សកម្មជន​សហគមន៍​ថា ខ្មែរ​នៅ​សង្កាត់ Orange County បន្ត​ចាប់ដៃគ្នា​កសាង​សហគមន៍​ដ៏​រឹងមាំ​មួយ​ និពន្ធដោយ : ទែន សុខស្រីនិត VOA       October-05-2016, 7:39 am         152

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សកម្មជន​សហគមន៍​ថា ខ្មែរ​នៅ​សង្កាត់ Orange County បន្ត​ចាប់ដៃគ្នា​កសាង​សហគមន៍​ដ៏​រឹងមាំ​មួយ​​វ៉ាស៊ីនតោន​៖ ថ្វីដ្បិតតែ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័​ញ៉ា នៅតែ​ប្រឈម​នឹង​បញ្ហា​ជីវភាព​រស់នៅ សុខភាព និង​អន្តោប្រវេសន៍​ក្តី ក៏​អង្គ​ការបម្រើ​ប្រយោជន៍​ពលរដ្ឋ​មួយ កំពុង​ប្រមូលផ្តុំ​សហគមន៍​ខ្មែរ​ឲ្យ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក តាមរយៈ​សកម្មភាព​ផ្សេងៗ ដើម្បី​ផ្តល់​សេវាកម្ម​សំខាន់ៗ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​សង្កាត់​នោះ​។​

​បញ្ហា​ជីវភាព​រស់នៅ និង​អន្តោប្រវេសន៍​នៅតែ​ជា​កត្តា​ប្រឈម​ចម្បងៗ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​ភៀសខ្លួន និង​ធ្វើ​ចំណាកស្រុក​មក​រស់នៅ​តំបន់ Orange County រដ្ឋ​កាលីហ្វ័​ញ៉ា​។ ក្រៅពី​បញ្ហា​ជីវភាព​នៅមានកម្រិត ពលរដ្ឋ​ខ្មែរ​មួយចំនួន​កំពុងមាន​បញ្ហា​សុខភាព ដូចជា​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​ជាដើម​។ រីឯ យុវជន​ជំនាន់​ក្រោយ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន​វិញ ក៏​កំពុង​ជួបនឹង​បញ្ហា​ក្នុងសង្គម ដូចជា​ក្រុមបងធំ​បងតូច និង​គ្រឿងញៀន​ជាដើម​។​

​យ៉ាងណាមិញ មិនមែន​ត្រឹមតែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ពលរដ្ឋ​អាមេរិកាំង​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ផ្សេងៗ​ទៀត ក៏​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ទាំងអស់​នេះដែរ​។ ក៏ប៉ុន្តែ អ្វីដែល​សំខាន់​នោះ​គឺថា មាន​អង្គការ​មួយចំនួន ដូចជា​អង្គការ​សមាគមន៍​គ្រួសារ​ខ្មែរ​បាន​ចាត់វិធានការ​ផ្សេងៗ​ដើម្បី​ឆ្លើយតប​នឹង​កង្វះខាត និង​កត្តា​ប្រឈម​ទាំងអស់នេះ​។​

​ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍ លោក ពឹង វ​ឌ្ឍ​នា នាយក​ប្រតិបត្តិ​នៃ​សមាគមន៍​គ្រួសារ​ខ្មែរ (the Cambodian Family) បាន​ប្រាប់ VOA ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនសូវ​យល់ដឹង​ពី​ដំណើរការ​នៃ​សំណុំ​ឯកសារ​សុំ​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញសិទ្ធិ​ទេ​។​

«​បើតាម​ខ្ញុំ​យល់ឃើញ ចំពោះ​បញ្ហា​អន្តោប្រវេសន៍ គឺថា​បងប្អូន​ប្រជាជន​ខ្មែរ​យើង ភាគច្រើន​អ្នក​មក​ថ្មី គាត់​មិនសូវ​ដឹង​ពី​សិទ្ធិ​របស់គាត់ ហើយ​មិនដឹងថា តើ​រយៈពេល​ប៉ុន្មាន​គាត់​អាច​ចូលសញ្ជាតិ​អាមេរិកាំង​បាន ថា​ឯកសារ​អ្វីខ្លះ​គាត់​ត្រូវ​ត្រៀមខ្លួន ដើម្បី​ចូលរួម​ជា​ពលរដ្ឋ​អាមេរិកាំង​»​។​

