ទឹម រ​ដ្ឋា បាន​សង្សារ​ថ្មី​ជា​ជនបរទេស​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​របស់​នាង បន្ទាប់​ពី​ចំណងស្នេហា​ជាមួយ​បុរស​ប៉ា​គី​ស្ថាន​ដាច់ដោច ។

កញ្ញា​ទឹម រ​ដ្ឋា បាន​បង្ហាញ​រូបភាព​កៀកកើយ​ជាមួយ​គូស្នេហ៍​ថ្មី​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ទឹកដី​អង្គរ​ខេត្តសៀមរាប កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្រប​ពេល​ដែល​គូស្នេហ៍​ចាស់​របស់​នាង​ក៏​បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​របស់​ខ្លួន​ដែរ​។ គូស្នេហ៍​ថ្មី​របស់​ទឹម រ​ដ្ឋា គឺជា​ជនបរទេស មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ ។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ពន្លក​ស្នេហ៍​ថ្មី​របស់​តារា​សម្តែង​រាង​ស្គម​ខ្ពស់ស្រឡះ ទឹម រ​ដ្ឋា ចាប់ផ្តើម​នា​ពេល​ណា​ឡើយ ប៉ុន្តែ​បើ​តាម​រូបភាព​ស្និទ្ធស្នាល​នោះ​បង្ហាញ​ថា ចំណង​ស្នេហ៍​ថ្មី​របស់​ទឹម រ​ដ្ឋា ទំនងជា​ចាប់ផ្តើម​យូរ​ដែរ ហើយ​បន្ទាប់​ពី​នាង​ប្រកាស​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន ជាង​មួយ​ឆ្នាំ​មក ។

សង្សារ​របស់ ទឹម រ​ដ្ឋា មិនដឹង​ជា​ជនជាតិ​អ្វី និង​មានមុខ​របរ​អ្វី​នៅ​ក្នុងស្រុក ឬ​នៅ​ក្រៅ​ស្រុក​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា បុរស​ម្នាក់​នោះ​ឈ្មោះ Jovany Antonio ។

កញ្ញា​ទឹម រ​ដ្ឋា មិន​បាន​អធិប្បាយ​អ្វី​លម្អិត​ឡើយ​នៅ​ពេល​មានការ​ជជីក​សួរ​ពី​អ្នកគាំទ្រ បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​នោះ​ដោយ​នាង​គ្រាន់តែ​អះអាង​ដោយ​ខ្លី​ថា «បុរស​ម្នាក់​នេះ​តែងតែ​យល់​អារម្មណ៍​របស់​នាង អរគុណ​សម្រាប់​ការ​សរសើរ​» ។

មុន​ពេល​បង្ហាញមុខ​គូស្នេហ៍​ថ្មី​នេះ ទឹម រ​ដ្ឋា បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ឈ្មោះ Zak Ky ប៉ុន្តែ​បាន​ដាច់ដោច​ទៅ​វិញ​កាលពី​អំឡុង​ដើមឆ្នាំ​២០១៥ ។ មុន​ពេល​បែកបាក់​ទឹម រ​ដ្ឋា និង​សង្សារ​ជនជាតិ​ប៉ា​គី​ស្ថាន​រូប​នោះ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​រួម​ដំណើរ​ជាមួយ​គ្នា​ស្ទើរ​មិន​ដាច់​រយៈ​ចំពោះ​មុខ​សាធារណជន​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​នានា ។

កញ្ញា​ទឹម រ​ដ្ឋា ធ្លាប់​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ឈាន​ទៅ​ដល់​ការ​បែកបាក់​ពី​លោក Zak Ky គឺ​ដោយសារ​គេ​ប្រចណ្ឌ​រូប​នាង​ហួសហេតុ​ពេក ហើយ​តាម​នាង​ស្អិត ។ បន្ទាប់​ពី​ស្គាល់​បុរស​នោះ​មក​ការងារ​សិល្បៈ​របស់​នាង​មួយ​ចំនួន​ត្រូវ​កាត់​បន្ថយ ដោយ​គេ​ប្រចណ្ឌ​មិន​ឲ្យ​នាង​ចេញ​ទៅ​ណា​រួច​ឡើយ ហើយ​ជា រឿយ​ៗ​តែងតែ​កើត​ជម្លោះ​នឹង​គ្នា។ គេ​នឹង​រង់ចាំ​មើល​ថា ចំណង​ស្នេហ៍​ថ្មី​របស់​កញ្ញា​ទឹម រ​ដ្ឋា នឹង​ទៅ​ជា​យ៉ាងណា ៕