ផ្សារ​ក្បាល​គ្រាប់​ប្រភេទ​១២២​មី​លី​ម៉ែត្រ ផ្ទុះ​របួស​មេជាង និង​កូនជាង

ខេត្តកំពង់ចាម ៖ ក្បាល​គ្រាប់​ប្រភេទ​១២២​មី​លី​ម៉​ត្រ​១​គ្រាប់​បាន​ផ្ទុះ​លាន់​កក្រើក នៅ​ត្រង់​ចំណុច​ផ្ទះ​ជាង​ផ្សារ​មួយ​កន្លែង​ឈ្មោះ ថាវ គឹ​ម​ស្រ៊ា​ន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ  នៅ​ភូមិ​ព្រែក​ពោធិ​ក្រោម ឃុំ​ព្រែក​ពោធិ
ស្រុក​ស្រី​សន្ធរ ។ ហេតុការណ៍​នោះ​កើតឡើង​នៅ វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ តុលា ២០១៦ បណ្តាល​ឲ្យ​រង​របួស​ពីរ​នាក់​ទាំង​មេជាង និង​កូនជាង ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ  រីឯ​បេតុង និង​ដំបូលផ្ទះ​បាន​រង​ការ​ធ្លុះធ្លាយ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​ឲ្យ​ដឹង​ថា   មាន​ជនជាតិ​វៀតណាម​ដែល​ជា​អ្នកនេសាទ បាន​យក​ក្បាល​គ្រាប់​ខាងលើ​ដែល​ផ្ទុះ​រួច​ហើយ  យក​មក​ឲ្យ​ជាង​ផ្សារ ដើម្បី​ដាក់​សំណ​ចូល​ក្នុង​ក្បាល​គ្រាប់​ឲ្យ​មាន​ទម្ងន់​កាន់តែ​ធ្ងន់ ព្រមទាំង​មាន​ភ្ជាប់​ជាមួយនឹង​ដែក​សរសៃ​សម្រាប់​ចងជើង​ម៉ា​ញ់ ដើម្បី​ត្រៀម​នេសាទក្នុង​ទន្លេ មេគង្គ​នា​រដូវ​បើក​នេសាទ​នេះ​។

លោក​វរ​សេនី​យ៏​ទោ ហេង វ​ណ្ណា អធិការ​រ​នគរបាល ស្រុក ស្រី​សន្ធរ ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​ផ្សារ​កំពុង​តែ​ចាក់​សំណ​ចូល​ទៅ​ក្នុង​ក្បាល​គ្រាប់  ដោយសារ​តែ​ស្ទះ​រន្ធ​ខ្យល់​នោះ ទើប​ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក របួស​ទាំង​មេជាង និង​កូនជាង​ឈ្មោះ សុទ្ធ  ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។ ហើយ​បំណែក​ផ្ទុះ​នោះ​បាន​ធ្វើ​ឲ្យ​ដំបូលផ្ទះ បាន​រង​ការ​ធ្លុះធ្លាយ  បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​។ 

ភ្លាម​ៗ​នោះ​មេជាង និង​កូនជាង ត្រូវ​បាន​សាច់ញាតិ​ប្រញាប់​ដឹក​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រី​សន្ធរ  ចំពោះ​ស្ថានភាព​ត្រូវ​របួស​នោះ មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ ។  តាម​សមត្ថកិច្ច​របស់​លោក​ដែល​បាន​ចុះ​ទៅ​សួរនាំ ជន​រង​គ្រោះ​ក៏​បាន​ឆ្លើយ​ថា នៅ​ថ្ងៃក្រោយ​ពួក​គាត់​លែង​ទទួល​ផ្សារ​ក្បាល​គ្រាប់​បែប​នេះ​ទៀត​ហើយ​ព្រោះ​ខ្លាច គ្រោះថ្នាក់​ដល់​អាយុជីវិត ៕