​បន្ថែម​លើ​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនដឹង​ពី​ការស្វែងរក​ព័ត៌មាន ដែល​អាចជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​នេះ​។ លោក ពឹង វ​ឌ្ឍ​នា បាន​ពន្យល់ថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ប្រហែល​លើស​៩០​ភាគរយ មិនដឹង​ពី​ព័ត៌មាន​ដែលថា ទៅ​កន្លែង​ណា​ដាក់​ទទួល​ពាក្យ​នោះទេ​។ មូលហេតុ​អ្វី​? ទី​១ ពួកគាត់​មិនសូវ​ចេះ​ភាសា​អង់គ្លេស ភាគច្រើន​អ្នក​ដែល​គាត់​មក​។ ពេលណា​យើង​មិនចេះ​ភាសា ព័ត៌មាន​គឺមាន​កម្រិត​។ ទី​២ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សហគមន៍​ខ្មែរ​យើង​នៅ​សហរដ្ឋអាមេរិក​មាន​តិច​តួ​ច‍​»​។​

​ជាការ​ឆ្លើយតប សមាគមន៍​គ្រួសារ​ខ្មែរ​បានធ្វើការ​ជាមួយ​ដៃគូ​អង្គការ​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ទាក់ទង​នឹង​អន្តោប្រវេសន៍​នេះ​។​

«​យើង​បានធ្វើការ​ជា​ដៃគូ​យ៉ាង​ជិតស្និត​ជាមួយ​បណ្តា​អង្គការ​ដែលមាន​ឯកទេស និង​មាន​មេធាវី​ផ្នែក​អន្តោប្រវេសន៍​ដ៏​ល្បីៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​បញ្ជូន​ពលរដ្ឋ​ប្រជាជន​ខ្មែរ​យើង ដែល​គាត់​មាន​បញ្ហា​អន្តោប្រវេសន៍ ទៅ​សាកសួរ​ព័ត៌មាន និង​ទទួលបាន​សេវាកម្ម​ផ្នែក​អន្តោប្រវេសន៍​ដ៏​សមស្រប និង​មិន​ក្លាយជា​ដែល​ត្រូវគេ​ឆក​បោក​»​។​

​សព្វថ្ងៃនេះ ចំនួន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​បាន​ភៀសខ្លួន និង​ធ្វើ​ចំណាកស្រុក​មក​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័​ញ៉ា​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ ដែល​ភាគច្រើន​ធ្វើការ​នៅក្នុង​រោងចក្រ​ផលិត​សម្ភារៈ​ពេទ្យ និង​ផលិត​នំ​ជាដើម​។​

​បញ្ហា​ដ៏​ចម្បង​មួយទៀត​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់ Orange County នេះ​ជួបប្រទះ​គឺ​បញ្ហា​សេវា​សុខភាព​។ លោក ពឹង វ​ឌ្ឍ​នា បានលើកឡើង​ពី​បញ្ហា​រារាំង​មួយចំនួន ដែល​បណ្តាល​ឲ្យ​ការស្វែងរក​សេវា​សុខភាព​ដ៏​សមស្រប​របស់​ពលរដ្ឋ​ខ្មែរ​ជួប​បញ្ហា​ច្រើន​។​

«​ទី​១ គឺ​បញ្ហា​យាន្ត​ជំនិះ​។ អ្នកខ្លះ​ដែល​មក​រស់នៅ​ទីនេះ​ដំបូង ពួកគាត់​មិនចេះ​បើកឡាន​។ ភាគច្រើន ឪពុកម្តាយ​ចាស់ៗ និង​លោកយាយ​ចាស់ៗ​នោះ ពួកគាត់​ច្រើនតែ​ពឹង​កូនចៅ​គាត់​ឲ្យ​ជូនទៅ​។ ទី​២ កង្វះ​ធនធានមនុស្ស​ផ្នែក​សុខាភិបាល ដែល​ចេះ​និយាយ​ភាសា​ខ្មែរ និង​ដឹង​ពី​វប្បធម៌​ខ្មែរ​យើង​។ ជាពិសេស ឧទាហរណ៍ ខ្ញុំ​លើកយក​បញ្ហា​កោសខ្យល់​មួយ​ចុះ​។ ពេទ្យ​ខ្លះ​គាត់​មិនដឹងថា កោសខ្យល់​យ៉ាងម៉េច​។ ពេល​ទៅ​ពេទ្យ គេ​អាច​ថា មាន​គេ​វាយ​ធ្វើបាប​»​។​

