Bonucci អំពាវនាវឲ្យអ៊ីតាលី បង្ហាញពីស្មារតីដូចក្នុង Euro ពេលប៉ះ អេស្ប៉ាញ

ខ្សែការពារ Leonardo Bonucci របស់ក្លិប Juventus ជឿជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នឹងត្រូវតែបង្ហាញពីស្មារតីប្រយុទ្ធរបស់ពួកគេម្តងទៀតដូចក្នុងពេលកត់ត្រាជ័យជម្នះលើក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ប្រសិនបើពួកគេចង់ផ្តួលក្រុមដែលមានរហស្សនាមថា La Roja មួយនេះ ក្នុងទីក្រុង Turin នារាត្រីថ្ងៃព្រហស្បតិ៍ស្អែកនេះ។

k

ក្រុមជម្រើសជាតិអ៊ីតាលី បានចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ របស់ពួកគេដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្រាអែល កាលពីខែមុន ដែលនៅពេលនោះ Bonucci ក៏មានវត្តមានផងដែរក្នុងពេលក្រុមរបស់ខ្លួនបានទទួលជ័យជម្នះ ៣-១ ក្នុងទីក្រុង Haifa។

Italy v Spain - EURO 2016 - Round of 16

បច្ចុប្បន្ន ក្រុមរបស់លោក Giam Piero Ventura ត្រូវជួបក្រុមខ្លាំងអេស្ប៉ាញ ដែលកំពុងសម្លឹងរកការប្រជែងយកចំណាត់ថ្នាក់លេខ១ក្នុងពូល និងការឈ្នះកៅអីជាស្វ័យប្រវត្តិទៅកាន់ព្រឹត្តិការណ៍៍ពិភពលោកក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨។

ក្រុមទាំងពីរបានជួបគ្នាជាលើកចុងក្រោយក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ដែលនៅពេលនោះក្រុមជម្រើសជាតិអ៊ីតាលី ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅនៃក្លិប Chelsea លោក Antonio Conte បានបញ្ចប់ឱកាសរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការឈ្នះពានប្រចាំទ្វីបជាលើកទី៣ជាប់ៗគ្នា តាមរយៈការដណ្តើមបានជ័យជម្នះ ២-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។

ហេតុនេះ Bonucci សង្ឃឹមថា ការបង្ហាញពីស្មារតីប្រកួតដូចគ្នានេះ នៅកីឡដ្ឋាន Juventus នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមរបស់ខ្លួន។ Bonucci បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «ការដើរក្នុងកីឡដ្ឋាន Juventus តែងតែផ្តល់នូវអារម្មណ៍ដ៏ពិសេស វាធ្វើឲ្យមានអារម្មណ៍ហាក់ដូចជានៅផ្ទះ ហើយនិងផ្តល់ឲ្យខ្ញុំនូវថាមពលផ្សេងគ្នា»។

ប៉ុន្តែ រូបគេបានព្រមានថា៖ «អេស្ប៉ាញ នឹងស្ថិតក្នុងស្មារតីថ្មីមួយ ហើយនិងសម្លឹងរកការសងសឹកចំពោះការបរាជ័យក្នុង Euro ឆ្នាំ២០១៦របស់ពួកគេ»។ បន្ទាប់ពីការធ្លាក់ចេញក្នុង Euro ឆ្នាំ២០១៦របស់ពួកគេ លោក Vicente del Bosque ត្រូវបានចូលជំនួសដោយលោក Julen Lopetegui ដែលបានដឹកនាំឲ្យក្រុមអេស្ប៉ាញ ឲ្យទទួលជ័យជម្នះ ៨-០ លើក្រុមជម្រើសជាតិលិចតិនស្តាញ ក្នុងការប្រកួតបើកឆាកនៃពូល G ក្នុងទីក្រុង Leon កាលពីខែមុន។

ការប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ នឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភពពី sports.yahoo.com

The post Bonucci អំពាវនាវឲ្យអ៊ីតាលី បង្ហាញពីស្មារតីដូចក្នុង Euro ពេលប៉ះ អេស្ប៉ាញ appeared first on CamboSport.