​ទេ ។