​លោក​បាន​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ដ៏​ធំ​មួយ​នេះ សមាគមន៍​គ្រួសារ​ខ្មែរ​បាន​ស្វះ​ស្វែងរក​ជំនួយ​ពី​អង្គការ​ផ្សេងៗ​ទៀត ដោយ​ផ្សព្វផ្សាយ​ចំណេះដឹង​ខាង​សុខភាព ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​សេវា​សុខភាព ដូចជា​សមាគមន៍​មាតាបិតា​ខ្មែរ សហគមន៍​ខ្មែរ (UCC) សមាគមន៍​ខ្មែរ​នៅ​ទ្វីប​អាមេរិកាំង (CAA) និង​សមាគមន៍​គ្រួសារ​សុខភាព​ល្អ​។

«​ជួនកាល​បើសិនជា​ពួកគាត់​ខ្វះខាត​ខាង​យាន្ត​ជំនិះ យើង​មាន​បុគ្គលិក​ជួយ​ទៅ​ដឹក​គាត់ ដើម្បី​យក​គាត់​ទៅ​ពេទ្យ​។ ហើយ​ទី​២ យើង​មាន​សេវា​បកប្រែ​ជា​ភាសា​ខ្មែរ​របស់គាត់ ជាពិសេស​អ៊ំៗ​ចាស់ៗ​ដែល​គាត់​មិនមាន​អ្នកបកប្រែ​។ ដូច្នេះ យើង​មាន​អ្នកបកប្រែ​»​។​

​លោក​ក៏បាន​សង្កត់ធ្ងន់ថា តាមច្បាប់​ពលរដ្ឋ​នៅ​រដ្ឋ​កាលីហ្វ័​ញ៉ា មាន​សិទ្ធិ​ស្នើសុំ​សេវា​បកប្រែ នៅពេល​ទៅពិនិត្យ​សុខភាព​។ មួយវិញទៀត បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​វ័យចាស់ៗ​ក៏​កំពុងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្លាំង​ពី​អង្គការ​ជាច្រើន ដូចជា​សមាគមន៍​គ្រួសារ​ខ្មែរ​ជាដើម​។​

​ដោយឡែក ទោះបី​ជាង​៤០​ឆ្នាំ​កន្លង​ទៅក្រោយ​ពេលដែល​ក្រុម​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់​បានមក​តាំងទី​លំនៅ​នៅ​សហរដ្ឋអាមេរិក​នេះ​ក៏ដោយ ក៏​ការយល់ដឹង​ពី​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​បោះឆ្នោត​នៅមានកម្រិត​នៅឡើយ​។​

«​ភាគច្រើន​ពលរដ្ឋ​មិនសូវ​យល់ដឹង​ពី​សិទ្ធិ​របស់គាត់ ថា​តើ​ការចុះឈ្មោះ​បោះឆ្នោត ឬក៏​មាន​សិទ្ធិ​បោះឆ្នោត​នោះ វា​មាន​សារៈសំខាន់​យ៉ាងណា​»​។​

​ក៏ប៉ុន្តែ តាមរយៈ​កិច្ចការ​របស់​សមាគម​ន៍​គ្រួសារ​ខ្មែរ ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​នៅ​តំបន់ Orange County កំពុងតែ​សិក្សា​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ក្នុងសង្គម ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

«​ការចួលរួម​ក្នុង​កិច្ចការ​សង្គមរ​បស់បង​ប្អូន​ខ្មែរ​យើង​មានការ​សស្រាក់សស្រាំ​ណាស់​។ បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ទៅ​ចូលរួម​ស្តាំ​ក្រុមប្រឹក្សា​ក្រុង​ជជែក​ពិភាក្សា​ពី​បញ្ហា​នានា ដែល​ប៉ះពាល់​ដល់​សហគមន៍​យើង​»​។ ទាក់ទង​នឹង​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នេះ លោក ពឹង វ​ឌ្ឍ​នា បាន​ឲ្យ​ដឹងថា ពលរដ្ឋ​មួយចំនួនធំ​ធ្វើការ​ពីរ​កន្លែង ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ដើម្បី​ឧបត្ថម្ភ​ការសិក្សា​របស់​កូន​ជាដើម​។​

