ក្រសួង​សុខាភិបាល​កម្ពុជា​ជូន​ដំណឹង​ពី​ជំងឺ​ឆ្លង​​​ហ្ស៊ីកា​ (Zika) ស្រប​ពេល​ដែល​ ជំងឺ​នេះ​រាតត្បាត​ខ្លាំង​នៅ​ ២៣ ប្រទេស​ក្នុង​ទ្វីប​អាមេរិក​

ស្រប​ពេល​ដែល​ជំងឺ​​បណ្ដាល​មក​ពី​វីរុស​ហ្ស៊ីកា​ កំពុង​តែ​រីក រាលដាល​ក្នុង​ពិភពលោក​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី ២៩​ ខែ​ មករា​ ឆ្នាំ ២០១៦​ បាន​ចេញ​នូវ​សេចក្ដី​ជូន​ដំណឹង​មួយ​អំពី​ជំងឺ​នេះ​​ ។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ​ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ជំងឺ​ហ្ស៊ីកា​ជា​ជំងឺ​ឆ្លង​បង្ក​ដោយ​វីរុស​ហ្ស៊ីកា​ ដែល​រក​ឃើញ​ដំបូង​នៅ​​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ​ ១៩៤៧​ និង​នៅ​លើ​មនុស្ស​ក្នុង​ឆ្នាំ​ ១៩៥២​ នៅ​ប្រទេស​ Uganda នៃ​ទ្វីប​អាហ្វ្រិក​ ។ បន្ទាប់​មក​ជំងឺ​នេះ​ មាន​ការ​​ផ្ទុះ​ឡើង​របេះ របោះ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ អាមេរិក​ និង​អាស៊ី ប៉ាស៊ីហ្វិក​។ ​បច្ចុប្បន្ន​វីរុស​ Zika កំពុង​​រាតត្បាត​នៅ​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង​ ។

ដោយឡែក​ប្រទេស​កម្ពុជា​ ធ្លាប់​មាន​ករណី​ជំងឺ​នេះ​ម្ដង​នៅ​ឆ្នាំ​ ២០១០​ ប៉ុន្តែ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ហើយ​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន​នេះ​ ពុំ​ឃើញ​មាន​ករណី​បែប​នេះ​ទៀត​ទេ​​ ។ ទោះ​ជា​យ៉ាង​ណា​ ក្រសួង​សុខាភិបាល​កំពុង​បន្ត​តាមដាន​​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ត្បិត​​វីរុស​នេះ​កំពុង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​​នៅ​តំបន់​អាមេរិក​។

គួរ​បញ្ជាក់​ថា​ ជំងឺ​នេះ​ឆ្លង​តាម​រយៈ​មូស​ខ្លា​ខាំ​ ដែល​ជា​ប្រភេទ​មូស​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុនឈាម​ និង​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​គ្រុន​ឈាម​ដែល​មាន​ដូច​ជា​ ៖ គ្រុន​ក្ដៅ​ ឈឺក្បាល​ មាន​កន្ទួល​ក្រហម​លើ​ស្បែក​ ក្រហម​ភ្នែក​ និង​ឈឺ​សន្លាក់​​ ជាដើម​ ។ ភាគ​ច្រើន​នៃ​ជំងឺ​នេះ​ និង​ជា​សះ​ស្បើយ​ឡើង​វិញ​ក្នុង​អំឡុង​ពេល​ ២ ទៅ ៧ ថ្ងៃ និង​មាន​អត្រា​ស្លាប់​តិចតួច​ណាស់​ ។ មាន​ករណី​តិចតួច​បំផុត​ដែល​អាច​វិវត្តន៍​ទៅ​ជា​ទន់​ដៃ​ ទន់​ជើង​ ហើយ​បើ​កើត​មាន​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ គឺ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ​ ឬ​ក្បាល​ទារក​អាច​តូច​ជាង​ធម្មតា​ ។

ទោះបី​ហានិភ័យ​បណ្ដាល​មក​ពី​ជំងឺ​ហ្ស៊ីកា​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​មាន​កម្រិត​ទាប​បំផុត​នៅឡើយ​ តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​យើង​ទាំង​អស់​គ្នា​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​ និង​បង្ការ​ការ​ចម្លង​ជំងឺ​នេះ ដូចជា​ការពារ​ជំងឺ​គ្រុន​ឈាម​ដែរ​​ ដោយ​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខ្លា​ខាំ ហើយ​ចូលរួម​បំបាត់​ជម្រក​មូស​ខ្លា​ ដូចជា​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ​ ការពារ​កុំ​ឲ្យ​មាន​ទឹកដក់​នៅ​ជុំវិញ​ផ្ទះ​ លុប​បំបាត់​សំបក​កំប៉ុង​ សំបក​កង់ឡាន​ ត្រឡោកដូង​ ជា​ដើម​ ។

សម្រួល​ដោយ​ ៖ Sophany
ប្រភព​ ៖ សេចក្ដី​ជូន​ដំណឹង​របស់​សុខាភិបាល​កម្ពុជា(  )

  • ក្រសួង​សុខាភិបាល​កម្ពុជា​ជូន​ដំណឹង​ពី​ជំងឺ​ឆ្លង​​​ហ្ស៊ីកា​ (Zika) ស្រប​ពេល​ដែល​ ជំងឺ​នេះ​រាតត្បាត​ខ្លាំង​នៅ​ ២៣ ប្រទេស​ក្នុង​ទ្វីប​អាមេរិក​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:វីដេអូ
Tags: