នារី​វ័យក្មេង​ម្នាក់​លោត​ចុះ​ពីលើ​ម៉ូតូ​រត់​ចូល​ឡាន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​សុខ​ៗ​ស្រាប់តែ​លោត​ចុះ​ពីលើ​ម៉ូតូ ហើយ​រត់​ចូល​រថយន្ត តែ​សំណាងល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ឃាត់​ទាន់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

នារី​ដែល​លោត​ចុះ​ពីលើ​ម៉ូតូឌុប​បម្រុង​រត់​ចូល​ឡាន​នេះ​មានឈ្មោះ ដា​លី​ន អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​មិនដឹង​ថា​មកពីណា​នោះ​ទេ បាន​ជិះ​ម៉ូតូឌុប​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​នារី​ខាងលើ​នោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូឌុប​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ថ្នល់ ហើយ​ងើបឡើង​រត់​ចូល​រថយន្ត​ទៀត តែ​សំណាងល្អ​មាន​ប្រជាពលរដ្ឋ​ដែល​គាត់​ធ្វើ​ដំណើរ​តាម​ដងផ្លូវ រួម​និង​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​កុំ​អី​ត្រូវ​រថយន្ត​ធំ​ៗ​បុក​ស្លាប់​បាត់​ទៅ​ហើយ ។ ចំណែក​អ្នក​រត់​ម៉ូតូឌុប​ពេល​ដែល​កំពុង​តែ​ឌុ​ប​ស្រាប់តែ​នាង​លោត​ពីលើ​ម៉ូតូ​បែប​នេះ​គាត់​ក៏​មិន​បាន​ឈប់​នាំ​ឲ្យ​ពាក់ព័ន្ធ​អ្វី​ដែរ បាន​បើក​ម៉ូតូ​ទៅ​មុខ​បន្ត​ទៀត ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​លោត​ពីលើ​ម៉ូតូ​រួច​ហើយ សមត្ថកិច្ច​និង​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​បាន​សួរនាំ ប៉ុន្តែ​នាង​មិន​ព្រម​ឆ្លើយ​តប​សោះ មើលទៅ​ហាក់ដូចជា​មាន​អ​កា​រៈ​បែក​ថ្នាំ​អ៊ីចឹង ទើប​សមត្ថកិច្ច​បម្រុង​ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ដើម្បី​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួល​ត្រឡប់​ទៅ​វិញ ។ ភ្លាម​ៗ​នោះ​ទើប​នាង​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា នាង​មិនមែន​បែក​ថ្នាំ​ទេ គឺ​នាង​ពិបាកចិត្ត​ដោយសារ​ឪពុក​ម្តាយ​របស់​នាង​បាន​ស្លាប់​ចោល​នាង​អស់ ។ រាល់ថ្ងៃ​នាង​ស្នាក់​នៅ​ក្នុង​វត្ត​ន​ន្ទ​មុនី ហើយ​នាង​ក៏​បាន​ទៅ​សម្រាក​នៅផ្ទះ​បងប្អូន​ជីដូនមួយ​របស់​នាង​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​បងប្អូន​ជីដូនមួយ​នាង​គឺជា​មនុស្ស​ញៀន​ថ្នាំ បាន​នាំ​ស្រី​ស្នេហ៍​របស់​ខ្លួន​យក​មក​ដេក​នៅ​ក្នុងផ្ទះ ហើយ​បាន​ដេញ​នាង​ចេញពីផ្ទះ ទើប​នាង​ជិះ​ម៉ូតូឌុប​គោលបំណង​ទៅ​រក​ផ្ទះសំណាក់​ដេក​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​សួរនាំ​ចុះឡើង​ទើប​ដឹង​ថា នាង​ជា​មនុស្ស​បែក​ថ្នាំ ក៏​បាន​ដឹក​នាង​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ៕