​មេធាវី​របស់​ឯកឧត្តម កឹម សុខា នឹងដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍ នៅ​ស​ប្តា​ហិ៍​នេះ និពន្ធដោយ : ម៉ៅ សុផា       October-04-2016, 5:40 pm         27

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​មេធាវី​របស់​ឯកឧត្តម កឹម សុខា នឹងដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍ នៅ​ស​ប្តា​ហិ៍​នេះ​ភ្នំពេញ​៖ ក្រុម​មេធាវី ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៦ ថ្ងៃទី​៧ ខែតុលា ដើម្បី​ប្រឆាំងនឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឲ្យ​កូនក្តី​របស់​ពួកគេ មានទោស​កំហុស កន្លងមក​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប របស់​ឯកឧត្តម កឹម សុខា​។

​លោក សំ សុ​គង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​មេធាវី​នឹង​បន្ត​ជួបជុំគ្នា​ម្តងទៀត មុននឹង​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​។ លោក​ពន្យល់ថា  សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​ដាក់​ឲ្យ​អនុវត្ត​បានទេ នៅពេលដែល​ក្រុម​មេធាវី​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​។ លោក​មេធាវី​រូ​នេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​បើ​មិន​ថ្ងៃ​ព្រហស្បតិ៍ ក៏​ថ្ងៃ​សុក្រ​ដែរ យើង​នឹងដាក់​បណ្តឹង​ទៅ​ឧទ្ធរណ៍​។ បើ​យើង​ប្តឹងទៅ​ឧទ្ធរណ៍ សាលក្រម​ហ្នឹង ត្រូវ​បង្អាក់​ការអនុវត្ត​សិន​។​

​គួរ​កត់សម្គាល់ថា កាលបរិច្ឆេទ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា ដែល​កំណត់ថា នឹង​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃស្អែក គឺ​ប្រកៀក​ប្រកិត​នឹង ការសម្រេចចិត្ត​របស់​ក្រុម​មេធាវី ដែល​គ្រោង​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ក្នុងពេល​ឆាប់ៗ​នេះ​។ លោក សំ សុ​គង់ បកស្រាយ​ថា ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត មិន​ប៉ះពាល់​អ្វី​ដល់​ឯកឧត្តម កឹម សុខា នោះទេ​។ លោក បន្តថា បើទោះបីជា​ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ក៏ពិតមែន តែ​កូនក្តី​របស់លោក នៅតែមាន​សិទ្ធិ​ពេញលេញ ក្នុងការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ព្រោះ​សាលក្រម​មិនទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ទៅកាន់​ឯកឧត្តម កឹម សុខា ទាក់ទង​នឹង​ការផ្តន្ទាទោស ឲ្យ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ប្រាក់ ៨​សែន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។ តាមច្បាប់ សាលក្រម នឹង​ចូល​ជា​ស្ថាពរ បន្ទាប់ពី​រយៈពេល​១​ខែ នៃ​ការជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដូច្នេះ ប្រសិនបើ​ក្រុម​មេធាវី​មិន​បន្ត​ប្តឹងទៅ​សាលាឧទ្ធរណ៍​ទេ សាលា​ក្រម នឹង​ចូល​ជា​ស្ថា​ព័រ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ដែល​តម្រូវ​ឲ្យ​ឯកឧត្តម កឹម សុខា អនុវត្តតាម​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ដើមចម ដែល​នាំ​ឲ្យ​មានការ​កាត់ទោស​លើ​ឯកឧត្តម កឹម សុខា ដូច្នេះ គឺ​កើតឡើង​ពី​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។  ស្រីមុំ ដែល​គេ​សង្ស័យថា មានរឿង​អាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម កឹម សុខា បានដាក់​លិខិត ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី ប្តឹង​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ពីបទ «​សញ្ចារកម្ម​»​។ ក្រោយមក សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចំនួន​ពីរដង ដើម្បី​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ជុំវិញ​បណ្តឹង​របស់ ស្រីមុំ ខាងលើ​។ ប៉ុន្តែ​ឯកឧត្តម កឹម សុខា បាន​បដិសេធ​នឹង​ការកោះហៅ​ទាំង​ពីរលើក​។ មូលហេតុ​នេះហើយ ទើប​ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលា​ការចាត់​ទុក្ខ​ថា ជា​បទល្មើស​ជាក់ស្តែង​៕