កាណូតស្មាច់បើកអត់មើលអ្នករាយមងបុក​ធ្លាក់ទឹកបាត់១យប់

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មានមុខ​របរ​រាយ​មង​តាម​ស្ទឹង ត្រូវ​អ្នក​ជិះ​កាណូត​ស្មាច់​បើក​បុក​ធ្លាក់​ពីលើ​ទូក​បាត់​ខ្លួន​មួយ​យប់ មួយ​ថ្ងៃ ហើយ​ត្រូវ​បាន​សាច់ញាតិ និង​សមត្ថកិច្ច​ជិះ​កាណូត​ស្វែងរក​ឃើញ​សព​នៅ​ម៉ោង​២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ តុលា នៅ​ក្នុង​ស្ទឹង​សង្កែ ត្រង់​ចំណុច​ក​សេះ ស្ថិត​ក្នុងភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​រាយការណ៍​ថា បុរស​រង​គ្រោះ​ឈ្មោះ រ័​ត្ន សា​រ៉ា​យ អាយុ​២៨​ឆ្នាំ ប្រកបរ​បរជា​អ្នកនេសាទ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​បាន​កើតហេតុ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣ តុលា ត្រង់​ចំណុច​ខាងលើ​។

មន្ត្រី​ដដែល​បន្ត​ថា អ្នក​កាណូត​ស្មាច់​បង្កហេតុ​មាន​គ្នា​៣​នាក់ ស្រី​២ ប្រុស​១ តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​ទាំង​៣​នាក់​នោះ​ទេ ហើយ​បាន​បើក​ទៅ​បុក​ជន​រង​គ្រោះ ខណៈ​ពេល​កំពុង​ជិះទូក​ឈើ​រាយ​មង​តាម​ដងស្ទឹង​សង្កែ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់ទឹក​បាត់​ខ្លួន​រហូត​នៅ​រសៀល​ថ្ងៃ​ទី​៤ តុលា ទើប​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​ស្វែងរក​ឃើញ​សាកសព​ដែល​អណ្ដែត​ទឹក​នៅ​ក្បែរ​កន្លែង​កើត ហេតុ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​(​ថ្ងៃ​ទី​៣ តុលា​)​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ បាន​នាំ​គ្នា​រៀបចំ​ពិធី​ប្រណាំង​កាណូត​តាម​ដងស្ទឹង​សង្កែ នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​កាលពី​ឆ្នាំទៅ​មិ​ញ​ក៏​មាន​ប្រារ​ព្ធ ពិធី​នេះ​ដែរ ដែល​មាន​អ្នកចូលរួម​ប្រណាំង​កាណូត​ជា​ច្រើន ។

ប្រភព​ដដែល​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ តុលា​នោះ ​ក៏​មាន​អ្នកចូលរួម​ដូច​ឆ្នាំ​មុន​ដែរ ហើយ​គេ​ឃើញ​អ្នកមាន​កាណូត​បើក​ទៅ​បើក​មក​ពេញ​ស្ទឹង​ មុន​ពេល​ពិធី​ប្រណាំង​ចាប់ផ្ដើម ។ ដូច្នេះ ​គេ​សង្ស័យ​កាណូត​ស្មាច់​ ដែល​បើក​បុក​អ្នក​រាយ​មង​តាម​ស្ទឹង​រហូត​ធ្លាក់ទឹក​ស្លាប់​នោះ អាច​ជា​អ្នក​ចូល​រូ​ម​ប្រណាំង ឬ​ជា​អ្នកចូលរួម​កម្សាន្ត​តែ​ម្ដង ។

សមត្ថកិច្ច​បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ក្រុម​អ្នក​បើកកាណូត​បង្កហេតុ​ទាំង​៣​នាក់​នោះ​ទេ ព្រោះ​ក្រោយ​បង្កហេតុ ពួក​គេ​បាន​បើកកាណូត​គេច​បាត់​ស្រមោល​ទាំង​ព្រឹក ខណៈ​ជន​រង​គ្រោះ​ធ្លាក់ទឹក​បាត់​ខ្លួន​ទាំង​មនុស្ស ទាំង​ទូក ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា សាកសព​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ត្រង់​ថ្ងាស ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​ពី​ពិនិត្យ និង​បញ្ចប់​ការ​សួរនាំ​នៅ​កន្លែង​កើតហេតុ ។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ឲ្យ​មាន​ពិធី​ប្រណាំង​កាណូត​នៅ​តាម​ដងស្ទឹង ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បែប​នេះ ។ កាលពី​ឆ្នាំ​មុន​ក៏​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​ប្រណាំង​កាណូត​ខុស​បច្ចេកទេស និង​ខុស​ប្រពៃណី​នេះ​ដែរ ។ ដូច្នេះ​អាជ្ញាធរ​គួរតែ​ពិចារណា​អំពី​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ប្រារព្ធ​ពិធី​ដ៏​គ្រោះថ្នាក់​នេះ ព្រោះ​គ្មាន​អ្នក​ទ​ទូល​ខុស​ត្រូវ​ឡើយ​នៅ​ពេល​កើត​មាន​បញ្ហា​ម្ដង​ៗ ៕