គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ​ម្នាក់ ចាក់​ថ្នាំ​អ្នកជំងឺ ៣ ម្ជុល​ស្លាប់ នៅ​ស្រុក​រមាស​ហែក

គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ​ម្នាក់ ចាក់​ថ្នាំ​អ្នកជំងឺ ៣ ម្ជុល​ស្លាប់ នៅ​ស្រុក​រមាស​ហែក



ស្វាយ​រៀង​: ក្រោយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ស្ត្រី​ម្នាក់ បាន​ហៅ​គ្រូពេទ្យ​ឯកជន​ម្នាក់ មក​ពិនិត្យ និង​ចាក់​ថ្នាំ ៣ ម្ជុល​។ បន្ទាប់​ពី​បាន​ចាក់​ថ្នាំ​ហើយ ស្ត្រី​ម្នាក់​នោះ ក៏​បាន​ប្រកាច់ ដាច់ខ្យល់​ស្លាប់ នៅ​វេលា​ម៉ោង ១​និង​៣០​នាទី ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ច្រក​ម្រាក ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

បើ​តាម​ប្រភព​ពី​ស្ត្រី ដែល​ជា​កូន​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្តាយ​របស់​ខ្លួន ឈ្មោះ ជេ​ត សា​ខន អាយុ​៦៦​ឆ្នាំ មាន​អាកា​រៈ មិន​ស្រួលខ្លួន ឪពុក​បាន​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ ឈ្មោះ អៀ​ក សា​រ៉ា​ន រស់នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ដើម្បី​ពិនិត្យ​ជំងឺ​។

ក្រោយមក នៅ​ម៉ោង​ប្រមាណ ១២​និង​៣០ នាទី ថ្ងៃ​ទី​២ តុលា គ្រូពេទ្យ​ខាងលើ បាន​ដល់​ផ្ទះ​របស់​ខ្លួន ហើយ​បាន​យក​ឧបករណ៍ វាស់​ឈាម​មក​វាស់​ជន​រង​គ្រោះ ហើយ​ក៏​បាន​និយាយ​ថា អ្នកជំងឺ​ឡើង​ឈាម​ដល់ ១៤ និង​មាន​ជំងឺ​បេះដូង ក្រពះ​។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា គ្រូពេទ្យ អៀ​ក សា​រ៉ា​ន ក៏​បាន​ទាញ​យក​ថ្នាំ នៅ​ក្នុង​កាបូប មក​បូម​បាន​ពីរ​ម្ជុល រួច​ក៏​ចាក់​ចំ​ស​សៃ​ខ្នងដៃ​ឆ្វេង ពីរ​ម្ជុល ពុំ​មាន​ប្រតិកម្ម​អ្វី​ទេ​។

បន្ទាប់​មក​ទៀត គាត់​ក៏​បូម​ថ្នាំ​មួយ​ម្ជុល​ទៀត ចាក់​សរសៃ ខ្នងដៃ​ស្តាំ ថែម​មួយ​ម្ជុល ស្រាប់តែ​អ្នកជំងឺ​មាន​អាកា​រៈ​មិន​ស្រួល ហើយ​ម្តាយ​របស់​ខ្លួន បាន​និយាយ​ថា ដូច​ជា​រមាស់មាត់ និង​ហ៊ឹង​ត្រចៀក​ណាស់​គ្រូពេទ្យ ហើយ​ចេះ​តែ​ទន់​ខ្លួន ដៃ ជើង​បន្តិច​ៗ​ម្តង ក៏​ដាច់ខ្យល់​ស្លាប់ តែ​ម្តង​ទៅ​។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា ខណៈ​ដែល​ម្តាយ​របស់​ខ្លួន ស្លាប់ ហើយ​គ្រូពេទ្យ​ខាងលើ ក៏​មិន​ទាន់​ទៅ​ណា​ដែរ ដោយ​បាន​ជួយ​លើក​សា ក​សព​ឡើង​លើ​ផ្ទះ និង​បាន​ផ្តល់​លុយ ចំនួន ៣ សែន​រៀល សំរាប់​ជួយ​សំរួល​ធ្វើបុណ្យ ហើយ​អះអាង​ថា នឹង​ជួយ​ដោះស្រាយ​សំ ណ​ង ជូន​គ្រួសារ​សព ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។

បើ​តាម​លោក ពេជ្រ ចាន់​ដា​រ៉ា ប្រធាន​មណ្ឌល​សុខភាព​អង្គ​ប្រ​ស្រែ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ៣ តុលា នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ អង្គ​ប្រ​ស្រែ និង​មន្ត្រី​ជំនាញ បាន​ទៅ​ពិនិត្យ​សព​ផង​ដែរ ដោយ​បាន​ពិនិត្យ​ឃើញ​ពិតជា មានការ​ចាក់​ថ្នាំ​ពី​លោកគ្រូ​ពេទ្យ​ឯកជន ឈ្មោះ អៀ​ក សា​រ៉ា​ន ចាក់​ទៅ​លើ ជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយ​បាន​បន្សល់​ទុក ស៊ឺ​រាំង​ចាក់​ថ្នាំ ព្រមទាំង​ដប​ថ្នាំ នៅ​កន្លែង​កើតហេតុ ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ចាក់ ទៅ​លើ​ជន​រង​គ្រោះ​នេះ ពុំ​បាន​ត្រឹមត្រូវ ទើប​បណ្តាល​ស្លាប់​បែប​នេះ​។

បើ​តាម​ការ​បញ្ជាក់ ពី​លោក​ប្រធាន​មណ្ឌល​សុខភាព​អង្គ​ប្រ​ស្រែ ថា​គ្រូពេទ្យ​ដែល​ចាក់​ថ្នាំ អោយ​ជន​រង​គ្រោះ​ស្លាប់ នៅ​ភូមិ​ច្រក​ម្រា ក​នេះ បាន​រត់គេច​ខ្លួន​បាត់​ហើយ សមត្ថកិច្ច កំពុង​ស្វែង​ចាប់ខ្លួន ដើម្បី​ធ្វើការ​សាកសួរ​។

តាម​រយៈ​លោក​ប្រធាន​មណ្ឌល​សុខភាព អង្គ​ប្រ​ស្រែ​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ជំងឺ​ត្រូវ​មក​ពិនិត្យ និង​ព្យាបាល នៅ​មណ្ឌល​សុខភាព ឬ​នៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ក្បែរ​លំនៅ​ដ្ឋា​ន ជៀសវាង​ទៅ​ស្វែងរក សេវា​ឯកជន ដែល​គ្មាន​ជំនាញ​ច្បាស់លាស់ នាំ​អោយ​គ្រោះ ថ្នាក់​ដល់​អាយុជីវិត​៕