មន្ត្រី​ការបរទេស​អាមេរិក​ថា​អ្នកទិញ​មិនចង់​បាន​ទំនិញ​ចេញ​ពីការ​រំលោភ​សិទ្ធ​ការងារ

លោកស្រី Sarah Fox ឲ្យដឹងថា ការអនុវត្តសិទ្ធិពលកម្មការងារ ដែលមានស្តង់ដាទទួលស្គាល់ជាសកល អាចជួយទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា ដោយសារពួកគេចង់វិនិយោគក្នុងប្រទេសដែលសិទ្ធិពលកម្មការងារ ត្រូវបានការពារដោយច្បាប់ ។

ភ្នំពេញ — លោកស្រី Sarah Fox តំណាងពិសេសទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិនៃសហរដ្ឋ អាមេរិក នាថ្ងៃអង្គារ ទី១០ ខែតុលានេះ បានអំពាវនាវឲ្យកម្ពុជាអនុវត្តតាមស្តង់ដា (បទដ្ឋាន) សិទ្ធិពលកម្មការងារអន្តរជាតិ ដែលកំណត់ដោយអង្គការពលកម្មពិភពលោក (ILO)។

Loading...

លោកស្រីឲ្យដឹងថា ការអនុវត្តសិទ្ធិពលកម្មការងារ ដែលមានស្តង់ដាទទួលស្គាល់ជាសកល អាចជួយទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា ដោយសារពួកគេចង់វិនិយោគក្នុងប្រទេសដែលសិទ្ធិពលកម្មការងារ ត្រូវបានការពារដោយច្បាប់ ។

«ខ្ញុំគិតថាជាទូទៅ នៅពេលម្ចាស់ម៉ាកផលិតផលធ្វើការសម្រេចចិត្តថាតើគេគួរដាក់ផលិតផលគេឲ្យផលិតនៅក្នុងប្រទេសណាមួយនោះ គេប្រាកដជាគិតដល់អ្វីដែលនៅពីក្រោយការផលិតនោះជាមិនខាន។ ហើយដើម្បីឲ្យកម្ពុជា ក្លាយជាទីផ្សារមួយនៃទីផ្សារអន្តរជាតិ សម្រាប់ផលិតផលម៉ាកនោះ ការគោរពសិទ្ធិពលកម្ម និងការងារ គឺជារឿងសំខាន់ ដែលកម្ពុជាគួរបន្តធ្វើកិច្ចការទាំងឡាយណាដែលអាចរក្សាកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជាបាន»។

លោកស្រី Sarah Fox ថ្លែងបន្តទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ យ៉ាងដូច្នេះថា៖ «យើងជឿថាការប្រកាន់ខ្ជាប់ទៅនឹងស្ដង់ដារពលកម្មអន្តរជាតិ គឺជាចំណែកសំខាន់ណាស់ក្នុងការជួយកសាងសង្គមមួយឲ្យកាន់តែប្រសើរ។ ការបែងចែកនូវផលចំណេញ ដើម្បីរីកចម្រើនជាមួយគ្នានោះ ក៏ជាការរួមចំណែកជួយឲ្យសង្គមមួយមានស្ថេរភាព សន្តិសុខ និងសន្តិភាពផងដែរ»។

នៅក្នុងទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅក្នុងប្រទេសកម្ពុជា លោកស្រី Sarah Fox បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា តំណាងអង្គការពលកម្មអន្តរជាតិ តំណាងភាគីនិយោជក និងតំណាងកម្មករសហជីព ដើម្បីពិភាក្សាអំពីការគោរពសិទ្ធិការងារនៅកម្ពុជា និងដើម្បីស្វែងយល់ពីបរិយាកាសពលកម្មការងារនៅកម្ពុជា។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ឲ្យដឹងថានៅក្នុងជំនួបរវាងតំណាងសហជីព និងលោកស្រី Sarah Fox នេះ បានលើកភាពចម្រូងចម្រាស់ចំនួន៣សំខាន់។

