​បើ​សម្លាប់គេហើយ ចង់រត់​ដល់ណា​ក៏មិនរួច ព្រោះ

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ​រហូត​មក​ទល់​ថ្ងៃ​ទី០​៥ ​តុលា​ នេះ សមត្ថកិច្ច​នៅ​តែប​ន្ត​ស្រាវជ្រាវរក​​ចាប់ខ្លួន​ជន​សង្ស័យ​​ចំនួន​៤​នាក់ដែល​កំពុង​គេចខ្លួន ​ក្រោយ​បង្ក​​ជម្លោះ​ហិង្សា ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ ​កាលពី​ថ្ងៃ​ទី​២៩ ​កញ្ញា កន្លងមក​​ស្ថិតនៅ​បរិវេណ​​វត្ត​អូរ​ប្ញស្សី​កណ្តាល ឃុំ​អូរ​ប្ញស្សី​កណ្តាល​ ស្រុក​សៀម​បូក​ ដែលត្រូវជា​​​កាន់​បិណ្ឌទី១៣នោះ ​។​ ទោះបីជាយ៉ាង​ណា ជនទាំង៤នាក់នោះ នឹងត្រូវចាប់ខ្លួនបាន ព្រោះស្គាល់អត្តសញ្ញាណអស់ហើយ ។

​ប្រភព​ឱ្យ​ដឹង​ថា ​នៅ​យប់​កើតហេតុ គឺមាន​​ជម្លោះ​វាយ​កាប់​គ្នា ​បណ្តាល​ឱ្យមាន​អ្នករង​របួសធ្ងន់​ និង​រត់គេច​ខ្លួន​។ ​ប្រភព​បន្ត​ថា​ក្រោយ​​ពី​កើតហេតុ​ ក្រុមគ្រួសារ​អ្នករង​របួស​បានដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ​តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ទើប​សម្រេច​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យរាជធានី​​ភ្នំពេញ ។​

តែ​ធ្វើ​ដំណើរ​ដល់​ខេត្ត​ត្បូងឃ្មុំ​ ត្រង់ចំណុច​ផ្លូវបំបែក​ព្រះ​ធាតុ​ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​លើ​រថយន្តតែម្តង ​។ ​ក្រោយមក ​ទើប​ដឹក​សព​ត្រឡប់​មក​វិញ​ប្រគល់​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្នុង​យប់​ថ្ងៃ​កើតហេតុ​ទី​២៩​កញ្ញា​២០១៦​នោះ​ដែរ ។ ​​ក្រោម​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ​ហើយ​ជំនាញ​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច័យ​រួចរាល់ ​។

​លោក ដួង ស៊ី​វុ​ត្ថា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឱ្យដឹង​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ជម្លោះ​ហិង្សា​មួយ ដែល​មាន​ជន​បង្ក៤​នាក់​ ព្រួត​គ្នា​វាយ​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើប្រាស់​កាំបិត ចបកាប់ និង​ដំបង​។​​​ក្រោយ​សកម្មភាព​វាយ​កាប់​គ្នា​នោះ ​ជន​បង្ក​បាន​រត់គេច​ខ្លួន​ ដោយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវ ច្បាប់​ផង​ដែរ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ប្ញស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បានឱ្យដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ឯក សំណាង ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ​។ រីឯ​ជនសង្ស័យ​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ហើយ ​​១-ឈ្មោះហ៊ាន សីហា ​អាយុ​២៥​ឆ្នាំ ២-ឈ្មោះ​អ៊ូ វី​រៈ ​​អាយុ​២៣​ឆ្នាំ ៣-ឈ្មោះ​ថុ​ង ហាច ​អាយុ​២៧​ឆ្នាំ និង​​៤-ឈ្មោះភុ​ន ពេជ្រ ភេទ​​អាយុ​២៥​ឆ្នាំ​ ​​ទាំង​បួន​នាក់​រស់នៅ​ភូមិអូរ​កណ្តៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​ ។​ ​