ហេតុអ្វីកូឡុំប៊ី​បដិសេធ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាមFarc ?

គួរឱ្យភ្ញាក់ផ្អើលបំផុត សម្រាប់កូឡុំប៊ីខ្លួនឯង និងសម្រាប់ពិភពលោកទាំងមូល នៅពេលឃើញសំឡេងប្រជាពលរដ្ឋភាគច្រើនច្រានចោលកិច្ចព្រមព្រៀងសន្តិភាព ជាមួយពួកឧទ្ទាមFarc តាមរយៈលទ្ធផលឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យម្សិលមិញ។ កិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខាកាលពីថ្ងៃទី ២៦ កញ្ញា ត្រូវមកបិទបញ្ចប់សង្គ្រាមប្រដាប់អាវុធនឹងបង្ហូរឈាម អូសបន្លាយតាំងពី៥២ឆ្នាំមក ប៉ុន្តែហេតុអ្វីបានពលរដ្ឋកូឡុំប៊ីបែរមិនស្រវាអោបសន្តិភាពយ៉ាងដូច្នេះទៅវិញ ?!

គ្មាននរណានឹកស្មានដល់ទេ ! ការស្ទង់មតិចុងក្រោយក៏បានបង្ហាញមានពលរដ្ឋដល់ទៅប្រមាណពីរភាគបី ត្រៀមទទួលកិច្ចព្រមព្រៀងសន្តិភាព តែនៅទីបំផុត បើតាមលទ្ធផល ជាផ្លូវការ សំឡេងបដិសេធ ឆ្លើយ “ទេ” នឹងកិច្ចព្រមព្រៀងមានដល់ទៅ ៥០,២១% ទល់នឹងសំឡេងគាំទ្រ ៤៩,៧៨% ពោលគឺឈ្នះចាញ់គ្នាតែប្រមាណ៦ម៉ឺនសំឡេងតែប៉ុណ្ណោះ។

Loading...

ប្រធានាធិបតីកូឡុំប៊ី លោក សិនតូស ដែលជាភាគីហត្ថលេខីម្នាក់នៃកិច្ចព្រមព្រៀងក៏បានប្រកាសទទួលស្គាល់ហើយដែរ ថាក្រុមប្រឆាំង ជាឈ្នះនៅក្នុងប្រជាមតិម្សិលមិញ។ ប្រឈមមុខនឹងលទ្ធផលនេះ សហគមន៍អន្តរជាតិ ជាពិសេសន័រវែសដែលជាប្រទេសជំហរសន្តិភាពកូឡុំប៊ី បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងអំពាវនាវឱ្យគ្រប់គ្នាជួយសង្គ្រោះកិច្ចព្រមព្រៀងសន្តិភាព។

ហេតុអ្វី ពលរដ្ឋកូឡុំប៊ី ច្រានចោលកិច្ចព្រមព្រៀងសន្តិភាព ដែលគេទន្ទឹងរង់ចាំតាំងពីយូរ ?

បើគិតមួយភ្លែតភ្លាម គេយល់ថាពលរដ្ឋកូឡុំប៊ី ទំនងជាមិនជ្រួតជ្រាប អំពីខ្លឹមសារនៃកិច្ចព្រមព្រៀង ទើបនាំគ្នាច្រានចោល។ ម្យ៉ាងទៀត ដោយមកពីខាងប្រឆាំងធ្វើការឃោសនាខ្លាំង ឯខាងអ្នកគាំទ្រដឹកនាំដោយប្រធានាធិបតី សិនតូស ប្រហែសជ្រុល ជឿជាក់ពេកថាគ្មាននរណាបដិសេធសន្តិភាព។ តែបើគេវិភាគឱ្យល្អិតល្អន់ទៅអាចមានមូលហេតុច្រើន ដែលសំឡេងបដិសេធកិច្ចព្រមព្រៀង បានទទួលជោគជ័យ ៖

គ្មានការកាត់ទោស ៖ បើតាមតួលេខអាជ្ញាធរកូឡុំប៊ី សង្គ្រាមបង្ហូរឈាមជាមួយពួកឧទ្ទាមហ្វាក បានបង្កឱ្យពលរដ្ឋកូឡុំប៊ីជាង២៦០០០០នាក់បាត់បង់ជីវិត ៤៥០០០នាក់បាត់ខ្លួន និងជិត៧លាននាក់ត្រូវបង្ខំចិត្តធ្វើភៀសខ្លួន ឬធ្វើបំល្លាស់ទី។ បើគិតអំពីចំនួនជនរងគ្រោះនេះ ពួកហ្វាកបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ តែបែរជាបានរួចខ្លួនដោយគ្មានឆ្លងកាត់ការកាត់ទោសអ្វីទេ !

