បក្ស​ទាំង​ពីរ​អាច​ចរចា​ដោះស្រាយ​ភាព​តាន​តឹង​នយោបាយ

នៅព្រឹកថ្ងៃទី ៤ តុលានេះ គណៈអចិន្ត្រៃយ៍របស់សភា បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ៧ និងការកែប្រែសមាសភាពអគ្គសវនករថ្មីសម្រាប់បន្តអាណត្តិ៥ឆ្នាំបន្តទៀត។ ក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាជិកសភាគណបក្សទាំងពីរ បានអះអាងថាអាចនឹងមានការចរចាឡើងវិញរវាងគណបក្សទាំងពីរក្រោយការអាក់ខានជិត ១ឆ្នាំ។ ប៉ុន្តែបក្សកាន់អំណាចនៅមិនទាន់ហ៊ានបញ្ជាក់នៅឡើយ។

លោក ឈាង វ៉ុន និងលោក យ៉ែម បុញ្ញាឫទ្ធិ បានប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភាថា បក្សទាំងពីរនឹងអាចផ្តើមការចរចាឡើងវិញបន្ទាប់ពីបក្សទាំងពីរបានលុបចោលវប្បធម៌សន្ទនាតាំងពីដើមឆ្នាំមកម្ល៉េះ។ អ្នកនាំពាក្យសមាជិកសភាខាងគណបក្សសង្គ្រោះជាតិបានប្រាប់ឱ្យដឹងថា នឹងអាចមានការចរចា ដើម្បីឱ្យស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ។ ទន្ទឹមនឹងនោះដែរ អ្នកនាំពាក្យសភាគណបក្សប្រជាជនកម្ពុជា បានអះអាងថានឹងអាចមានការចរចា ដោយលោកលើកពីប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មកបញ្ជាក់។

Loading...

លោកហ៊ុន សែន ដែលបានមានប្រសាសន៍បង្ហើរថាឱ្យបក្សប្រឆាំងចូលសភា ហើយនឹងអាចមានការចរចា ខណៈដែលបក្សទាំងពីរបានបែរខ្នងដាក់គ្នា និងគំរាមគ្នាថែមទៀតផង។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យឱ្យគណបក្សកាន់អំណាចនៅមិនទាន់ហ៊ានបញ្ជាក់យ៉ាងណានោះទេ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងខ្លីថាស្ថានការណ៍មានភាពប្រែប្រួល។

នាពេលបច្ចុប្បន្ននេះ ភាពតានតឹងរវាងគណបក្ស ដែលកំពុងមានជម្លោះទាំងពីរនេះ បានធូស្រាលមួយកម្រិតហើយព្រោះថា បក្សទាំងពីរបានប្រកាសបទឈប់បាញ់ក្នុងរដូវភ្ជុំបិណ្ឌ។ បន្ថែមពីនេះ គណបក្សសង្គ្រោះជាតិក៏បានយល់ព្រមចូលប្រជុំសភាវិញ។ គួរបញ្ជាក់ថាផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រកាសចូលប្រជុំសភាវិញ ហើយគណបក្សប្រឆាំងគ្រោងនឹងបោះឆ្នោតដកសេចក្តីទុកចិត្តលើរដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងការស្នើឱ្យមានវិសោធនកម្មលើច្បាប់ទាំងបីស្តីពីប្រព័ន្ធតុលាការផងដែរ។

ត្រង់ចំណុចនេះ លោកសុខ ឥសាន រិះគន់គណបក្សប្រឆាំងថា និយាយយកមុខមាត់ខណៈ ដែលបក្សរបស់ខ្លួនអស់ផ្លូវដើរហើយនោះ។ ក្រុមអ្នកវិភាគនៅកម្ពុជាបានអះអាងថា បក្សទាំងពីរដល់ពេលចរចាជាមួយគ្នាឡើងវិញហើយ បន្ទាប់ពីបែរខ្នងមួយរយៈពេលវែង ហើយបានធ្វើឱ្យស្ថានភាពមានការតានតឹងទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច រួមទាំងបានប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាថែមទៀតផង។

លោក អ៊ូ វីរៈ និងលោក ចាន់ វិបុល បានស្នើឱ្យបក្សទាំងពីរចរចាគ្នាឱ្យបានលឿនបំផុតព្រោះថាភាពរឹងទទឹងរបស់បក្សទាំងពីរ គឺគ្មានប្រយោជន៍អ្វីដល់ជាតិនោះឡើយ។ សូមបញ្ជាក់ថា ក្រុមវប្បធម៌សន្ទនារវាងគណបក្សទាំងពីរបានទាត់ចោលកិច្ចសន្ទនាអស់រយៈពេលជិត ១ឆ្នាំមកហើយ ពោលគឺតាំងពីក្រោយខែកុម្ភៈឆ្នាំ ២០១៦៕

ប្រភព៖ rfi