Rooney ចង់ឲ្យមានការសាមគ្គីក្នុងក្រុមអង់គ្លេស ក្រោយការចាកចេញរបស់លោក Allardyce

ខ្សែប្រយុទ្ធ Wayne Rooney បានអំពាវនាវឲ្យតារាឆ្នើមៗរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ធ្វើការរួបរួមគ្នាតែមួយ ខណៈដែលពួកគេនឹងត្រូវិលទៅកាន់ការប្រកួតវិញ ក្រោយពីការចាកចេញដ៏មិននឹកស្មានដល់របស់លោក Sam Allardyce។
ft-img-template

លោក Allardyce ត្រូវបានបង្ខំឲ្យលាលែងពីតំណែងក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីកាន់តំណែងបានរយៈពេល៦៧ថ្ងៃ និងដឹកនាំបានមួយប្រកួត បន្ទាប់ពីការបញ្ចេញមតិដ៏ចម្រូងចម្រាស់របស់លោកទៅកាន់អ្នកយកព័ត៌មានសម្រាប់កាសែងស៊ើបអង្កេតមួយទៅលើអំពើពុករលួយក្នុងកីឡាបាល់ទាត់។

លោក Gareth Southgate នឹងត្រូវកាន់តំណែងក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងក្រុមអង់គ្លេស សម្រាប់ការប្រកួតបួនលើកខាងមុខនេះ ហើយការសម្រេចចិត្តជាលើកដំបូងរបស់លោកគឺការររក្សាទុកឲ្យ Rooney របស់ក្លិប Manchester United ស្ថិតក្នុងតំណែងជាប្រធានក្រុមដដែល។

Rooney នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃសៅរ៍នេះជាមួយនឹងក្រុមជម្រើសជាតិម៉ាលត៍ នៅកីឡដ្ឋាន Wembley ហើយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ កំពុងតែស្រេកឃ្លានក្នុងការផ្តោតអារម្មណ៍ទៅលើកីឡាបាល់ទាត់ ក្រោយពីក្រុមជម្រើសជាតិអង់គ្លេស បានធ្លាក់ចូលដំណាក់កាលដ៏លំបាក។

Rooney បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងត្រូវតែកសាងទៅលើ៣ពិន្ទុដែលយើងបានឈ្នះក្នុងការប្រកួតចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិស្លូវ៉ាគី ហើយបញ្ហាផ្សេងទៀតមិនមែនជាបញ្ហារបស់យើងឡើយ។ វាគ្មានអ្វីដែលយើងត្រូវធ្វើការផ្តោតអារម្មណ៍ក្រៅពីការលេងបាល់ទាត់ឡើយ»។

ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «វាគឺជារឿងដ៏អាម៉ាស់មួយ។ គ្រប់គ្នាអាចមើលឃើញពីភាពរំភើបកម្រិតណាដែលលោក Sam បានទទួលការងារនេះ ហើយគាត់បានចូលមកកាន់តំណែង និងបានបង្ហាញពីភាពរំភើបដល់កីឡាករទាំងអស់ ប៉ុន្តែ វាជាការសម្រេចចិត្តរបស់ FA»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Rooney ចង់ឲ្យមានការសាមគ្គីក្នុងក្រុមអង់គ្លេស ក្រោយការចាកចេញរបស់លោក Allardyce appeared first on CamboSport.