រុស្ស៊ី​និង​អាមេរិក​នឹង​ប្រ​ឈ​មុខ​គ្នា​ផ្នែក​យោធា​កាន់តែខ្លាំង​នៅ​ស៊ី​រី​? និពន្ធដោយ : សៅ ផលនិស្ស័យ       October-04-2016, 8:59 pm         1028

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​និង​អាមេរិក​នឹង​ប្រ​ឈ​មុខ​គ្នា​ផ្នែក​យោធា​កាន់តែខ្លាំង​នៅ​ស៊ី​រី​?​ក្រុង​វ៉ាស៊ីនតោន​សម្រេច​កាត់ផ្តាច់​រាល់​ការជជែក​ជាមួយ​ក្រុង​ម៉ូស្គូ​ជុំវិញ​ការបង្កើត​បទ​ឈប់​បាញ់ នៅ​ស៊ី​រី​ដើម​សប្តាហ៍​នេះ​ដោយ​សម្អាងថា រុស្ស៊ី​និង​ស៊ី​រី​បន្ត​ទម្លាក់​គ្រាប់​សម្លាប់​ជន​ស៊ីវិល​។ មន្ត្រី​អាមេរិក​ក៏​បញ្ជាក់​ផងដែរ​ថា ការបណ្តេញ បា​សា អាល់​អាសាដ ចេញពី​តំណែង​នៅតែ​ជា​អ្វីដែល​អាមេរិក​ចង់បាន​ព្រោះ​អាសាដ បាត់បង់​ភាពស្របច្បាប់​ហើយ​។ សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់ថា ការ​សហការគ្នា​ដោះស្រាយ​ជម្លោះ​ស៊ី​រី​បរាជ័យ​ទាំងស្រុង ហើយ​ការជជែក​គ្នា​បន្ត​ស្ថិតក្នុង​ភាពស្រពិចស្រពិល​នៅឡើយ​។ ដូច្នេះ​ការប្រយុទ្ធ​និង​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រីនឹង​បន្ត​ទៅមុខ ហើយ​ជម្លោះ​មាន​អាយុកាល​ជាង​៥​ឆ្នាំ​មកនេះ​កាន់តែ​ពិបាក​ស្គាល់​ទីបញ្ចប់​។ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​ការប្រឈមមុខគ្នា​ផ្នែក​យោធា​រវាង​រុស្ស៊ី​និង​អាមេរិក​នឹង​កើនឡើង​ខ្លាំង​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្រោយ​បទ​ឈប់​បាញ់​ថ្មី​ដែល​បង្កើតឡើង​ដោយ​រុស្ស៊ី​និង​អាមេរិក​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​រវាង​ភាគី​ជម្លោះ​ស៊ី​រី​ដួលរលំ សហរដ្ឋអាមេរិក​បាន​សម្រេច​បញ្ចប់​រាល់​ការទំនាក់ទំនង​ទ្វេភាគី​ជាមួយ​រុស្ស៊ី​ជុំវិញ​ការបង្កើត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី​។ នេះ​មានន័យថា ការប៉ុនប៉ង​ជំរុញ​ឲ្យ​រុស្ស៊ី​គាំទ្រ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ស៊ី​រី និង​ការ​ឈានទៅ​បង្កើត​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួមគ្នា​នោះ​លែងមានទៀតហើយ​។

១.​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់​
​យោងតាម​សារព័ត៌មាន​អាមេរិក Politico នៅ​ថ្ងៃ​ចន្ទ​ទី ៣ តុលា អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក John Kirby បាន​រិះគន់​រុស្ស៊ី​និង​ស៊ី​រី ដោយ​លើកឡើងថា រុស្ស៊ី​មិនបាន​បំពេញ​កាតព្វកិច្ច​ដែលមាន​កំណត់​តាមច្បាប់​មនុស្សធម៌​អន្តរជាតិ​និង​អង្គការសហប្រជាជាតិ​ឡើយ​។ ហើយ​រុស្ស៊ី​ក៏​គ្មាន​ឆន្ទៈ​ក្នុង​ការជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​គោរព​ចំណុច​ទាំងឡាយណា​ដែល​រុស្ស៊ី​ឯកភាព​អនុវត្ត​ដែរ​។ អ្នកនាំពាក្យ​រូបនេះ​អះអាងថា អាមេរិក​សម្រេច បោះបង់​មធ្យោបាយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​គ្រប់បែបយ៉ាង​បែបនេះ​ក៏​ព្រោះ រុស្ស៊ី​និង​ស៊ី​រី​បន្ត​សម្លាប់​ជន​ស៊ីវិល ដោយ​បន្ត​ទម្លាក់​គ្រាប់បែក​។ ហើយ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វែងរក​ជំរើស​ថ្មី​ដើម្បី​កំណត់​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ស៊ី​រី​ផងដែរ​។ យ៉ាងណាមិញ​គេ​មិន​បានដឹង​ច្បាស់​ថា អ្វី​ជា​ជំរើស​ថ្មី​ដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ពិចារណា​ប្រើប្រាស់​ឡើយ​។

