ប៉ូ​លី​ស​ចាប់ខ្លួន​ក្មេង​ទំនើង​៨​នាក់​អុកឡុក​ក្នុង​ពិធី​រាំ​ធុងបាស់

ប៉ូ​លី​ស​ចាប់ខ្លួន​ក្មេង​ទំនើង​៨​នាក់​អុកឡុក​ក្នុង​ពិធី​រាំ​ធុងបាស់



កំពង់ឆ្នាំង​: ក្មេង​ទំនើង​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​វាយ​ទៅ​ក្រុម​ជន​រង​គ្រោះ​មួយ​ក្រុម​ទៀត​មាន​គ្នា​៣​នាក់   បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង ម្នាក់​ទៀត​បាន​រង​របួសស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​វត្ត​សំរោង​ក​ង្រី ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ពោធិ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​វាយ​បណ្តាល​អោយ​រង​របួសធ្ងន់​រហូត​សន្លប់​នោះ ឈ្មោះ សួន ម៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង  និង​ម្នាក់​ទៀត​ដែល​រង​របួសស្រាល​ឈ្មោះ​ម៉ា គង់​សំ​អឿ​ន ភេទ​ប្រុស អា​យុយ​៣៥​ឆ្នាំ រស់​ភូមិ​ស្មែ​ត្រ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​។

ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​ជា​អ្នក​ចំងាយ បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើបុណ្យ និង ទៅ​លេង​នៅ​វត្ត​សំរោង​ក​ង្រី ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ពោធិ ស្រុក​កំពង់លែង ដែល​នៅ​ទីនោះ មាន​ដាក់​ធុងបាស់​រាំ​លេង​កំសាន្ត​ផង​ដែរ ។

ជន​រង​គ្រោះ​បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​បាន​ចូល​ទៅ​រាំ​បទ​រាំវង់​បាន​មួយ​បទ បន្ទាប់​មក​ទៀត​គេ​ចាប់ផ្តើម​ចាក់​បទ​ញាក់​ហើយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​រាំ​បន្ត​។​ក្នុង ពេល​នោះ​ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ដែល​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅ​ក្នុងភូមិ​ស្រុក​នេះ បាន​ព្រួត​គ្នា​ទៅ​ចាប់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​សួន ម៉ា វាយ​កណ្តាល​វង់​តែ​ម្តង រួច​ចាប់​អូស​មក​វាយ​នៅ​ក្រៅ​វង់​រហូត​ដល់​សន្លប់​បាត់ស្មារតី ។  ឃើញ​ដូចនេះ​ឈ្មោះ​ម៉ា គង់​សំ​អឿ​ន បាន​ស្ទុះ​ចូល​ទៅ​ជួយ ក៍​ត្រូវ​បក្ខពួក​ក្រុម​បង្ក​គប់​ត្រូវ​ពីរ​ដំ​ថ្ម​រង​របួសស្រាល ។

ប្រភព​បានអោយ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ក្រុម​ជន​បង្កក៍​នាំ​គ្នា​រត់ឡើង​ទៅ​កុដិ​លោក​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ហើយ​ក្រុម​ប្រជា​ការពារ​ភូមិ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ព័ទ្ធ​កុដិ​នោះ​មិន​អោយ​ក្រុម​ជន​បង្ក​រត់​រួច​ឡើយ  រួច​ទូរស័ព្ទ​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​ជួ​យន្ត​រាគ​មន៍ ។ ពេល​សមត្ថកិច្ច​ទៅ​ដល់ក៍​មិន​បាន​ចូល​ទៅ​ឃាត់​ជន​បង្ក​ទេ ព្រោះ​ដឹង​ថា​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​សាហាវ​ខ្លាំង​ណាស់​។​ប៉ុន្តែ​ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ទីនោះ​ដែរ​បាន​ចូល​ទៅ​ចាប់​ជន​បង្ក​បាន​ចំនួន​៨​នាក់​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង ។

ប្រភព​បានអោយ​ដឹង​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៨​នាក់​នេះ​មាន​៥​នាក់​មាន​គេ​កំពុង​រត់ការ​ដើម្បី​ធ្វើការ​ដោះ​លែងអោយ​រួច​ផុត​ពី​សំណាញ់​ច្បាប់ ដោយ​រៀបចំ​ឯកសារ​ថា​មិនមែន​ជា​ជន​ដៃដល់​ទៅ​វិញ​៕