Brexit៖​អាមេរិក​បាន​ទាមទារ​ឲ្យ​អឺរ៉ុប និង​អង់គ្លេស​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​​នៅ​ក្រោយ​ការ​លែងលះគ្នា

នៅថ្ងៃអង្គារ ទី៤ កញ្ញា លោករដ្ឋមន្រ្តីការបរទេសអាមេរិកចន ឃែរីបានថ្លែងនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា អាមេរិកនឹងត្រូវការឲ្យអឺរ៉ុប និងអង់គ្លេសបន្តមានទំនាក់ទំនងជិតស្និទ្ធ និងរឹងមាំរវាងគ្នានៅក្រោយការចាកចេញរបស់អង់គ្លេសពីសមាជិកសហភាពអឺរ៉ុបនាពេលខាងមុខ។ លោកចន ឃែរីបានអះអាងថា លោកយល់ពីការលំបាកនៃដំណាក់កាលនៃការចរចាលែងលះគ្នារវាងអឺរ៉ុប និងអង់គ្លេស និងថា អាមេរិកនៅបន្តគាំទ្រទាំងមិត្ត និងទាំងសម្ព័ន្ធមិត្តរបស់អឺរ៉ុប និងអង់គ្លេសដោយមិនកាន់ជើងខាងណាទេ។

លោកប្រមុខការទូតអាមេរិកចន ឃែរីបានព្យាយាមលាតត្រដាងឲ្យឃើញពីជំហរមិនផ្លាស់ប្តូររបស់អាមេរិកជាមួយអឺរ៉ុប និងជាមួយអង់គ្លេសដែលត្រូវចែកផ្លូវគ្នាដើរនាពេលខាងមុខ។ លោកឃែរីបានបញ្ជាក់ថា មេរៀនដែលទាញចេញពីជម្រើសប្រជាធិបតេយ្យរបស់អង់គ្លេសចាកចេញពីអឺរ៉ុបមិនមែនមានន័យថា អាមេរិកត្រូវការអឺរ៉ុបច្រើនជាងអង់គ្លេស ឬមួយអង់គ្លេសច្រើនជាងអឺរ៉ុបនោះទេ ពោលអាមេរិកត្រូវការទាំងសងខាងដូចគ្នា។ តាមលោកឃែរី អាមេរិកនឹងបន្តគាំទ្រមិត្ត រួមទាំងសម្ព័ន្ធមិត្តរបស់អឺរ៉ុប និងអង់គ្លេសនៅក្នុងដំណាក់កាលដ៏លំបាកនៃការចរចាលែងលះគ្នានាពេលខាងមុខ។

Loading...

ប្រមុខការទូតអាមេរិករូបនេះដដែលបានអះអាងច្បាស់ៗថា អាមេរិកត្រូវការអឺរ៉ុបមួយខ្លាំង រឹងមាំ និងត្រូវការអង់គ្លេសមួយខ្លាំង រឹងមាំដូចគ្នា ព្រមទាំងចង់ឃើញអនាគតទំនាក់ទំនងរវាងអឺរ៉ុប និងអង់គ្លេសនៅតែជិតស្និទ្ធដូចមុនដដែល។ នៅក្នុងន័យនេះ លោកឃែរីបានអំពាវនាវដល់អឺរ៉ុប និងអង់គ្លេសឲ្យបង្ហាញប្រាប់ពិភពលោកថា ការចែកផ្លូវគ្នាដើររវាងអឺរ៉ុប និងអង់គ្លេសមិនមែនជាសញ្ញានៃការបែកបាក់នៅផ្ទៃក្នុងអឺរ៉ុបដូចដែលក្រុមអ្នកជំនាញមួយចំនួនបាននិយាយនោះទេ។

ការថ្លែងរបស់លោកចន ឃែរីពេលនេះបានធ្វើឡើង បន្ទាប់ពីលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May បានប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យ ទី២ តុលាថា អង់គ្លេសនឹងផ្តើមនិតិវិធីចាកចេញពីអឺរ៉ុបនៅដំណាច់ខែមីនា ឆ្នាំ ២០១៧។ គឺបន្ទាប់ពីការប្រកាសនិតិវិធីចាកចេញជាផ្លូវការរបស់អង់គ្លសេទើបកិច្ចចរចាពិតប្រាកដ និងលំបាកអាចចាប់ផ្តើមបានរវាងអង់គ្លេស និងអឺរ៉ុបរយៈពេល ២ឆ្នាំស្តីពីនិតិវិធីមួយចំនួនសំដៅបើកផ្លូវឲ្យអង់គ្លេសចេញជាស្ថាពរនៅដើមឆ្នាំ ២០១៩។ យ៉ាងណាក៏ដោយ គ្រប់កិច្ចព្រមព្រៀងរវាងអង់គ្លេស និងអឺរ៉ុបនឹងត្រូវអនុម័តដោយសភាអឺរ៉ុប៕

ប្រភព៖ rfi