«​ជីវភាព​គាត់​ឥឡូវនេះ​នៅ​តំបន់ Orange County បាន​ប្រសើរ តែ​មិន​ប្រសើរ​ណាស់ណា​ទេ​។ ខ្ញុំ​ក៏​សូម​ជូន​ជា​យោបល់​ដែរ​ថា បើសិនជា​បងប្អូន​ជួបនឹង​បញ្ហា​ផ្សេងៗ ពួកគាត់​អាចទាក់ទង​បណ្តា​អង្គការ​សមាគមន៍​ផ្សេងៗ ដែល​បម្រើ​សេវាកម្ម​សង្គម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។​

​លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ការអប់រំ​គឺជា​កត្តា​សំខាន់ ក្នុង​ការជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តំបន់​នេះ​អាចឈាន​ចាប់យក​ឱកាស​ការងារ​ល្អប្រសើរ​ជាង​នេះ​។ អាស្រ័យហេតុនេះ កម្ម​វី​ធី​មួយ​ដែល​អង្គការ​របស់លោក​កំពុង​ធ្វើ​គឺ​ផ្តោតលើ​ភាពជា​អ្នកដឹកនាំ​របស់​យុវជន​។ ក៏ប៉ុន្តែ លោក ពឹង វ​ឌ្ឍ​នា បញ្ជាក់ថា យុវជន​ខ្មែរ​នៅតែ​បន្ត​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ការសិក្សា​។​

«​ចំពោះ​បងប្អូន​យុវជន​ខ្មែរ​យើង ពួកគាត់​ភាគច្រើន​មាន​បញ្ហាលំបាក​បញ្ចប់​ថ្នាក់មធ្យមសិក្សា ហើយនឹង​ឈានទៅដល់​មហាវិទ្យាល័យ​។ បញ្ហាលំបាក​អី​? ទី​១ ម្តាយ​ឪពុក​របស់គាត់​មិនចេះ​ភាសា​។ ហើយ​ទី​២ ម្តាយ​ឪពុក​របស់គាត់​មិនបាន​រៀន​ចប់​ចុង ចប់​ដើម​ឲ្យ​បាន​ខ្ពង់ខ្ពស់​។ ដល់ពេល​គាត់​មកដល់​ទីនេះ គាត់​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​ជួយ​កិច្ចការ​សាលា ឬក៏​ចូលរួម​ក្នុងការ​សិក្សា​របស់​កូន​ទេ​»​។​

​បន្ថែម​លើ​នេះ កម្មវិធីសិក្សា​ផ្លូវការ​នៅតាម​សាលារៀន​នៅ​សហរដ្ឋអាមេរិក​ភាគច្រើន​មិន​សមស្រប​ទៅតាម​វប្បធម៌ ភាសា និង​ប្រវត្តិ​អន្តោប្រវេសន៍​របស់​យុវជន​ខ្មែរ​។ យ៉ាងណាមិញ សមាគមន៍​គ្រួសារ​ខ្មែរ សហការ​ជាមួយនឹង​អង្គការ​ជា​ដៃគូ​ជាច្រើន​នៅ​តំបន់ Orange County បាន​បង្កើត​កម្មវិធីសិក្សា​ក្រៅ​ម៉ោង​សិក្សា និង​កម្មវិធី​ផ្តល់​អាហារូបករណ៍​ជាច្រើន​ដល់​យុវជន​ខ្មែរ​មួយចំនួន ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ​។

​លោក ពឹង វ​ឌ្ឍ​នា នាយក​ប្រតិបត្តិ​សមាគមន៍​គ្រួសារ​ខ្មែរ បាន​សង្កត់ធ្ងន់ថា បើទោះបីជា​សហគមន៍​ខ្មែរ​នៅ​តំបន់ Orange County នេះ​បន្ត​ជួប​កត្តា​ប្រឈម​ខាងលើនេះ​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នេះ​បន្ត​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិតរ​មួ​ត និង​សាមគ្គី​គ្នា ដើម្បី​ដើរ​ឆ្ពោះទៅរក​ការរីកចំរើន​កាន់តែ​ប្រសើរ​ជាង​នេះ​នាពេល​អនាគត​៕