ម៉ូតូ​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ

ខេត្តសៀមរាប ៖ ម៉ូតូ​បុក​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ បាក់ដៃ​ខាងឆ្វេង ខណៈ​ដែល​គាត់​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៦​ពី​ជើង​ទៅ​ត្បូង រួច​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំ​ណុ​ង​មុខ​វត្ត​ដំរី​ឆ្លង ស្ថិត​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៦​ថា ម៉ូតូ​ដែល​បង្ក​នោះ​ម៉ាក Pulsar NS150 ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GA-5913 បើកបរ​ដោយ​ឈ្មោះ សុង ល័​ក្ខ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ឆ​ម សា​វី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវជា​ប្រពន្ធ បើក​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ ក៏​ជ្រុ​ក​ទៅ​បុក​ស្ត្រី​ម្នាក់​ដែល​បាន​ដើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ជើង​ទៅ​ត្បូង បណ្តាល​ឱ្យ​របួសធ្ងន់​បាក់ដៃ​ខាងឆ្វេង រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភា្ល​ម​ៗ​ផង​ដែរ ប៉ុន្តែ​អកុសល ទៅ​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​បន្ត​ថា ស្ត្រី​ដែល​ស្លាប់​នោះ​មានឈ្មោះ វឿ​ន លត ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​។ បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​របស់​អធិការ​ស្រុក​ជីក្រែង ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណៃ​៕