ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ ៩​នាក់​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ ៩​នាក់​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ



ភ្នំពេញ​: អង្គប្រជុំ​ក្រុមប្រឹក្សាវិន័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពិនិត្យ​និង​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​គណៈមេប្រយោគ ចំនួន ៩ រូប ដែល​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ សម័យ​ប្រឡង​៖ ២២ សីហា ២០១៦ កន្លង​មកនេះ ដោយ​ស្រប​តាម​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​១ និង​ថ្នាក់ ទី​២ ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រកាស​លេខ ៧២៧ អយក​.​ប្រក ស្តី​ពី​ការ​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ទាំង​នៅ​ក្នុង​ដំណើរការ​សំ​ណេ​រ កំណែ និង​ដំណើរការ​ស្រង់​បូក​ដោយ​កុំព្យូទ័រ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​ដែល​បាន​ប្រព្រឹត្ត​កំហុសឆ្គង​នៅ​ក្នុង ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២២ សីហា ២០១៦ នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា បុគ្គលិក​អប់រំ​ទាំង ៩ រូប ដែល​បាន​ប្រព្រឹត្ត​កំហុស ក្នុង​នោះ ឲ្យ​អ្នក​ដទៃ​បំពេញភារកិច្ច​ជំនួស ១ ករណី យក​ចូល​និង​ប្រើប្រាស់​ទូរស័ព្ទ​ខុស​ពី​គោលការណ៍​កំណត់ ៣ ករណី ទទួល​ប្រាក់​ពី​បេក្ខជន ១ ករណី បំពេញភារកិច្ច ដោយ​ខ្វះ​ស្មារតី​ទទួលខុសត្រូវ ៤ ករណី ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​នូវ​ចំណុច​ណាមួយ ឬ ច្រើន ដូច​ខាងក្រោម​៖

- ស្តីបន្ទោស​ដោយ​ផ្ទាល់មាត់​ពី​ថ្នាក់ដឹកនាំ​អង្គភាព

- ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ដោយ​ក្រសួង

- ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ដោយ​ក្រសួង និង​ចំណារ​លើ​សំណុំ​លិខិត​ដោយ​ប្រធាន​អង្គភាព

- ផ្អាក​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រឡង​គ្រប់​ប្រភេទ​១​ឆ្នាំ

- ផ្អាក​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រឡង​គ្រប់​ប្រភេទ​២​ឆ្នាំ

- បញ្ឈប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រឡង​គ្រប់​ប្រភេទ ចាប់ពី​ឆ្នាំ​២០១៧

- លុបឈ្មោះ​ចេញពី​តារាង​ដំឡើង​ថ្នាក់ មួយ​ថ្នាក់

- បន្ថយ​ថ្នាក់ ចំនួន​ពីរ​ថ្នាក់ ៕