ស្លាប់ក្រោមដៃដន្លងដែលជាពេទ្យគ្មានសញ្ញាបត្រ ចាក់ថ្នាំ៣ម្ជុល

​ប្រភព​ព័ត៌មាន​ពី​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នា​រសៀល​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០១៦​ ក្នុង​លំនៅ​ឋាន​ផ្ទាល់​ ឋិត​នៅ​ភូមិ​ច្រក​ម្រាក់​ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ បន្ទាប់​ពី​ទទួល​សេវា​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ចំនួន​៣​ម្ជុល​ ដោយ​ស្នាដៃ​បុរស​ជា​ពេទ្យ​ឯកជន​គ្មាន​សញ្ញាបត្រ​ម្នាក់​ និង​ត្រូវជា​ដន្លងដងស្នែង​នឹង​គ្នា​ផង​ ។​

ស្លាប់ក្រោមដៃដន្លងដែលជាពេទ្យគ្មានសញ្ញាបត្រ ចាក់ថ្នាំ៣ម្ជុល

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​ចំនួន​៣​ម្ជុល​នោះ​ មានឈ្មោះ​ ជេ​ត​ សា​ខន​ អាយុ​៦៦​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​សាស្ត្រ​លំនៅ​ឋាន​កើតហេតុ​ ។​ រីឯ​បុរស​ជា​ពេទ្យ​ឯកជន​គ្មាន​សញ្ញាបត្រ​ និង​ជំនាញ​ច្បាស់លាស់​ដែល​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ និង​ត្រូវជា​ដន្លង​នឹង​គ្នា​ផង​នោះ​ មានឈ្មោះ​ អៀ​ក​ សា​រ៉ា​ន​ អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ក្រឡាញ់​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​

ស្លាប់ក្រោមដៃដន្លងដែលជាពេទ្យគ្មានសញ្ញាបត្រ ចាក់ថ្នាំ៣ម្ជុល

​គ្រួសារ​សាច់ញាតិ​របស់​ស្ត្រី​រង​គ្រោះ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ស្ត្រី​ឈ្មោះ​ ជេ​ត​ សា​ខន​ មាន​អាកា​រៈ​វិលមុខ​ និង​លើស​សម្ពាធ​ឈាម​ រួច​ហើយ​ក្រុម​គ្រួសារ​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ឈ្មោះ​ អៀ​ក​ សា​រ៉ា​ន​ ជា​ពេទ្យ​ឯកជន​ចាក់​ថ្នាំ​តាម​ភូមិ​ ឲ្យ​មក​ពិនិត្យ​ជំងឺ​ និង​ចាក់​ថ្នាំ​ព្យាបាល​ ។​ ក្រោយ​ពី​គ្រូពេទ្យ​ អៀ​ក​ សា​រ៉ា​ន​ ចាក់​ថ្នាំ​តាម​សរសៃ​ចំនួន​៣​ម្ជុល​រួច​មក​ ស្រាប់តែ​ស្ត្រី​រង​គ្រោះជា​អ្នកជំងឺ​ប្រែជា​មាន​អាកា​រៈ​រមាស់មាត់​ ហ៊ឹង​ត្រចៀក​ ទន់​ដៃជើង​ និង​ខ្លួន​បន្តិច​ម្តងៗ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​ចំពោះ​មុខ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ដែល​គ្មាន​សញ្ញាបត្រ​ ។​

ស្លាប់ក្រោមដៃដន្លងដែលជាពេទ្យគ្មានសញ្ញាបត្រ ចាក់ថ្នាំ៣ម្ជុល

​ព័ត៌មាន​ផ្សេង​ទៀត​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​ស្ត្រី​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​ គ្រូពេទ្យ​ អៀ​ក​ សា​រ៉ា​ន​ បាន​ផ្តល់​លុយ​ប្រមាណ​៣០​ម៉ឺន​រៀល​ឲ្យ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ ហើយ​អះអាង​ថា​ នឹង​ជួយ​ដោះស្រាយ​ផ្តល់​សំណង​ជូន​គ្រួសារ​សព​ រួច​ក៏​ជិះ​ម៉ូតូ​ចាកចេញ​គេចខ្លួន​បាត់​ស្រមោល​ ។​

​ប្រធាន​មណ្ឌល​សុខភាព​អង្គ​ប្រ​ស្រែ​ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​អង្គ​ប្រ​ស្រែ​ និង​មន្ត្រី​ជំនាញ​ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​រួច​ហើយ​ ដោយ​ធ្វើការ​សន្និដ្ឋាន​ថា​ ស្ត្រី​រង​គ្រោះ​ពិតជា​ទទួល​បានការ​ចាក់​ថ្នាំ​ពី​គ្រូពេទ្យ​ឯកជន​ឈ្មោះ​ អៀ​ក​ សា​រ៉ា​ន​ ប្រាកដ​មែន​ ដោយ​បន្សល់​ទុក​នូវ​សឺ​រ៉ាំ​ង​ចាក់​ថ្នាំ​ ព្រមទាំង​ដប​ថ្នាំ​នៅ​កន្លែង​កើតហេតុ​ ហើយ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ ។​

ស្លាប់ក្រោមដៃដន្លងដែលជាពេទ្យគ្មានសញ្ញាបត្រ ចាក់ថ្នាំ៣ម្ជុល

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​ស្វែងរក​នាំ​ខ្លួន​គ្រូពេទ្យ​ឯកជន​គ្មាន​សញ្ញាបត្រ​ឈ្មោះ​ អៀ​ក​ សា​រ៉ា​ន​ យក​មក​ធ្វើការ​សួរនាំ​ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Related

Loading...