ហួសហេតុ ! លើក​មុន​ថៃ លើក​នេះ​វៀតណាម​ម្តង

ខេត្តកំពត ៖ មន្ត្រី​នគរបាល​វរ​សេនា​តូច​លេខ​៦០១​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ខាង​វៀតណាម​បាន​ហាមឃាត់​មិន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ជញ្ជូន​ផ្លែស្វាយ​ចូល​ស្រុក​គេ​តាម​ច្រក​ទ្វារ​អន្តរ​ព្រែក​ចាក​តាំងពី​បុណ្យ​ភ្ជុំបិណ្ឌ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ ក៏​នៅ​តែ​គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ ដែល​ការ​ហាមឃាត់​នេះ​មន្ត្រី​នគរបាល​រូប​នោះ​និយាយ​ថា គាត់​ក៏​មិនដឹង​ពី​មូលហេតុ​ដែរ ។

ប្រភពក្រៅផ្លូវការបានឲ្យដឹងថា ទោះបីជា​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​វៀតណាម​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​និង​អ្នក​រកស៊ី​ជួញ​ផ្លែស្វាយ​កម្ពុជា​បាន​ត្រូវរ៉ូវ​គ្នា​ដឹក​ជញ្ជូន​ផ្លែស្វាយ​ទាំងនោះ​តាម​ទូក​ឆ្លងកាត់​តាម​ច្រករបៀង​តូច​ៗ​នៅ​ខាងកើត​ច្រក​ទ្វារ​អន្តរជាតិ​ដែរ ។

ប្រជាពលរដ្ឋ​ជា​អ្នក​ដឹក​ជញ្ជូន និង​អ្នក​រកស៊ី​ជំនួញ​ផ្លែស្វាយ​ទៅ​វៀតណាម បាន​សំណូមពរ​យ៉ាង​ទទូច​ទៅ​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ពួក​គាត់​អាច​ដឹក​ជញ្ជូន​ផ្លែស្វាយ​ចូល​ប្រទេស​វៀតណាម​វិញ​ផង ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ និង​អាជីវករ​ជាង​៤០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ឱ្យ​ខាង​ភាគី​ថៃ​បើក​ឱ្យ​ពួក​គេដឹក​ផ្លែស្វាយ​កែវ​រមៀត​ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ ខណៈ​ថៃ​បិទ​មិន​ឱ្យ​ចូល​តាំងពីថ្ងៃ​ទី​០៨ ខែកញ្ញា មក​ម្ល៉េះ ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​នាំ​កសិផល​ចេញ​យ៉ាង​ខ្លាំង រីឯ​ទំនិញ​ថៃ​គ្រប់​ប្រភេទ បាន​ហូរ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​រាល់​ព្រឹក​ថ្ងៃ​ល្ងាច​យប់​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​គិត​អំពី​បញ្ហា​ខូចគុណភាព​នោះ​ឡើយ ។

លុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​ប៉ៃលិន រួម​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន ដូច​ជា​មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម សាខា​កាំកុងត្រូល នគរបាល​អន្តោប្រវេសន៍ សាខា​គយ​និង​រដ្ឋាករ សមាគម​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ចូល​ទៅ​ចរចា​ជាមួយ​ភាគី​ថៃ ក្នុង​ទឹកដី​ខេត្ត​ចាន់​បូ​រី ដើម្បី​សុំ​ថៃ​បើក​ឱ្យ​អាជីវករ​ខ្មែរ​នាំ​កសិផល​ផ្លែស្វាយ​កែវ​រមៀត​ចូល​ទៅ​លក់ដូរ​នៅ​ទីនោះ​ដូច​ពី​មុន តែ​អត់​បាន​លទ្ធផល ។ លុះ​ក្រោយមក​នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែ​ឆ្នាំ​ដដែល ទើប​អាជ្ញាធរ​ខ្មែរ​ចូល​ទៅ​ជួប​ចរចា​ជា​លើក​ទី​២ ដោយ​លើកយក​ហេតុផល​ផ្សេង​ៗ​មក​ពន្យល់ ទើប​ខាង​ថៃ​យល់ព្រម​ឲ្យ​នាំ​ផ្លែស្វាយ​កែវ​រមៀត​ចូល​ជា​ធម្មតា​វិញ ៕