ខ្លាចលទ្ធិកុម្មុយនិស្ត ៖ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ពួកធ្លាប់ជាឧទ្ទាមប្រដាប់អាវុធ ដៃប្រលាក់ឈាមនេះ នឹងក្លាយទៅសមាជិកសភា ឈរឈ្មោះឱ្យគេបោះឆ្នោតសភា និងប្រធានាធិបតី។ ក្រុមឧទ្ទាមប្រដាប់អាវុធបដិវត្តហ្វាក នឹងក្លាយទៅបក្សនយោបាយមួយ ដែលជាបក្សកុម្មុយនិស្តបែបម៉ាកនិយម ស្និទ្ធនឹងគុយបា វេណេស៊ុយអេឡា និងដែលប្រជាពលរដ្ឋកូឡុំប៊ីមិនចង់បាន មិនចង់ជួបឡើយ។

ប្រឆាំងនឹងប្រធានាធិបតីអប្រជាប្រិយភាព ៖ នៃការច្រានចោលកិច្ចព្រមព្រៀងនេះ មិនមែនមកពីពលរដ្ឋកូឡុំប៊ី ច្រានចោលសន្តិភាពទេ ! តែជាការបដិសេធប្រឆាំងនឹងប្រធានាធិបតី ហ័នម៉ាណុយអែល សិនតូស។ ថ្វីបើលោកប្រមុខរដ្ឋបានសម្រេចជោគជ័យជូនប្រទេស ដោយបានចុះហត្ថលេខា នៅថ្ងៃទី ២៦ កញ្ញា ២០១៦ លើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ជាមួយពួកឧទ្ទាមហ្វាក បិទបញ្ចប់សង្គ្រាមបង្ហូរឈាមជាងកន្លះសតវត្សរ៍មែន ប៉ុន្តែរូបលោកផ្ទាល់ជាប្រធានាធិបតីមានប្រជាប្រិយភាពត្រឹម២០%នៅឆ្នាំនេះ។ ពលរដ្ឋកូឡុំប៊ីចង់បន្តផ្សះផ្សាជាតិ ចង់បានសន្តិភាពពិតៗ តែមិនអាចបណ្តោយឱ្យប្រទេសធ្លាក់ក្នុងកណ្តាប់ដៃពួកចោរព្រៃឧទ្ទាម និងមនុស្សក្អេងក្អាងដូចលោកសិនតូសបានឡើយ។

អវត្តមានពេលបោះឆ្នោត ៖ អត្រាអ្នកអវត្តមានមិនទៅបោះឆ្នោតច្រើនពេក។ នៅក្នុងការបោះឆ្នោតប្រជាមតិម្សិលមិញនេះ អត្រាអ្នកចូលរួមមានត្រឹមតែ ៣៧%ប៉ុណ្ណោះ។ អាជ្ញាធរបានអះអាង ដោយសារតែព្យុះភ្លៀងខ្លាំងពេកទើបរំខានខ្លាំងដល់ការធ្វើដំណើរទៅបោះឆ្នោត។ ប៉ុន្តែ អវត្តមានមិនទៅបោះឆ្នោតបានក្លាយជាប្រពៃណីកូឡុំប៊ីទៅហើយ។ តាំងពីឆ្នាំ១៩៥៨មក អត្រាអ្នកចូលរួមបោះឆ្នោតមានត្រឹមតែពី ៣៣ទៅ ៥៨,៤៧% ប៉ុណ្ណោះ មិនដែលឡើងច្រើនហួសពីនេះឡើយ។

