ហាប់​គី​ដូ​កម្ពុជា រុះ​រើ​ថ្នាក់​ដឹក​នាំ​ថ្មី សម្រាប់​បន្ដ​ការ​ងារ​អាណាត្តិ​ទី​៦

(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់របស់ខ្លួន ឆ្នាំ២០១១-២០១៥ និងបង្ហាញពីសមាសភាពរបស់សមាជិកប្រតិបត្តិថ្មី ដែលត្រូវបានរុះរើផ្លាស់ប្ដូរទាំងស្រុង ដើម្បីបន្ដការងារដឹកនាំក្នុងអាណត្តិថ្មី អាណត្តិទី៦ ឆ្នាំ២០១៦-២០២០។

k

មហាសន្និបាតនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដើម្បីចូលរួមធ្វើជាសាក្សីក្នុងការផ្លាស់ប្ដូរមុខតំណែងសមាជិកថ្មី របស់សហព័ន្ធខ្មែរកីឡាហាប់គីដូខាងលើ រួម​ទាំង​វាយ​តម្លៃ​ពី​ស​មិទ្ធ​ផល​កន្លង​មក​របស់​កីឡា​នេះ​ផង​ដែរ​។
សម្រាប់​សមា​ជិក​ថ្មី​គឺ​មាន ៨រូប រួមមានលោក ម៉ក់ សំអុល ជាប្រធាន, លោក ជា ប៊ុនហេង ហុង ស៊ុនហេង និងលោក សៅ សេងហាក់ ជាអនុប្រធាន, លោក គង់ ចាន់ធីណា ជាអគ្គលេខាធិការ, លោក ស៊ុយ វឌ្ឍី និងលោក ហៅ គឹមឡុង ធ្វើជាអគ្គហិរញឹក និងអគ្គហិរញឹករង រួមទាំងលោក ពុំ ណាង និងលោក ឡាច ស្រីវីរិន្ទ ជាសមាជិក។

k

ចំពោះសមាជិកប្រតិបត្តិចាស់ ដែលបានលាឈប់ពីសហព័ន្ធនេះ រួមមានលោក សេង ប៊ុនសុង ជាប្រធាន, លោក គឹម ច័ន្ធមន្នី និងលោក អេង ហ៊ី ធ្វើជាអនុប្រធាន, លោក ទេព ភក្ដី អគ្គលេខាធិការរង, លោក សូ សំណាង និងលោក ជុប មេត្ដា ជាអគ្គហិរញឹក និងអគ្គហិរញឹករង រួមទាំងលោក កន ពេញសុង និងលោក ថោង សុគុណ្ណា ធ្វើជាសមាជិក។

k

ទន្ទឹមជាមួយគ្នានោះលោក សេង ប៊ុនសុង អតីតប្រធានសហព័ន្ធចាស់ ក៏បានបញ្ជាក់ជុំវិញការលាឈប់ពីតួនាទីជាប្រធានសហព័ន្ធផងដែរ គឺដោយសារលោកមានធុរៈកិច្ចច្រើនមិនអាចបំពេញការងារដិតដល់ ប៉ុន្ដែលោកបានមិនបោះបង់ការរួមចំណែកជួយកីឡានេះឲ្យមានសកម្មភាពបន្ដក្នុងប្រទេសកម្ពុជានោះទេ។ ជារួមគឺលោកបានប្ដេជ្ញាចិត្តនៅជាមួយសមាជិកប្រតិបត្តិថ្មី ដើម្បីបន្ដការងារមួយចំនួន ដែលលោកអាចជួយបាន។

ដោយឡែកលោក ម៉ក់ សំអុល បានលើកឡើងថា ដោយទទួលបានគាំទ្រធ្វើជាប្រធានសហព័ន្ធសមាជិក លោកបានដាក់គោលដៅ នឹងបន្ដដឹកនាំការងារអភិវឌ្ឍន៍កីឡានេះឲ្យរីកចម្រើន ដើម្បីបណ្ដុះបណ្ដាលគ្រូ ចៅក្រម អាជ្ញាកណ្ដាល ពិសេសកីឡាករ-កីឡាការិនី ដើម្បីបានឈានទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ និងដណ្ដើមបានមេដាយកិត្តិយសជូនជាតិដូចប្រទេសកីឡាដទៃទៀតផងដែរ ។

ថ្លែងក្នុងឱកាសនោះលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ហាប់គីដូ គឺជាប្រភេទកីឡាយុទ្ធសិល្ប៍មួយ ដែលមនុស្សជំនាន់មុននិយមហាត់ ដើម្បីការពារខ្លួន ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកហាត់កីឡានេះមានការធ្លាក់ចុះច្រើន ដោយមកទល់បច្ចុប្បន្នមានព្រឹទ្ធាចារ្យតិចបំផុត ដែលមានកម្រិតខ្សែក្រវាត់ខ្ពស់។ ដូច្នេះលោកបានអំពាវនាវដល់អ្នកនិយមលេងកីឡាទាំងអស់ ចូលរួមគាំទ្រ និងហាត់កីឡានេះឲ្យបានច្រើន ព្រោះហាប់គីដូ ក៏ចាត់ទុកជាកីឡាគុនបុរាណមួយផងដែរ៕

ប្រភពពី khertaliking

The post ហាប់​គី​ដូ​កម្ពុជា រុះ​រើ​ថ្នាក់​ដឹក​នាំ​ថ្មី សម្រាប់​បន្ដ​ការ​ងារ​អាណាត្តិ​ទី​៦ appeared first on CamboSport.