«ទី១ គឺធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលកាត់បន្ថយឲ្យបានច្រើន ចំពោះអ្នកធំនិងមន្ត្រីដែលជាខ្នងបង្អែករបស់ក្រុមហ៊ុនធំៗដែលធ្វើឲ្យក្រុមហ៊ុនអាង ហើយមិនគោរពច្បាប់ដោយសារមានខ្នងបង្អែក។ ទី២ ចំពោះច្បាប់សហជីព ធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នា និងកែប្រែចំណុចណាដែលជាឧបសគ្គខ្លាំងដល់សហជីពនោះត្រូវធ្វើវិសោតនកម្ម។ ទី៣ ជំរុញឲ្យតុលាការដកបណ្តឹង ឬដកការចោទប្រកាន់លើមេដឹកនាំសហជីព ដែលគេទុកចាំតែគំរាម»។

កាលពីសប្តាហ៍មុន គណៈកម្មការប្រឹក្សាការងារ ប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាជាផ្លូវការត្រឹម១៥៣ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧។ ការដំឡើងប្រាក់ឈ្នួលចំនួន១៣ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០១៧នេះ ធ្វើឡើង ក្រោយ មានកិច្ចពិភាក្សាជាមួយក្រុមការងារត្រីភាគីគឺភាគីរដ្ឋាភិបាល តំណាងសហជីពកម្មករ និងតំណាងនិយោជក ព្រមទាំងការបន្ថែមប្រាក់ចំនួន៥ដុល្លារទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ជុំវិញការតម្លើងប្រាក់ឈ្នួលអប្បបរមានេះ លោក អាត់ ធន់ បានបន្ថែមថា ភាគីសហជីពក៏បានលើកជាសំណូមពរដល់រដ្ឋាភិបាលតាមរយៈ លោកស្រី Sarah Fox ស្នើឲ្យរដ្ឋាភិបាលទប់ស្កាត់ការកើនឡើងតម្លៃទំនិញទីផ្សារ ដែលអាចប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់កម្មករ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ឲ្យដឹងថានៅក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង និងលោកស្រី Sarah Fox នាព្រឹកថ្ងៃនេះ អ្នកទាំង២បានពិនិត្យទៅលើការវិវត្តន៍នៃបរិយាកាសទូទៅ និងលក្ខខណ្ឌការងារនៅកម្ពុជា រាប់បញ្ជូលទាំងការអនុវត្តច្បាប់សហជីព និងការតម្លៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករផងដែរ។ ហើយលោកស្រី Sarah Fox ក៏បានពាំនាំកង្វល់សំខាន់ៗ របស់ភាគីសហជីពមកដល់ក្រសួងការងារផងដែរ។

លោកហេង សួរ ឲ្យដឹងបន្តថា សហរដ្ឋអាមេរិកនៅតែបន្តជួយជំរុញកម្ពុជាឲ្យគោរពលក្ខខណ្ឌការងារ ស្តង់ដាអន្តរជាតិថែមទៀតផង។

«សហរដ្ឋអាមេរិកគឺនឹងបន្តគាំទ្រកម្ពុជា ក្នុងការគោរពលក្ខខណ្ឌការងារ ស្តង់ដាអន្តរជាតិនេះ ជំរុញឲ្យអ្នកវិនិយោគសហរដ្ឋអាមរិក ក៏ដូចជាប្រេន (យីហោ) មកពីសហរដ្ឋអាមេរិកនេះ គឺនឹងបន្តបញ្ជាទិញពីកម្ពុជាបន្តទៀត»។

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី២នៅកម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប សម្រាប់ការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជា ដែលផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាប្រហែល៧០ម៉ឺននាក់ និងបង្កើតចំណូលជាង៥ពាន់លានដុល្លារក្នុង១ឆ្នាំៗ។

មុនពេលលោកស្រី Sarah Fox តំណាងពិសេសទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិនៃសហរដ្ឋអាមេរិករូបនេះ បានមកដល់កម្ពុជា លោកស្រីក៏បានធ្វើដំណើរទៅកាន់ប្រទេសភូមាផងដែរ។ នៅក្នុងប្រទេសភូមា លោកស្រី ក៏បានចូលរួមពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តន៍សិទ្ធិការងារជាមូលដ្ឋាននៅប្រទេសភូមា ជួយធ្វើទំនើបកម្មដល់ក្រមពលកម្មរបស់ប្រទេសភូមា និងជំរុញឲ្យមានការពិភាក្សាយ៉ាងសកម្មរវាងភាគីពាក់ព័ន្ធផងដែរ៕

ប្រភព៖ VOA