ខួប​អនុស្សាវរីយ៍​លើក​ទី​63​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​និង​ខួបកំណើត​កង​យោធពលខេមរភូមិន្ទ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ​និង​អន្តរជាតិ (​គជ​ប​អ​) បាន​ប្រកាស​ពី​ការ​ប្រារ​ព​ធ្វើ​ពិធី​បុណ្យខួប​លើក​ទី​៦៣ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កង​យោធពលខេមរភូមិន្ទ​នៅ​ថ្ងៃ​ទី​៩-១០-១១ ខែវិច្ឆិកា មុន​ថ្ងៃ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​២​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៦​នេះ ។

យោង​តាម​ផែនការ​ណែនាំ​របស់ គ​.​ជ​.​ប​.​អ លេខ​១៣/២០១៦ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ តុលា ថា «​ដើម្បី​សម្តែង​នូវ​ទឹកចិត្ត​សោមនស្ស​រីករាយ​ចំពោះទិវា​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំងមូល​ដណ្តើម​បាន​ទាំងស្រុង​មក​វិញ​ពី​អាណានិគមនិយម​បារាំង នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣នូវ​ឯករាជ្យ​ជាតិ​ដ៏​ពេញ​បរិបូណ៌ ក្រោម​ព្រះរាជ​បូ​ជនី​យ​កិច្ច​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម​នៃ​ព្រះករុណា​ព្រះបាទសម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វិ​រក្ស​ត្រ ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​» នឹង​រៀបចំ​ពិធី​នេះ​ឱ្យ​បាន​មហោឡារិក អធិកអធម​ក្រៃ​លែង ។

ក្នុង​ឱកាស​នោះ គ​.​ជ​.​ប​.​អ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់ចែង​រៀបចំ​ក្នុង​រូបភាព​មួយ​សម​ស្រប​ទៅ​នឹង​កិត្តិយស​ប្រទេស​ជាតិ ដោយ​មាន​ចាត់តាំង​មី​ទ្ទី​ញ មហាជន​នៅ​បរិវេណ​វិមាន​ឯករាជ្យ ក្រោម​ព្រះ​រាជាធិបតី​ភាព​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  និង​មានការ​យាង​ចូលរួម​ពី​សម្តេចព្រះ​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក មន្ត្រី​សង្ឃ ភ្ញៀវ​ជាតិ អន្តរជាតិ ស៊ី​វិល យោធា ប្រជារាស្ត្រ​យ៉ាងច្រើន​កុះករ ។

ក្រៅពី​នោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ ពិសេស​ក្រសួង​ព័ត៌មាន​ត្រូវ​ចាត់តាំង​ឱ្យ​មានកម្ម​វិធី​ផ្សព្វផ្សាយ​ខ្លឹមសារ និង​អត្ថន័យ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឱ្យ​បាន​ទូលំទូលាយ តាម​វិទ្យុ ទូរទស្សន៍​ជាតិ​និង​ឯកជន ស្តី​ពី​ព្រះរាជ​សកម្មភាព​របស់​ព្រះ​បរម​រតន​កោដ្ឋ កាល​មាន​ព្រះ​ជន្ម​គង់នៅ និង​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល និង​មានកម្ម​វិធី​ផ្សាយ​ផ្ទាល់​នូវ​ពិធី​ប្រទាន​ភ្លើង​ជ័យ​និង​ពន្លត់ភ្លើង​ជ័យ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ៕