​វា​ជា​រឿង​មិនអាច​ប្រកែក​បានឡើយ ដែលថា ការសម្រេចចិត្ត​កាត់ផ្តាច់​រាល់​ការទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ក្នុងការ​បង្កើត​បទ​ឈប់​បាញ់​មិន​ជួយ​ដោះស្រាយ​ជម្លោះ​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​វា​នឹងធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ រុស្ស៊ី​និង​ស៊ី​រី​ប្រាកដ​ណាស់​ថា ពួក​នឹង​បន្ត​ប្រយុទ្ធ​ដោយ​កម្ចាត់​ភេរវកម្ម​ផង និង​ក្រុម​ឧទ្ទាម​ផង ព្រោះ​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​លែងមានទៀតហើយ​។ បើសិនជា អាមេរិក​មិន​ជ្រើស​រើសយក​ការចរចា​ជាមួយ​រុស្ស៊ី​បន្តទៀត​ទេ វា​មានតែ​ការប្រឈមមុខគ្នា​កាន់​ខ្លាំង​ផ្នែក​យោធា​។ អាមេរិក​អាច​ពិចារណា​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ហើយ​បើ​អាមេរិក​ចិត្តសឿង​ជាង​នេះ គេ​អាច​ផ្គត់ផ្គង់​អាវុធ​ទំនើប​និង​ធុន​ធ្ងន់​ឲ្យ​ក្រុម​ឧទ្ទាម​វិញ​។ ដូច្នេះហើយ ជម្លោះ​បង្ហូរឈាម​នេះ គ្មាន​ថ្ងៃ​ស្គាល់​ពាក្យ​ថា «​ចប់​»​ឡើយ​។​

២.​រុស្ស៊ី​៖ អាមេរិក​ត្រូវមាន​ឆន្ទៈ​កម្ចាត់​ភេ​រកម្ម​
​ភាគី​រុស្ស៊ី​ឯណោះ​វិញ បានបង្ហាញ​ការខកចិត្ត​ខ្លាំង​ចំពោះ​កាយវិការ​មិន​ប្រក្រតី​របស់​ក្រុង​វ៉ាស៊ីនតោន​។ យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik អ្នកការទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitali Churkin ជឿជាក់ថា ជំរើស​ថ្មី​គ្មាន​ឡើយ​សម្រាប់​ដោះស្រាយ​បញ្ហា​ស៊ី​រី បើសិនជា​ក្រុង​វ៉ាស៊ីនតោន​មិន​ព្រម​ផ្តោត​ឲ្យ​ជ្រៅ​ជាង​ការបង្កើត​បទ​ឈប់​បាញ់​និង​ត្រឡប់​ទៅ​ចាប់ផ្តើម​ប្រឆាំង​ភេរវកម្ម​ទេ​។​

​មន្ត្រីការទូត​រុស្ស៊ី​រូបនេះ​បានលើកឡើង​ជាថ្មី​ថា ដរាបណា​អាមេរិក​មិន​ប្រឆាំង​បណ្តាញ​ភេរវជន​នៅ​ស៊ី​រី​ទេ ការផ្អាក​ការប្រយុទ្ធ​នៅ​ស៊ី​រី​មិនអាច​កើតឡើង​ទៅរួច​ឡើយ​។ លោក Churkin អះអាងថា អាមេរិក​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់ការ​ក្រុម​ភេរវជន Nusra ដែល​បន្តសកម្មភាព​នៅ​ស៊ី​រី​។ ដែល​វា​ហាក់ដូចជា​មានន័យថា អាមេរិក​មិនមាន​ចេតនា​កម្ចាត់​ក្រុម​ភេ​វជន​ឡើយ​។​