កិច្ចព្រមព្រៀងផុយស្រួយ និងស្ថានភាពលែងជាក់លាក់ ?
ប្រជាមតិកាលពីថ្ងៃអាទិត្យ មិនមែនជាដំណើរការដ៏ចាំបាច់ កំហិតដោយច្បាប់ ឬក្នុងកិច្ចព្រមព្រៀងអ្វីណាទេ ! ប៉ុន្តែលោកប្រធានាធិបតីសិនតូស ចង់បង្ហាញថា កិច្ចព្រមព្រៀងសន្តិភាព ដែលបានទទួលការស្វាគមន៍ពីសហគមន៍អន្តរជាតិទាំងមូល មានភាពស្របច្បាប់ខ្លាំង ទូលំទូលាយ ដែលពលរដ្ឋកូឡុំប៊ីចង់បាន។ ប៉ុន្តែជាមួយលទ្ធផល ថា “ទេ” គឺដូចជាការវាយសំពងលើសិនតូសខ្លួនឯងវិញ និងដូចជាកាំបិតចិតដងឯង កាន់តែបាត់បង់ភាពជាមេដឹកនាំស្របច្បាប់ ក្នុងខណៈដែលប្រជាប្រិយភាពទាបស្រាប់ផង។

ថ្វីបើកិច្ចព្រមព្រៀង អាចមិនរងការបោះពាល់ពីលទ្ធផលអវិជ្ជមានមែន តែភាពមិនជាក់លាក់កំពុងលងប្រទេស។ ព្រោះលោកប្រធានាធិបតីធ្លាប់បានគំរាមថា គ្មានដំណោះស្រាយស្រគួរទេ ហើយប្រសិនបើ ពលរដ្ឋកូឡុំប៊ីមិនព្រមទទួលយកកិច្ចព្រមព្រៀង នោះពួកហ្វាក នឹងត្រលប់ទៅកាន់អាវុធវិញ ព្រមទាំងមិនចរចាគ្នាឡើងវិញជាថ្មីឡើយ។

ប៉ុន្តែ នៅថ្ងៃនេះ លោកប្រធានាធិបតី សិនតូស ដែលកំពុងស្ថិតក្នុងជំហរមិនសូវនឹង គ្រាន់តែបានដឹងលទ្ធផលចាញ់ភ្លាម បានប្រកាសសន្យាថា មិនបានទម្លាក់ដៃចុះញ៉មឡើយ និងបន្តខិតខំស្វែងរកសន្តិភាពទៀត។ បើតាមប្រសាសន៍លោក សិនតូស បទឈប់បាញ់ទ្វេភាគី ជាស្ថាពរ ចាប់ពីថ្ងៃទី ២៩ សីហាមក នឹងនៅតែមានតម្លៃនិងសុពលភាពរហូត។ ជាងនេះទៅទៀត លោកបានប្រកាសកោះហៅ គ្រប់ភាគីនយោបាយ ជាពិសេសបក្សនយោបាយដែលប្រឆាំងកិច្ចព្រមព្រៀង ដើម្បីស្តាប់យោបល់ពួកគេ និងបើកវេទិកាពិភាក្សាគ្នា ថាតើរដ្ឋាភិបាលត្រូវដើរចេញតាមច្រកណា។ ក្រុមបក្សប្រឆាំងដែលដឹកនាំឱ្យអតីតប្រធានាធិបតី លោក អ៊ុយរីបេ ធ្លាប់បានទាមទារ ឱ្យមានការចរចាឡើងវិញជាមួយហ្វាក។ បក្សប្រឆាំងដែលកំពុងស្រកួតដៃទាញចំណេញ ដោយបានបង្ហោះសារបង្រួមបង្រួមជាតិ កុំឱ្យប្រទេសវិលត្រលប់ទៅរកសង្គ្រាមវិញ ដោយបានស្នើសុំបង្កើតកិច្ចព្រមព្រៀងជាតិធំមួយ។

អ្វីៗត្រូវរំពឹងលើពួកហ្វាក ? លោក ទីម៉ូឆេនកូ មេដឹកនាំចលនាហ្វាក ដែលបានសម្តែងការសោកស្តាយពីទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ចំពោះលទ្ធផលប្រជាមតិ ម្សិលមិញ ក៏បានបញ្ជាក់ជំហរជាថ្មីម្តងទៀត គាំទ្រសន្តិភាព ដោយសុំប្រើត្រឹមពាក្យសំដីជាអាវុធ ដើម្បីស្ថាបនាអនាគត៕

ប្រភព៖ rfi