ហួសថ្លែង! ទាល់គេកាក់ឡាន​ ទើប​ដឹងថា មនុស្សនៅខាងក្រោម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ បាន​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បុក​បណ្តាល​ដួល​បោក​នឹង​ថ្នល់ ហើយ​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​បន្ថែម​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ខែតុលា នៅ​តាម​មហាវិថី​ព្រះ​មុនី​វង្ស មុខ​សណ្ឋាគារ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ អាយុ​ជាង​២០​ឆ្នាំ រង​របួស​ត្រង់​ក្បាល​និង​ខ្លួន​ធ្ងន់ ចំណែក​ម៉ូតូ​ដែល​បុក​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្ដាល ១Q ៦៩៩៨ ។ រីឯ​រថយន្ដ ម៉ាក​តូ​យ៉ូ​តា​ព្រូស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Z ៤៤១៩ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ។

តាម​ម្ចាស់​ម៉ូតូ​និយាយ​ថា រូប​គាត់​ជិះ​ម៉ូតូ​តាមបណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស លុះ​ទៅ​ដល់​មុខ​សណ្ឋាគារ​ភ្នំពេញ​វាក់​នឹង​មនុស្ស​ឆ្លងផ្លូវ​ក៏​ចាប់​ហ្វ្រាំង តែ​ក៏​ជ្រុល​ទៅ​បុក​អ្នក​ដើរ​ឆ្លងផ្លូវ​រូប​នោះ ។ ពេល​កំពុង​ធ្វើ​ដំណើរ រូប​គាត់​មិន​បានឃើញ​មនុស្ស​ដើរ​ឆ្លងផ្លូវ​ទេ​ព្រោះ​បាំង​រថយន្ដ ទើប​ធ្វើ​ឱ្យ​បុក​ពេញទំហឹង​ដូច្នេះ ។

រីឯ​ស្រី្ត​អ្នក​បើករថយន្ដ​និយាយ​ថា រូប​នាង​មិន​មាន​កំហុស​ទេ​ ហើយ​ក៏​មិន​បានដឹង​ថា រថយន្ដ​កិន​មនុស្ស​ដែរ ទាល់តែ​គេ​មក​កាក់​រថយន្ដ​ឱ្យ​ឈប់​ទើប​ដឹង​ថា​ មាន​មនុស្ស​នៅ​ក្រោម​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ធ្វើការ​ដោះ ស្រាយ​នៅ​ពេល​ក្រោយ ៕