គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ពោធិ៍សាត់​និង​កំពង់ឆ្នាំង​កើន​ឡើង​ក្នុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​បួន​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០១៦ បាន​កើន​ឡើង​ជាង​ឆ្នាំ​២០១៥។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បញ្ជាក់​ថា គ្រោះថ្នាក់​ភាគច្រើន​បណ្ដាល​មក​ពី​បើកបរ​លើស​ល្បឿន​កំណត់ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

មន្ត្រី​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ខេត្ត​ទាំង​ពីរ ពង្រឹង​ការ​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍ និង​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​ក្នុង​ពេល​បើកបរ។

ខេត្ត​ពោធិ៍សាត់ មាន​អ្នក​គ្រោះថ្នាក់ ១០​លើក បណ្ដាល​ឲ្យ​មនុស្ស​របួស​ធ្ងន់​ស្រាល ៤៨​នាក់ និង​នៅ​ខេត្ត​កំពង់ឆ្នាំង មួយ​ករណី បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់​ក្នុង​រយៈពេល​បួន​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២ ខែ​តុលា។

នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក រស់ ចំរើន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ថា ពីរ​ឆ្នាំ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង ៤៨​នាក់ ដោយ​ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​បួន​លើក និង​មនុស្ស​របួស ១៣​នាក់​ទេ៖ «នៅ​ក្នុង​ចំណោម ១០​ករណី បញ្ហា​ល្បឿន​មាន​បី​ករណី​ហើយ អ៊ីចឹង​បញ្ហា​ល្បឿន​លេខ​មួយ​ហើយ។ របួស​ក្នុង​ឆ្នាំ​២០១៥ គិត​ទាំង​ធ្ងន់​ស្រាល​មាន​តែ ១៣​នាក់​ទេ។ វា​កើន​ឡើង​ចំនួន ៣៥​នាក់»

ចំណែក​នៅ​ខេត្ត​កំពង់ឆ្នាំង វិញ​ពុំ​មាន​គ្រោះថ្នាក់​ចរាចរណ៍​សោះ​ក្នុង​រយៈពេល​បួន​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ តែ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​មាន​គ្រោះថ្នាក់​មួយ​ករណី​នៅ​ស្រុក​កំពង់ត្រឡាច បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់។

នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈឹម សារុន ថ្លែង​ថា គ្រោះថ្នាក់​មួយ​ករណី​នេះ​បង្ក​ដោយ​តៃកុង​ឡាន​ងងុយ​ដេក ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ៖ «ជិះ​ម៉ូតូ​ទៅ​លេង​ស្រុក​ដល់​កំពង់ត្រឡាច អា​តៃកុង​ឡាន​ងោក​យ៉ាង​ម៉េច​ទេ? យើង​បង្កើន​ការ​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍ ដូចជា​យើង​អប់រំ​តាម​គោលដៅ​ដែល​យើង​ចុះ និង​តាម​បេនឡាន​អ៊ីចឹង​ទៅ​ណា។ យើង​បិទ​ស្ទីកឃ័រ (Sticker) នោះ​ផង ហើយ​អប់រំ​អ្នក​ប្រើប្រាស់​ផ្លូវ​ឲ្យ​យល់​ពី​ផ្លូវ​ច្បាប់ ជាពិសេស​ប្រើ​ល្បឿន និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង»

ទោះ​បី​ជា​យ៉ាង​ណា របាយការណ៍​អគ្គនាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ តុលា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ៤២​លើក ដោយ​មាន​មនុស្ស​ស្លាប់​ចំនួន ១៩​នាក់ ដោយ​ថយ​ចុះ​ចំនួន ២​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ចំនួន​អ្នក​របួស​មាន ៦៩​នាក់។ តួលេខ​នេះ​ថយ​ចុះ​ចំនួន ៣០​នាក់​នៅ​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។