សហគមន៍​ថា​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះរកា​កើត​មាន​ច្រើន​ក្នុង​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ទើប​តែ​កន្លង​ហួស គឺ​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះរកា ហើយ​ដឹក​ជញ្ជូន​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ បាន​កើត​មាន​យ៉ាង​គំហុក ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ។

បទល្មើស​ព្រៃ​ឈើ​នេះ បាន​កើត​មាន​នៅ​ចន្លោះ​ពេល​ដែល​រដ្ឋបាល​ព្រៃ​ឈើ​ផ្ទេរ​តំបន់​ព្រៃ​ព្រះរកា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​បរិស្ថាន​វិញ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មន្ត្រី​បរិស្ថាន​ចូល​ទៅ​គ្រប់គ្រង​ជំនួស​នៅ​ឡើយ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា កម្លាំង​ប្រជា​សហគមន៍​ដែល​គេ​ប្រមូល​មក​ពី​តាម​ភូមិ​ដើម្បី​ដើរ​ល្បាត មិន​មាន​លទ្ធភាព​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ព្រះរកា ដែល​កំពុង​កើត​មាន​ជាច្រើន​កន្លែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ទេ។

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ អំពាវនាវ​ឲ្យ​ក្រសួង និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ត្រូវ​តែ​ប្រញាប់​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​ចូល​ទៅ​ការពារ​តំបន់​ព្រៃ​ព្រះរកា​ជា​បន្ទាន់។

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ខេត្ត​ព្រះវិហារ គឺ​លោក ពេជ្រ ពាន់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា ថា រយៈពេល​ជាង​កន្លះ​ខែ​មក​នេះ សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះរកា ហើយ​ដឹក​ជញ្ជូន​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់ បាន​កើត​មាន​យ៉ាង​ខ្លាំង។ លោក ពេជ្រ ពាន់ បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​នៅ​ព្រៃ​ព្រះរកា និង​ដឹក​ជញ្ជូន​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​នេះ បាន​កើត​មាន​ខ្លាំង​ចាប់​ពី​អំឡុង​ពេល​កាន់​បិណ្ឌ ដែល​ប្រជាពលរដ្ឋ​ត្រូវ​ការ​ទៅ​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី ព្រម​ទាំង​នៅ​ចន្លោះ​ពេល​ដែល​រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្រគល់​តំបន់​នោះ ទៅ​ឲ្យ​មន្ត្រី​បរិស្ថាន​គ្រប់គ្រង ប៉ុន្តែ​មិន​ទាន់​មាន​មន្ត្រី​បរិស្ថាន​ចូល​ទៅ​កាន់​ទីនោះ​នៅ​ឡើយ៖ «មាន​មនុស្ស​មក​ឈរ​ចាំ​ទិញ​ឈើ​មក​ពី​ខេត្ត​តាកែវ បី​បួន​ប្រាំ​នាក់​ឯណោះ។ ឥឡូវ​នេះ​សកម្មភាព​កាប់​នៅ​ព្រៃ​ព្រះរកា គឺ​មាន​ទាំង​ម៉ាស៊ីន​រ៉ៃ​ដាក់​នៅ​ជាប់​មាត់​ព្រៃ​ផង»

លោក ពេជ្រ ពាន់ ឲ្យ​ដឹង​ថា សកម្មភាព​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ព្រះរកា កំពុង​កើត​មាន​ជាច្រើន​កន្លែង ដូចជា​នៅ​តំបន់​អូរ​បាច​កន្ទប អូរ​ក្រូច ខ្សាច់​ស ក្បាល​សោម និង​ទឹក​ខ្មៅ ជាដើម។

ព្រៃ​ព្រះរកា ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី​ជិត ១០​ម៉ឺន​ហិកតារ គឺ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​ប្រជុំ​ដោយ​ឈើ​ប្រណិត និង​ធំៗ​នៅ​ជាប់​ភូមិសាស្ត្រ​ប្រជុំ​ស្រុក​ចំនួន​បី​របស់​ខេត្ត​ព្រះវិហារ គឺ​ជា​ព្រៃ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​បំផុត បន្ទាប់​ពី​តំបន់​ព្រៃឡង់​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ស្ទើរ​តែ​អស់​ទៅ​ហើយ។

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ព្រៃ​ព្រះរកា​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា រូប​លោក​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ការពារ​ព្រៃ​ឈើ គឺ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ព្រះរកា​ជា​រៀង​រាល់​ថ្ងៃ៖ «ឃើញ​ដឹក​ចេញ​ចូល​មក​ខេត្ត​តាម​គោយន្ត និង​តាម​ឡាន​ជា​ហូរហែ។ បើ​គោយន្ត​ឃើញ​ឲ្យ​តែ​ម៉ោង​៣ ម៉ោង​៤ ទៀប​ភ្លឺ គឺ​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ»

ប្រជាពលរដ្ឋ​រិះគន់​ថា នៅ​តាម​ដង​ផ្លូវ​នៃ​តំបន់​ព្រៃ​ព្រះរកា គេ​ឃើញ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ប៉ូលិស​ខ្លះ​ដាក់​ប៉ុស្តិ៍​ជា​ហូរហែ ក៏ប៉ុន្តែ​ប៉ុស្តិ៍​ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ទេ គឺ​ឈរ​ចាំ​ទារ​លុយ​ពី​អ្នក​ដឹក​ឈើ និង​អ្នក​កាន់​ម៉ាស៊ីន​ទៅ​អារ​ឈើ​ជាដើម។

ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១៣ អ្នក​កាប់​ឈើ​ខុស​ច្បាប់​តែង​ឆ្លៀត​ឱកាស​ចូល​ទៅ​តំបន់​ព្រៃ​ព្រះរកា ដូចជា​នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ពេល​ដែល​គណបក្ស​នយោបាយ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ មាន​ជម្លោះ​ផ្នែក​នយោបាយ​តានតឹង និង​ពេល​រដូវ​បុណ្យ​ទាន ដែល​សហគមន៍​ការពារ​ព្រៃ​ឈើ​ផ្អាក​ដើរ​ល្បាត​ការពារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។