ស៊ីម៉ាក់​សហការ​នឹង​ក្រុមហ៊ុន​ជប៉ុន​ដាំ​ស្មៅ​ផ្អែម​ផលិត​ចំណី​សត្វ​ និពន្ធដោយ : អ៊ីសា រ៉ហានី       October-04-2016, 5:21 pm         158

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស៊ីម៉ាក់​សហការ​នឹង​ក្រុមហ៊ុន​ជប៉ុន​ដាំ​ស្មៅ​ផ្អែម​ផលិត​ចំណី​សត្វ​​សៀមរាប​៖ ក្រៅពី​ការងារ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ហើយ​នោះ ក្នុងនោះ ស៊ីម៉ាក់ (CMAC) ក៏​បាននិងកំពុង​ជួយ​អភិវឌ្ឍន៍​សហគមន៍រ​ង​គ្រោះ​ដោយ​ការ​គ្រាប់មីន​ផងដែរ​។ ក្នុងទិសដៅ​នេះ ស៊ីម៉ាក់​បាន​សហការ​នឹង​ក្រុមហ៊ុន យ៉ាន់​ម៉ា (Yanmar) របស់​ជប៉ុន ដើម្បី​វិនិយោគ​ដាំំ​ស្មៅ​ផ្អែម ឫ​ភាសា​បច្ចេកទេស​ហៅថា SORGHUM នៅលើ​ផ្ទៃដី​អភិវឌ្ឍន៍​របស់​អង្គការ​ស៊ីម៉ាក់​។​

​គម្រោង​ដាំ​ស្មៅ​ផ្អែម ដែល​ស៊ីម៉ាក់​បាន​សហការ​ជាមួយ​ក្រុមហ៊ុន យ៉ាន់​ម៉ា របស់​ជប៉ុន គឺ​នៅលើ​ផ្ទៃដី​៥​ហិកតា​។ គម្រោង​នេះ នឹង​អនុវត្តន៍​នៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់​មរតក​តេ​ជោ ស្ថិតនៅ​ខេត្តបាត់ដំបង​។​

​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​៤ តុលា​ថា ស៊ីម៉ាក់ កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ចំនួន​២ លើ​ការងារ​អភិវឌ្ឍន៍​។ លោក​បញ្ជាក់ថា ក្រុមហ៊ុន​មួយ​របស់​ជប៉ុន បាននិងកំពុង​ជួយ​លើ​ផ្នែក​ប្រេង​ឥន្ទ​នៈ និង​មួយទៀត​គឺ​ក្រុមហ៊ុន យ៉ាន់​ម៉ា ដែល​វិនិយោគ​លើ​ដំណាំ​ស្មៅ​ផ្អែម​។

​តាម​ការពន្យល់​របស់​លោក ហេង រតនា ស្មៅ​ផ្អែម ឫ SORGHUM ត្រូវបាន​នាំចូល​ពី​ប្រទេស​ជប៉ុន ដែល​វា​មាន​ប្រភពដើម​ចេញពី​ប្រទេស​អាហ្វ្រិក និង​ស៊ូដង់​។ លោក​បន្តទៀតថា ស្មៅ​ផ្អែម គ្រាប់​របស់​វា​ស្រដៀង​នឹង​គ្រាប់​ត្រកួន ហើយ​ជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ ព្រោះ​វា​ធន់​នឹង​អាកាសធាតុ និង​លូតលាស់​បាន​លឿន​។ លោក​បន្ថែមទៀតថា​៖« ស្មៅ​ផ្អែម​មាន​កម្ពស់​ពី​៤​ទៅ​៥​ម៉ែត្រ​។ ក្នុង​មួយ​ហិកតា យើង​អាច​ប្រមូល​ផល​បាន​១០០​តោន​(​ក្នុង​មួយ​សា​) ហើយ​គេ​អាច​ច្រូត​បាន​៣​សា​»​។

ស៊ីម៉ាក់​សហការ​នឹង​ក្រុមហ៊ុន​ជប៉ុន​ដាំ​ស្មៅ​ផ្អែម​ផលិត​ចំណី​សត្វ​ និពន្ធដោយ : អ៊ីសា រ៉ហានី       October-04-2016,  5:21 pm         158