​តាមពិតទៅ ក្រុម Nusra នៅ​បន្តសកម្មភាព​ជាមួយ​ក្រុម​ឧទ្ទាម ហើយ​អាមេរិក​មិន​ចង់​កម្ចាត់​ក្រុម​ឡើយ​។ មូលហេតុ​ចម្បង​គឺ​ក្រុម​ឧទ្ទាម​ខ្សោយ ហើយ​អាមេរិក​ចង់​ប្រើ​សន្លឹក​បៀរ​ភេរវកម្ម​ផ្តួល​រលំ​របប​ដឹកនាំ​ស៊ី​រី​។ បើ​កម្ចាត់​ក្រុម Nusra ក្រុម​ឧទ្ទាម​មិនអាច​ប្រយុទ្ធ​ក្នុង​សមរភូមិ​ពីរ​ឬ​បី​ក្នុងពេល​តែមួយ​ឡើយ​។ មកទល់​ពេល​បច្ចុប្បន្ននេះ រុស្ស៊ី​ប្រកាស​ហើយ​ថា ខ្លួន​មិន​បញ្ចប់​ការទម្លាក់​គ្រាប់បែក​ជា​លក្ខណៈ​ឯកតោភាគី​ឡើយ ហើយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅ​ស៊ី​រីនឹង​បន្ត​ហោះ​ហើយ​កម្ចាត់​ខ្មាំងសត្រូវ​ទៅមុខទៀត​។​

​ថ្វីបើ​មន្ត្រី​រូបនេះ​រិះគន់​អាមេរិក​មិន​សំចៃមាត់​ក៏ដោយ  លោក​បានប្រកាសថា រុស្ស៊ី​មិន​បដិសេធ​លទ្ធភាព​នៃ​ការជួបពិភាក្សា​ជាមួយ​ភាគី​អាមេរិក​ឡើយ​នៅពេល​ខាងមុខ​។ បើសិនជា​អាមេរិក​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​មែន អាមេរិក​ត្រូវមាន​ហេតុផល​ច្បាស់លាស់​និង​ពិតប្រាកដ​មួយ​ដើម្បី​ជជែក​ពិភាក្សាគ្នា​និង​អាច​យល់​គ្នា​បាន​។​

៣.​ជំហាន​ដែល​អាមេរិក​អាច​ជ្រើសរើស ដោយ​មិន​សហការ​ជាមួយ​រុស្ស៊ី​
​មកដល់​បច្ចុប្បន្ននេះ អាមេរិក​មិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ឡើយ​។ ការបណ្តេញ​អាសាដ​ចុះ​ចេញពី​តំណែង​នៅតែ​ជា​កម្មវត្ថុ​របស់​ក្រុង​វ៉ា​ស៊ី​តោន បើទោះបីជា​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាញ់​ប្រៀប​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ក៏ដោយ​។ បើ​អាមេរិក​ដកខ្លួន​ចេញ អាមេរិក​នឹង​បាក់មុខ​មិនតិច​ទេ ព្រោះ​អាមេរិក​ចំណាយពេល​ច្រើន​និង​ពេល​រាប់​ឆ្នាំ​អន្តរាគមន៍​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​ចង់​ឲ្យ​អាមេរិក​បន្ត​តួនាទី​របស់ខ្លួន​នៅ​ស៊ី​រី​រហូតដល់​បណ្តេញ អាសាដ ចេញពី​តំណែង​បាន​។

​មកទល់​ពេលបច្ចុប្បន្ន អាមេរិក​អាច​មិន​សហការ​ជាមួយ​រុស្ស៊ី​បាន ប៉ុន្តែ​អាមេរិក​កំពុង​ដើរ​លើផ្លូវ​មួយ​ដែល​គ្រោះថ្នាក់​បន្តិច​។ ក្រុម​សមាជិកសភា​បក្ស​សា​ធាណ​រដ្ឋ​កំពុង​តស៊ូ​មតិ ដោយ​ជំរុញ​ឲ្យ​អាមេរិក​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ដែល​គាំទ្រ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ដែល​គេ​រំពឹងថា វា​នឹងមាន​ផ្លែផ្កា​ខ្លះៗ​ព្រោះ​រុស្ស៊ី​អាច​បន្ថយ​ការគាំទ្រ​របប​ដឹកនាំ​លោក អាសាដ​។ ប៉ុន្តែ​ដូច​ដឹង​ស្រាប់​ហើយ ទណ្ឌកម្ម​មិនមាន​ប្រសិទ្ធភាព​ឡើយ ហើយ​លោក អូ​បា​ម៉ា ចង់​ប្រើប្រាស់​វិធានការ​រឹងមាំ​ជាង​នេះ​។ 

