៦ ចំណុច សុំ​ចិត្ត​អ្នក​គាំទ្រ​កុំ​បង្ក​រឿង​អីចឹង​ ពេល​កម្ពុជា​ប៉ះ​ហុងកុង

ការ​ប្រកួត​អន្តរជាតិ​កន្លង​មក ​មិន​ថា​មិត្តភាព​ឬ​ផ្លូវការ​នោះ​ទេ តែងតែ​មាន​រឿង​មិន​ល្អ​កើត​ឡើង ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បង្កើត​ជា​អំពើ​ហិង្សា ​ឬ​កាយ​វិការ​មិន​សមរម្យ​នានា​ចំពោះ​កីឡាករ​ដែល​មក​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដូច្នេះ នៅ​ថ្ងៃ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង​ខាង​មុខ​នេះ Sabay ​សូម​លើក​យក​៦​ចំណុច​មិន​គួរ​ឱ្យ​កើត​មាន​ម្ដង​ទៀត​នោះ​ទេ៖

 

១. អ្នក​គាំទ្រ​មួយ​ចំនួន​ផ្លោះ​របង

 

៦ ចំណុច សុំ​ចិត្ត​អ្នក​គាំទ្រ​កុំ​បង្ក​រឿង​អីចឹង​ ពេល​កម្ពុជា​ប៉ះ​ហុងកុង រូបតំណាង

 

ការ​​ផ្លោះ​របង​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ប្រកួត​ម្ដង​ៗ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ខ្លាំង​ពី​មហាជន​ សូម្បី​តែ​បណ្ដា​ប្រទេស​ជិត​ខាង​ខ្លះ​ក៏​និយាយ​​ដែរ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​​វិស័យ​បាល់ទាត់​កម្ពុជា។ ប្រការ​នេះ​អាច​ជា​មេរៀន​មួយ​សម្រាប់​អ្នក​គាំទ្រ​មួយ​ចំនួន​​ដើម្បី​ជៀស​វាង​បញ្ហា​បែប​នេះ​កើត​ឡើង​ទៀត​ក្នុង​ការ​ប្រកួត​ខាង​មុខ។

 

២. អ្នក​គាំទ្រ​វ៉ៃ​គ្នា

 

៦ ចំណុច សុំ​ចិត្ត​អ្នក​គាំទ្រ​កុំ​បង្ក​រឿង​អីចឹង​ ពេល​កម្ពុជា​ប៉ះ​ហុងកុងរូបតំណាង

 

ការ​ប្រកួត​ជាមួយ​ក្រុម​ឆាយនីសតៃប៉ិ​កាល​ពី​ពេល​កន្លង​ទៅ​នេះ មាន​រឿង​អាក្រក់​មួយ​បាន​កើត​ឡើយ ដោយ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​តួច​បាន​ប៉ះ​ទង្គិច​គ្នា រហូត​ដល់​មាន​អ្នក​របួស​ផង​ដែរ។ វា​ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់​ចំពោះ​បញ្ហា​បែប​​នេះ​ ពី​ព្រោះ​ប្រសិន​បើ​​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​​ផ្សេង​ៗ​ជុំ​វិញ​ស្តាត​នោះ​ ប្រាកដ​ជា​បង្ក​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ​ជា​មិន​ខាន​ឡើយ ព្រោះ​មនុស្ស​ចូល​រួម​ទស្សនា​មិន​ក្រោម​៥​ម៉ឺន​នាក់​នោះ​ទេ។

 

៣. អ្នក​ទិញ​សំបុត្រ​មួយ​ចំនួន​អត់​កន្លែង​អង្គុយ

 

៦ ចំណុច សុំ​ចិត្ត​អ្នក​គាំទ្រ​កុំ​បង្ក​រឿង​អីចឹង​ ពេល​កម្ពុជា​ប៉ះ​ហុងកុងរូបតំណាង

 

