វាយ​គ្នា​ក្នុងពេល​រាំវង់​ធុងបាស់​នៅ​វត្ត​សំរោង​ក​ង្រី​ចាប់បាន​ជនដៃដល់​៨​នាក់​បង្ក​របួល​ស្នាមវាយ​ជនរងគ្រោះ​២​នាក់​អោយ​របួសធ្ងន់​និង​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ ក្មេង​ទំនើង​ជា​ជនសង្ស័យ​៨​នាក់​ជា​អ្នកបង្ក​របួសស្នាម​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព​វាយតប់​ទៅ​ក្រុម​ជនរងគ្រោះ​មួយក្រុម​ទៀត​មាន​គ្នា​៣​នាក់ បណ្តាលអោយ​ម្នាក់​រងរបួស​ធ្ងន់ និង ម្នាក់ទៀត​បាន​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៦ នៅ​វត្ត​សំរោង​ក​ង្រី ស្ថិតក្នុង​ភូមិ​សំ រោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​វាយ​របួសធ្ងន់​រហូត​សន្លប់​នោះ ឈ្មោះ សួន ម៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ម្នាក់ទៀត​រងរបួស​ស្រាល ឈ្មោះ ម៉ា គង់​សំអឿន ភេទ​ប្រុស អា​យុយ​៣៥​ឆ្នាំ រស់​ភូមិ​ស្មែ​ត្រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​ជនរងគ្រោះ​បានអោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ​ពួកគេ​ជា​អ្នក​ចំងាយ បាន​នាំ​ក្រុមគ្រួសារ​ទៅធ្វើ​បុណ្យ និង​ទៅលេង​នៅ​វត្ត​សំរោង​ក​ង្រី ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ពោធិ ស្រុក​កំពង់លែង ដែល​នៅ​ទីនោះ មាន​ដាក់​ធុងបាស់​រាំលេង​កំសាន្ត​ផងដែរ ។ នៅ​មុនពេល​កើតហេតុ​ពួកគេ​បាន​ចូលទៅ​រាំ​បទ​រាំវង់​បាន​មួយ​បទ​បន្ទាប់មកទៀត​គេ​ចាប់ផ្តើម​ចាក់​បទ​ញាក់​ហើយ​ពួកគេ​ក៏បាន​នាំគ្នា​រាំ​បន្ត​។​ក្នុងពេលនោះ​ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ដែល​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅក្នុង​ភូមិ​ស្រុក​នេះ​បាន​ព្រួត​គ្នា​ទៅ​ចាប់​ជនរងគ្រោះ​ឈ្មោះ​សួន ម៉ា វាយ​កណ្តាល​វង់​តែម្តង រួច​ចាប់​អូស​មក​វាយ​នៅក្រៅ​វង់​រហូតដល់​សន្លប់​បាត់ស្មារតី​។ ឃើ ញ​ដូចនេះ​ឈ្មោះ ម៉ា គង់​សំអឿន បាន​ស្ទុះ​ចូលទៅ​ជួយ​ក៍​ត្រូវ​បក្ខពួក​ក្រុម​បង្ក​គប់​ដំ​ថ្ម​២​ដុំ​រងរបួស​ស្រាល​។​

2-1

​ក្រោយពេល​កើតហេតុ​ក្រុម​ជនបង្ក​រក៍​នាំគ្នា​រត់ឡើង​ទៅ​កុដិ​លោក​ដែល​ស្ថិត​នៅក្បែរនោះ​ហើយ​ក្រុម​ប្រជា​ការពារ​ភូមិ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ព័ទ្ធ​កុដិ​នោះ​មិនអោយ​ក្រុម​ជនបង្ករ​រត់​រួច​ឡើយ​រួច​ទូរស័ព្ទ​ប្តឹងទៅ​សមត្ថកិច្ច​អោយជួយ​ន្ត​រាគ​មន៍ ។ ពេល​សមត្ថកិច្ច​ទៅដល់​ក៍​មិន​ហាន​ចូលទៅ​ឃាត់​ជនបង្ក​ទេ​ព្រោះ​ដឹងថា​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​សាហាវ​ខ្លាំងណាស់​ប៉ុន្តែ​ដោយសារ​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​ទីនោះ​ដែរ​បាន​ចូលទៅ​ចាប់បាន​ជនបង្ក​បាន​ចំនួន​៨​នាក់​ប្រគល់អោយ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។

1-1

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា​ក្នុងចំណោម​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​មាន​៥​នាក់​មាន​គេ​កំពុង​រត់ការ​ដើម្បី​ធ្វើការ​ដោះលែង​អោយ​រួច​ផុតពី​សំណាញ់​ច្បាប់ ដោយ​រៀបចំ​ឯកសារ​បំភ្លៃ​ថា​មិនមែនជា​ជនដៃដល់​ទៅវិញ​។ ដែល​រឿងនេះ​ជនរងគ្រោះ​សំណូមពរ​លោកស្នងការ​នគរបាល​ខេត្ត មេត្តាជួយ​តាមដាន​ស្រាវជ្រាវ​សំណុំ​រឿងនេះ​អោយបាន​ច្បាស់លាស់​ផង​មុន​និង​ដោះលែង​ជនដៃដល​ទាំងនោះ​៕ ( រិទ្ធិជ័យ )