​ការផ្គត់ផ្គង់​អាវុធ​ទំនើប​ដល់​បណ្តា​ក្រុម​ឧទ្ទាម​អាចជា​ជំរើស​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​វា​គ្រោះថ្នាក់​។ ការផ្តល់​អាវុធ​ទំនើប​និង​ធុន​ធ្ងន់​អាចធ្វើ​ឲ្យ​មាន​តុល្យភាព​យោធា​នៅក្នុង​ជម្លោះ និង​ជួយ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ទាំងនេះ​អាចមាន​ប្រៀប​លើ​ក្រុម​ទាហាន​លោក អាសាដ ដែល​ទទួលបាន​ការគាំទ្រ​ពី​កងទ័ពអាកាស​ក្រុង​ម៉ូស្គូ​នោះ​។   បើសិនជា​ចង់​ផ្គត់ផ្គង់ អាវុធ អាមេរិក​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​ឧទ្ទាម​នូវ​ប្រភេទ​កាំភ្លើង​ឬ​កាំជ្រួច​បាញ់​យន្តហោះ​។ ប៉ុន្តែ​អាវុធ​ទាំងនោះ​អាច​នឹង​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​ក្រុម​ភេរវជន ហើយ​យន្តហោះ​អាមេរិក​ក៏​ប្រហែល​នឹង​អាច​ធ្លាក់​ដោយសារ​អាវុធ​ទាំង​នោះដែរ​។

​ជំហាន​មួយទៀត ការប្រើប្រាស់​កម្លាំង​ទ័ព​ដូច​នៅ​លី​ប៊ី និង​អ៊ីរ៉ាក់​។  យ៉ាងណា​ក៏ដោយចុះ អ្វីដែល​គេ​អាច​មើលឃើញ​នោះ​ការប្រើប្រាស់​កម្លាំង​ទ័ព​មិនអាច​កើតមានឡើង​ឡើយ​ទោះជា​ស្ថានភាព​បច្ចុប្បន្ន​ស្មុគស្មាញ​យ៉ាងណាក៏ដោយ​។ រាល់​ការបញ្ជូន​ទ័ពថ្មើរជើង​អាមេរិក​ទៅធ្វើ​សង្គ្រាម​នៅ​បរទេស​មិនបាន​ទទួល​ការស្វាគមន៍​ពី​សំណាក់​ប្រជាជន​អាមេរិក​ឡើយ​។ តែ​វា​អាច​កើតមានឡើង ក្នុងករណី​ដែល​បណ្តា​សម្ព័ន្ធមិត្ត​ណា​តូ​ចូលរួម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើសង្គ្រាម​ជាមួយគ្នា​។ ការប្រឈមមុខ​ជាមួយ​រុស្ស៊ី​ផ្នែក​យោធា ជា​រឿង​មិនអាច​ជៀសផុត​ឡើយ​។ ដូច្នេះហើយ គេ​អាច​ទស្សន៍ទាយ​មុន​ថា សមាជិក​ណា​តូ​មិន​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​ឡើយ​ព្រោះ​ចង់​លូកលាន់​ក្នុង​បញ្ហា​ស៊ី​រី​ឡើយ​។ 

 ប៉ុន្តែ​ការបោះឆ្នោត​នៅ​អាមេរិក ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​កាន់តែ​កៀក​ណាស់​ហើយ​។ លោក អូ​បា​ម៉ា មិនអាច​ប្រើប្រាស់​អំណាច​របស់លោក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើប្រាស់​កម្លាំង​កើត​ទេ​។ ប្រធានាធិបតី​ថ្មី ដែល​អាចជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឬក៏​លោក ដូ​ណា​ល់ ត្រាំ នឹង​សម្រេច  នៅពេល​អ្នកណាម្នាក់​ក្នុងចំណោម​ពួកគេ​កាន់កាប់​តំណែង​នៅ​ខែមករា​។ បើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើងកាន់តំណែង ការប្រើប្រាស់​កម្លាំង​ទ័ព​អាចជា​ជម្រើស​មួយ​របស់​រដ្ឋបាល​លោកស្រី​ដែរ​៕