ក្តីបារម្ភ​ការវាយប្រហារលើអន្លង់​សត្វផ្សោត

ខេត្តស្ទឹងត្រែង ​៖ សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​បាន​លើក​ឡើង​ថា​​ ការ​សាងសង់​ទំនប់​វារី​អគ្គិស​នី​ដ​ន​សា​ហុង បាន​​ជះ​ឥទ្ធិពល​ខ្លាំង​ មក​លើ​ទន្លេ​មេ​ង្គ​បែក​ខាងក្រោម ​ដែលរងការប៉ះ​ពាល់​​មិន​ឈប់​មិនឈរ ​ពិសេស​ប្រជាពលរដ្ឋ​សហគមន៍​​តំបន់​អេកូ​ទេសចរណ៍​ធម្ម​ជាតិ​សត្វ​ផ្សោ​តកម្រ​​ជាដើម ​។

​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ឈើទាល​ ឃុំ​ព្រះ​រំកិល​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​លោក យ៉ិ​ន វុ​ធ បាន​និយាយ​ថា​ តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​អន្លង់​ឈើទាល ធ្លាប់​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ទ្រទ្រង់​ជីវភាព ដែល​ទទួល​បាន​ពី​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទស្ស​នា​សត្វ​ផ្សោត​កម្រ​ជាមួយ​ទូក​កៃ​យ៉ាក់ ​ព្រមទាំង​តំបន់​លិច​ទឹកព្រៃ​រាំ​សារ​ផង​នោះ​ ត្រូវ​បាន​ធ្លាក់​ចុះ​ក្នុង​កំឡុង​២​ឆ្នាំ​មកនេះ​ ដោយសារ​ការ​ប៉ះពាល់​បរិស្ថាន​ទឹក​កខ្វក់​ហូរ​មក​ពី​ទំ​បន់​វា​រី​អគ្គិស​នី​ដ​ន​សា​ហុង​ ដែល​កំពុង​សាងសង់​ធ្វើ​ឲ្យ​ដំណើរការ​រស់នៅ​របស់​សត្វ​ផ្សោ​ត​ត្រូវ​ប​ម្លា​ស់​ទី ​។

​លោក​​បន្ត​ថា ​នា​ពេល​ថ្មី​ៗនេះ​ កាលពីថ្ងៃ​ទី​២៩​ និង​៣០​ កញ្ញា​ ទឹកបាន​វាយប្រហា​មក​លើ​ច្រាំង​ទន្លេ​អន្លង់​សត្វ​ផ្សោត​ ដែល​បង្ក​​ឲ្យ​
ក្យូស​​មួយ​ល្វែង​ និង​ជើង​តាង​តម្កល់​និមិត្តរូប​សត្វ​ផ្សោត​​បាក់​ធ្លាក់​ចូល​ទន្លេ​ទាំងស្រុង​ ផ្ទះសំណាក់​ទេសចរណ៍​មួយ​ត្រូវ​រុះរើ ផ្ទះ​អាហារ​ដ្ឋា​ន​មួយ​ល្វែង​​ត្រូវ​សែង​ជម្លៀស​ចេញ ដោយសារ​កម្លាំង​ទឹក​ហូ​រ​បុក​មក​ពី​ទំនប់​ដ​ន​សា​ហុង បន្ទាប់​ធ្លាក់​ភ្លៀង​ខ្លាំង ។