ជនជាតិ​អូស្ត្រាលី​៩​នាក់​ត្រូវ​ចាប់ខ្លួន ព្រោះ​ស្លៀក​លី​អូ​មាន​ទង់ជាតិ​ម៉ាឡេស៊ី​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-05-2016, 8:30 am         342

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជនជាតិ​អូស្ត្រាលី​៩​នាក់​ត្រូវ​ចាប់ខ្លួន ព្រោះ​ស្លៀក​លី​អូ​មាន​ទង់ជាតិ​ម៉ាឡេស៊ី​
 

​ជនជាតិ​អូស្ត្រាលី​៩​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ាឡេស៊ី បន្ទាប់ពី​ពួកគេ​ស្លៀក​លី​អូ​មាន​រូប​ទង់ជាតិ​ម៉ាឡេស៊ី​នៅ​ទីសាធារណៈ នៅឯ​ទីលានប្រណាំង​ឡាន Formula One​។ ក្នុងចំណោម​ជនជាតិ​អូស្ត្រាលី​ទាំង​៩​នាក់ ក៏មាន​ជំនួយការ​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​អូស្ត្រាលី​ម្នាក់​ដែរ ហើយ​ករណីនេះ កំពុងតែ​ត្រូវបាន​ដោះស្រាយ​ដោយ​តំណាង​អូស្ត្រាលី​ប្រចាំ​ម៉ាឡេស៊ី​។

​ប៉ូលិស​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី​ចំនួន​៩​នាក់ ដែល​រួមទាំង​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​ម្នាក់​ដែរ បន្ទាប់ពី​ពួកគេ​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ ដោយ​ស្លៀកខោ​ក្នុង​មាន​ទង់ជាតិ​ម៉ាឡេស៊ី ក្នុង​ព្រឹ​ត្ត​ការណ៍​ប្រណាំង​ឡាន Malaysian Grand Prix កាលពី​ថ្ងៃទី​២ ខែកញ្ញា​។ ពួកគេ​ទាំង​៩​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្រោយ​ការប្រណាំង​ឡាន​លំដាប់​ពិភពលោក​នេះ ត្រូវបាន​បញ្ចប់​រួចមក​។

​ក្រោយ​ការចាប់ខ្លួន អាជ្ញាធរ​ម៉ាឡេស៊ី ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​ករណីនេះ​លើ​បទ​ចោទ ការប្រមាថ​ដោយ​ចេតនា​ក្នុង​គោលដៅ​បង្ក​ផលប៉ះពាល់​សន្តិភាព និង​អំពើ​មិន​សមរម្យ​ជា​សាធារណៈ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ម៉ាឡេស៊ី Bernama ដែល​បាន​ស្រង់​សម្ដី​មន្ត្រីប៉ូលិស​។ លោក Abdul Aziz អធិការ​ប៉ូលិស​នៅ Sepang និយាយថា ជនជាតិ​អូ​ស្រា្ត​លី​ទាំង​៩​នាក់​នោះ មកកាន់​ម៉ាឡេស៊ី​ដើម្បី​ទស្សនា​ការប្រណាំង​ឡាន Malaysian Grand Prix នៅ​ទីលាន Sepang ខាងក្រៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។  

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក Jack Walker ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ការពារជាតិ លោក Christopher Pyne ក៏ត្រូវ​ចាប់ឃុំខ្លួន​។ លោក Walker​និង​ជនជាតិ​អូស្ត្រាលី​៨​នាក់​ទៀត កំពុង​រាំរែក​នៅ​ទីលានប្រណាំង​ឡាន ដោយ​ស្លៀកខោ​លី​អូ​មាន​ទង់ជាតិ​ម៉ាឡេស៊ី​ដើម្បី​អបអរ​ជ័យជម្នះ Daniel Ricciardo ដែលជា​ជនជាតិ​អូស្ត្រាលី​ដូចគ្នា ហើយក៏​ត្រូវ​ថត​បានតែ​ម្ដង​។​

​សារព័ត៌មាន​អូស្ត្រាលី Fairfax បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​លោក Pyne ថា កិច្ចការ​នេះ​កំពុងស្ថិត​ក្នុង​ស្នងការ​ជាន់ខ្ពស់​របស់​អូស្ត្រាលី​ប្រចាំ​ម៉ាឡេស៊ី​។ ការ​លេច​ធ្លាយ​រូបភាព​នេះ ធ្វើ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី ដែល​គោរព​សាសនា​ឥស្លាម​លើសលប់​នោះ មិន​សប្បាយចិត្ត​ឡើយ និង​ចាត់ទុកជា​សកម្មភាព​មើលងាយ​ប្រទេស​ទៀតផង​។

​សកម្មភាព​ទាំងឡាយ​ដែល​អាច​បាន​ត្រូវ​ចោទ​លើ​ករណី​ប្រមាថ​ជា​សាធារណៈ តែងតែ​ត្រូវបាន​កាត់ទោស​ពី​សំណាក់​អាជ្ញាធរ​ម៉ាឡេស៊ី ដ្បិត​វា​ជា​រឿង​រសើប និង​តែងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ម៉ាឡេស៊ី​។ អាកប្បកិរិយា​មិន​សមរម្យ​ទាំងនោះ មិន​ត្រូវបាន​លើកលែង និង​អត់អោន​ឲ្យ​ឡើយ បើទោះជា​ជនបរទេស​ជា​អ្នកប្រព្រឹត្ត​រឿងរ៉ាវ​ទាំងនោះ​ក៏ដោយចុះ​៕