ខណៈ​នេះ​ឈ្មួញ​កំពុង​តែ​ស្ទូច​ឈើ​ម្រេញ ចេញពី​ព្រៃ​ដាក់​លើ​រថយន្ត

ខេត្តកំពង់ស្ពឺ ៖ ឈ្មួញ​រក​ស៊ីឈើ​ខុសច្បាប់​កំពុង​តែ​ស្ទូច​ឈើ​ប្រភេទ​ម្រេញ មានមុខ​កាត់​ប្រហែល​១​ម៉ែត្រ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ផ្លូវ​លេខ​៤៤ ហើយ​បន្ត​តាម​ផ្លូវ​លេខ​៤១​ឆ្ពោះទៅ​កាន់​ខេត្តកំពត យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ខណៈ​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់បីដូចជា​មិន​អើពើ​បង្ក្រាប​ទាល់តែ​សោះ​។

យោង​តាម​សេចក្តីរាយការណ៍​ដំបូង នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៤ តុលា ២០១៧ បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​កំពុង​តែ​ស្ទូច​ឈើ​ដាក់​លើ​ឡាន​នេះ​មានឈ្មោះ​ឌី មាន​ទីលំនៅ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។ សេចក្តីរាយការណ៍​បន្ត​ថា ឈើ​ដែល​ឈ្មួញ​កំពុង​តែ​ស្ទូច​នេះ​ជា​ប្រភេទ​ឈើ​ម្រេញ​មានមុខ​កាត់​ធំ​ៗ ដែល​វៀតណាម​កំពុង​ត្រូវការ​បំផុត​។ ឈើ​ទាំងនេះ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​ពី​ពលរដ្ឋ ហើយ​យក​ទៅ​លាក់​ទុក​នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ម​ជ្ឈ​ដ្ខា​ន​មហាជន​បាន​លើក​ឡើង​ថា មិនដឹង​ថា​តើ​ឈ្មួញ​ឈើ​រូប​នេះ​ប្រើ​វេទមន្ត​អ្វី​ឡើយ បានជា​អាច​បញ្ជា​ឲ្យ​តៃកុង​រថយន្ត​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤៤ ឆ្លងកាត់​ស្នាក់​ការ​សមត្ថកិច្ច​ជា​ច្រើន​កន្លែង​ដូច​ជា ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ ស្នាក់​ការ​កងរាជអាវុធហត្ថ និង​នគរបាល​សេដ្ឋកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង​ទង​ជាដើម ហើយ​បន្ត​ឆ្ពោះទៅ​តាម​ផ្លូវជាតិ​លេខ​៤១ និង​បន្ត​ទៅ​កាន់​ខេត្តកំពត​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តែ​ម្តង ដោយ​មិន​មានការ​រំខាន​ពី​អស់លោក​សមត្ថកិច្ច​ទាំងនោះ​សូ​ម្បី​តែ​បន្តិច​។

ប្រភព​ពី​សមត្ថកិច្ច​តូចតាច​បាន​បង្ហើប​ថា ឈើ​ទាំងនេះ​ឈ្មួញ​បាន​បង់​ឲ្យ​អស់លោក​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មួយ​កន្លែង​១​ឡាន​មិន​តិច​ជាង​២០០$​ឡើយ​ទើប​អាច​រត់​ឆ្លងកាត់​ស្នាក់​ការ​សមត្ថកិច្ច​ទាំងនោះ​បាន បើ​មិន​ដូច្នោះ​ទេ​កុំ​សង្ឃឹមថា​ឆ្លងកាត់​រួច​អោយ​សោះ​។ ហើយ​ការ​បង់​នេះ​ទៀត​សោត​ឈ្មួញ​ឈ្មោះ​ឌី​នេះ​បង់​ឲ្យ​តែ​មេ​ៗ​ធំ​ៗ​ទៀត​ផង កូនចៅ​តូចតាច​ចាំតែ​អំបិល​ទៅ​ហើយ បើ​ហា៑ន​ទៅ​ក្បែរ​ច្បាស់​ជា​ត្រូវ​ថ្នាក់លើ​ស្តីបន្ទោស​មិន​ខាន​។​ឈ្មួញ​ឈើ​នេះ​ដឹក​លក់​ខ្លួនឯង​ផង និង​ដឹក​រត់​ផ្លូវ​ឲ្យ​ឈ្មួញ​ដទៃ​ទៀត​ផង​ដែរ​។

មិន​ហា៑ន​ចេញ​មុខ​ដោយ​ក្នុង​១​រថយន្ត​៥​តោន​ថ្លៃ​រត់ការ​ផ្លូវ​មិន​ក្រោម​១​ម៉ឺន​ដុល្លារ​ឡើយ ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​នាំ​ឈើ​ទៅ​ឲ្យ​ដល់​គោលដៅ​ចុះទូក​ទៅ​វៀតណាម​ទើប​ជា​ការ​ស្រេច​។ មជ្ឈដ្ឋាន​ពលរដ្ឋ​បាន​លើក​ឡើង​ថា ជា​និច្ចកាល​គេ​មិន​ដែល​ឃើញ​អស់លោក​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​រូប​នេះ​ម្តងណា​ឡើយ បើ​ដង្ហែ​គ្នា​ដើរ​ផឹកស៊ី​ដូច​ជា​មាន​ច្រើន​ដង​រាប់​មិន​អស់​ដូច្នេះ​។ ដោយឡែក​ព័​ត៌​មួយទៀត​បាន​ខ្សឹប​ថា ឈើ​ដែល​ស្ទូច​នេះ​មិនមែន​ដឹក​ទៅ​លក់​នៅ​វៀត​ណា​នោះ​ទេ គឺ​ដឹក​ទៅ​លក់​នៅ​តាម​បុរី​ដែល​ទើប​សង់​ថ្មី​នៅ​រាជធានី​ភ្នំពេញ​។

មិនដឹង​ថា​តើ​ត្រូវ​រាយការណ៍​ទៅ​ឲ្យ​ជំនាញ​ណាមួយ​បង្ក្រាប​នោះ​ទេ បើ​នៅ​កំពង់ស្ពឺ​នេះ​សង្ស័យ​ម្នាក់​ៗ​បាន​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ឈ្មោះ​ឌី​នេះ​អស់ហើយ​មើលទៅ​។ មជ្ឈដ្ឋាន​សំណូមពរ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​ដូច​ប្រតិភូ​ទទួល​បន្ទុក​រដ្ឋបាល​ព្រៃឈើ​មេត្តា​ចាត់វិធានការ​បង្ក្រាប​ផង បើ​រំពឹង​លើ​អស់លោក​នៅ​ទី​នេះ​ហាក់បីដូចជា​អា​ជ័យ​ចាំចម្ការ​អីចឹង​នោះ​៕