អភិបាលខេត្ត​ប្រមូល​ទិញ​ផលដំណាំ​ល្ពៅ ទូ​ទាំង​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៦ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ធ្វើការ​ប្រកាស​ដល់​បងប្អូន​ប្រជា​កសិករ ដែល​ជា​អ្នក​ដាំ​ដុះ​ដំណាំ​ល្ពៅ  នៅ​ក្នុង​ខេត្តសៀមរាប​ទាំងអស់​ដែល​ពុំ​មាន​ទីផ្សារ​។

បងប្អូន​ប្រជា​កសិករ​នៅ​ស្រុក​វ៉ា​រិ​ន បាន​នាំ​យក​នូវ​ផ្លែ​ល្ពៅ ប្រមាណ​ជាង​១០​តោន យក​មក​លក់​ឱ្យ​សាលាខេត្ត​សៀមរាប ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជម្រុញ​ការ​ទិញ​ចូល និង​លក់​ចេញ​នៃ​ទីផ្សារ​ផលិតផល​របស់​កសិករ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​របស់​បងប្អូន​ប្រជា​កសិករ​ផង​ដែរ​។

ក្នុង​នោះ​ដែរ​លោក​បណ្ឌិត ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប ដែល​បាន​ធ្វើការ​ប្រមូល​ផល​ល្ពៅ ហើយ​គ្មាន​ទីផ្សារ​នាំ​ចេញ សូម​ឱ្យ​នាំ​យក​មក​លក់​នៅ​សាលាខេត្ត​សៀមរាប ក្នុង​តម្លៃ​១​គីឡូក្រាម​៥០០​រៀល​។  ក្នុង​នោះ​សូម​ឱ្យ​បងប្អូន​ត្រួតពិនិត្យ​ផ្លែ​ល្ពៅ​របស់​ខ្លួន ដើម្បី​ធានា​គុណភាព​ផ្លែ​ល្ពៅ រក្សា​ទុក​ឱ្យ​បាន​យូរ​ផង​ដែរ​។

តាម​សម្ដី​របស់​លោកពូ វ៉ា​ន់ ឈ​ន់ ជា​ប្រជា​កសិករ ដែល​មាន​ទីលំនៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ទៅ​ធ្វើការ​ដាំ​ដំណាំ​ល្ពៅ​នៅ​ស្រុក​វ៉ា​រិ​ន បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​បងប្អូន​ប្រជា​កសិករ​ដែល​បាន​ដាំ​ដុះ​ដំណាំ​ល្ពៅ​នឹង​ទទួល​បាន​ផល​ហើយ​នោះ ក្នុង​ពេលធ្វើការ​ប្រមូល​ភោគផល​ដំណាំ​ល្ពៅ​នោះ បែ​ជា​គ្មាន​ទីផ្សារ​ដែល​ធ្វើ​ឱ្យ​បងប្អូន​មានការ​ព្រួយបារម្ភ ពី​ការ​ខូចខាត​ផល​ផ្លែ​ល្ពៅ​របស់​ពួក​គាត់​។

លោកពូ​ក៏​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ការ​ប្រកាស​របស់​លោក​បណ្ឌិត​អភិបាលខេត្ត​សៀមរាប ពួក​គាត់​មានការ​ត្រេកអរ​ជា​ខ្លាំង ព្រមទាំង​បាន​ធ្វើការ​ថ្លែងអំណរគុណ ចំពោះ​លោក​បណ្ឌិត​អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ត ដែល​បាន​ជួប​បញ្ហា​ទាំងនេះ​។ ហើយ​ផល​ល្ពៅ​ដែល​គាត់​បាន​យក​មក​លក់​ឱ្យ​សាលាខេត្ត​នា​ពេល​នេះ​ប្រមាណ​ជាង​១០​តោន​។

ក្នុង​នោះ​ដែរ​លោក ហ៊ុយ ភៀវ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តសៀមរាប ឧត្តរមានជ័យ បានឱ្យ​ដឹង​ថា ផ្លែ​ល្ពៅ​ដែល​មាន​ប្រមាណ​ជាង​១០​តោន​នេះ សភាពាណិជ្ជកម្ម​បាន​ធ្វើការ​ទិញ​បន្ត​ពី​សាលា​ខេត្តសៀមរាប ហើយ​ត្រូវ​បាន​បែងចែក​ទៅ​តាម​តម្រូវការ​របស់​បងប្អូន​នៅ​ក្នុង​ក្រុង​សៀមរាប ក្នុង​តម្លៃ​ដូច​ការ​ទិញ​ចូល​ពី​ប្រជា​កសិករ​ផង​ដែរ​៕