អ្នក​ទិញ​សំបុត្រ​មួយ​ចំនួន​នៅ​តែ​មិន​មាន​កន្លែង​អង្គុយ​ ​បន្ទាប់​ពី​ពួក​គេ​បាន​​ចូល​ទៅ​ទស្សនា​យឺត​។ អ្នក​ទៅ​មុន​​មាន​កន្លែង​អង្គុយ​មុន​ ប៉ុន្តែ​អ្នក​ទៅ​ក្រោយ​អត់​កន្លែង​អង្គុយ​ បើ​ទោះ​ជា​ពួក​គេ​មាន​សំបុត្រ​ក៏​ដោយ។ ពួក​គេ​អាច​ចូល​ទៅ​ក្នុង​បរិវេណ​អង្គុយ​បាន​ ប៉ុន្តែ​គ្មាន​កន្លែង​អង្គុយ​ដែល​បង្ខំ​ចិត្ត​ឈរ​ខ្លះ​ ហើយ​អ្នក​ខ្លះ​​អង្គុយ​តាម​ផ្លូវ​ដើរ​ចុះ​ឡើយ។ ប្រការ​នេះ​ មិន​ដឹង​ថា​ មក​ពី​ហេតុ​អ្វី​នោះ​ទេ?

 

៤. គប់​ទឹក​​សុទ្ធ

 

ក្រៅ​ពី​វ៉ៃ​គ្នា​ ការ​​គប់​ទឹក​សុទ្ធ​​ក៏​បាន​កើត​មាន​ឡើង​ដែរ។ ​មើល​ទៅ​ពិត​ជា​អាក្រក់​​ណាស់។ នៅ​ច្រក​ចូល​​ពហុ​កីឡដ្ឋាន​ជាតិ​ ​សន្តិសុខ​មិន​អនុញ្ញាត​ឲ្យ​យក​ដក​ទឹក​សុទ្ធ​ ឬ​វត្ថុ​រឹង​ចូល​ទៅ​កន្លែង​អង្គុយ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ ​លើ​ពហុ​កីឡដ្ឋាន​នៅ​តែ​​មាន​កន្លែង​លក់​ភេសជ្ជៈ​​ ដូច្នេះ​ចំណុច​នេះ​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ដក​ទឹក​សុទ្ធ​ ឬ​យ៉ាង​ណា?

 

៥. ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​កីឡាករ​ខាង​គេ

 

ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​បាន​កើត​ឡើង អំឡុង​ពេល​ប្រកួត​កន្លង​មក ជា​ពិសេស​ជាមួយ​ប្រទេស​ដែល​អ្នក​គាំទ្រ​កម្ពុជា​មិន​ពេញ​ចិត្ត​តែ​ម្ដង។ ប្រការ​នេះ​ហើយ អាច​ធ្វើ​ឱ្យ​អន្តរជាតិ​មើល​ស្រាល​កម្ពុជា​បាន ជា​ពិសេស​ប្រសិន​បើ​គេ​ចាប់​បាន​ថា​មាន​ការ​ប្រកាន់​ពូជសាសន៍​ទៀត​នោះ គឺ​កាន់​តែ​មាន​បញ្ហា​ធ្ងន់​ហើយ។

 

៦. កុំ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស

៦ ចំណុច សុំ​ចិត្ត​អ្នក​គាំទ្រ​កុំ​បង្ក​រឿង​អីចឹង​ ពេល​កម្ពុជា​ប៉ះ​ហុងកុង

 

ការ​បោះចោល​សំរាម​ផ្ដេសផ្ដាស​គឺ​នៅ​តែ​មាន​ដដែល បើ​ទោះ​ជា​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ពោល​គឺ​ក្រោយ​ពី​ប្រកួត​ចប់ តែងតែ​មាន​ក្រុម​ដើរ​ប្រមូល​សំរាម​ជា​និច្ច។ ដូច្នេះ​ប្រសិន​បើ​អ្នក​គាំទ្រ ចេះ​សម្អាត​ដោយ​ខ្លួន​ឯង​នោះ គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។

 

សូម​បញ្ជាក់​ថា​ការ​ប្រកួត​មិត្តភាព​ជើង​ទី​២ រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​និង​ហុងកុង​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ស្អែក​​ម៉ោង​៦:៣០​នាទី នា​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​ក្រុម​កម្ពុជា​ត្រៀម​ខ្លួន​ចូល​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