​តាមពិតទៅ មុននឹង​ចាប់ផ្តើម​សហការ​វិនិយោគ​ដាំ​ស្មៅ​ផ្អែម​នេះ ស៊ីម៉ាក់ និង​ក្រុមហ៊ុន យ៉ាន់​ម៉ា ធ្លាប់​ធ្វើការ​រួមគ្នា​លើ​ការងារ​អភិវឌ្ឍន៍​ជាច្រើន​រួចមកហើយ មានដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ ហើយ​មុននឹង​ឈានដល់​ការវិនិយោគ​ជាក់ស្តែង​នេះដែរ ស៊ីម៉ាក់​ក៏បាន​ដាំ​ស្មៅ​ផ្អែម​សាកល្បង​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​ដែរ​។ ទាំង​ស៊ីម៉ាក់ ជាពិសេស​ក្រុមហ៊ុន​ជប៉ុន មាន​ជំនឿ​ចិត្ត​ខ្ពស់ លើ​ការវិនិយោគ​ថ្មី​នេះ ថា​វា​ជា​ឳ​កាស​សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​។​

​ក្នុងដំណាក់កាល​សាកល្បង​នេះ ដំណាំ​ស្មៅ​ផ្អែម គឺ​ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​៣ រួមមាន​ក្រុមហ៊ុន យ៉ាន់​ម៉ា ស៊ីម៉ាក់ និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ តាម​ការបញ្ជាក់​របស់​លោក ហេង រតនា វា​ក៏​មិនទាន់​ក្លាយជា​ផលិតកម្ម​កសិកម្ម​ជា​ផ្លូវ​នៅឡើយ​ដែរ​។ ក្នុងដំណាក់កាល​នេះ​ទៀតសោត SORGHUM គ្រោង​នឹង​ផលិត​ជា​ចំណី​សត្វ ទាំង​គោ​សាច់ និង​គោ​ទឹកដោះ​។ ក្រៅពី​ចំណី​សត្វ ស្មៅ​ផ្អែម​ក៏​អាច​ផលិត​ជា​ស្ករ​បានដែរ ដែល​វា​មាន​ជាតិ​ស្ករ​ប្រមាណ​ពី​៧ ទៅ​១២% ហើយ​វា​ក៏​អាច​ច្នៃ​ជា​ប្រេង​អ៊ី​តាណ​ល់​បាន​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង រតនា​។​

​ដំណាំ SORGHUM គឺ​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅ​បណ្តា​ប្រទេស​លើ​សកលលោក រួមមាន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល កាណាដា រួម​និង​អូស្ត្រាលី​ជាដើម វា​ជា​ប្រភព​សំខាន់​សម្រាប់​ចំណី​សត្វ​គោ​។ ទោះជា​មានការ​ពិសោធន៍​ហើយក៏​ពិតមែន តែ​ក្នុងដំណាក់កាល​ដំបូង​នេះ ក្រុមហ៊ុន​យ៉ាន់​ម៉ា គ្រោង​ដាំ​ស្មៅ​ផ្អែម​រយៈពេល​៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំនេះ រហូតដល់​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​សម្លឹងមើល​ទីផ្សារ​ក្នុងស្រុក​ជាសំខាន់​។ តាម​ការបញ្ជាក់​របស់​លោក ហេង រតនា ក្នុង​គម្រោង​នេះ ក៏មាន​ការផ្តល់​ជំនួយ​ពី​អង្គការ JICA ជប៉ុន ហើយ​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សិក្ខាសាលា​ស្តីពី​កសិកម្ម SORGHUM និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ សិក្ខាសាលា ដែល​រៀបចំឡើង​ដោយ​អង្គការ​ស៊ីម៉ាក់ មាន​គោលដៅ​ជំរុញ​ផលិតកម្ម​កសិកម្ម ដោយ​ជួយ​លើ​បុគ្គលិក​ចូលនិវត្តន៍​របស់​ស៊ីម៉ាក់ រួម​និង​ជនរងគ្រោះ​ផង​។ សិក្ខាសាលា​នេះ ក៏​គ្រោង​នឹង​លម្អិត​ពី​បច្ចេកទេស​ច្រូត ការ​ចិញ្ច្រាំ​ដោយ​ម៉ាស៊ីន រួម​និង​ការ​វេច​ខ្ចប់ ដើម្បី​រក្សា​គុណភាព​ស្មៅ​បានយូរ​ផងដែរ​។​ល​៕